នៅថ្ងៃបិទបញ្ចប់អង្គភាពប្រឆាំងអំពើពុករលួយទទួលបានលិខិតប្រកាសទ្រព្យសម្បត្តិជាងពីរម៉ឺន ច្បាប់ពីគ្រប់ក្រសួង ស្ថាប័ន និង រាជធានី-ខេត្ត

អត្ថបទដោយ៖
CPA

ភ្នំពេញ៖នៅថ្ងៃបិទបញ្ចប់ អង្គភាពប្រឆាំងអំពើពុករលួយឬអ.ប.ព (ACU) បានទទួលលិខិតប្រកាសទ្រព្យសម្បត្តិនិងបំណុលរបស់ មន្ត្រីរាជការប្រមាណ ២២.០០០ច្បាប់ ពីគ្រប់ក្រសួង ស្ថាប័ន និងរាជធានី-ខេត្ត ក្នុងយុទ្ធនាការទទួលឯកសារប្រកាស ទ្រព្យ សម្បត្តិ មន្ត្រីកម្ពុជារយៈពេលមួយខែ ពេញរបស់ខ្លួនតាមរបបពីរឆ្នាំ នៃឆ្នាំ២០២៣។

យោងតាមសេចក្តីជូនដំណឹងពីអង្គភាពប្រឆាំងអំពើពុករលួយនៅថ្ងៃទី៣១ ខែមករា បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២៣ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអ.ប.ព បានទទួលលិខិតប្រកាសទ្រព្យសម្បត្តិនិងបំណុលរបស់មន្ត្រីរាជការពីគ្រប់បណ្តាក្រសួង ស្ថាប័ន រាជធានី-ខេត្ត ចំនួន ២២ ៥៦៥ ច្បាប់ ដែលបានបិទបញ្ចប់ការប្រកាសជាស្ថាពរពីក្រសួងចំនួន ២៥ និងគ្រប់ ២៥រាជធានី-ខេត្ត ។

សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា៖ «ការទទួលឯកសារប្រកាស ទ្រព្យសម្បត្តិ និងបំណុល តាមរបប ០២ឆ្នាំ ពីថ្ងៃទី០១-៣១ មករា ឆ្នាំ២០២៣ គឺអនុវត្តតាម សេចក្តីជូនដំណឹង ស្តីពីការបរិច្ឆេទទទួល ឯកសារប្រកាសសម្បត្តិ និងបំណុល លេខ ០០៥/២២ ស.ជ.ណ ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២»។

បើតាមការបញ្ជាក់ឱ្យដឹងពីលោក ញីវ បញ្ញារិទ្ធ ប្រធាននាយកដ្ឋាន ប្រកាសទ្រព្យសម្បត្តិ និងបំណុល បានឱ្យដឹងថា ថ្ងៃទី៣១ ខែមករា នេះ ជាថ្ងៃចុងក្រោយនៃការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបបពីរឆ្នាំ ឆ្នាំ២០២៣ ក្រុមការងារនាយកដ្ឋាន ប្រកាសទ្រព្យសម្បត្តិ និងបំណុលបើកទ្វារទទួលឯកសារប្រកាស ទ្រព្យសម្បត្តិ និងបំណុល រហូតដល់ម៉ោង១២ យប់។

លោកក៏បានអំពាវនាវឱ្យបុគ្គលដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល ប្រញាប់មកធ្វើការប្រកាសឱ្យបានទាន់ពេល។ ករណីមិនបានបំពេញកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល នឹងត្រូវប្រឈមចំពោះមុខច្បាប់។

សូមជម្រាបជូនផងដែរ កម្ពុជាជាប់ចំណាត់ថ្នាក់ទី១៥០ ក្នុង ចំណោម ប្រទេសទាំង ១៨០ លើសន្ទស្សន៍កម្រិតអំពើពុករលួយ ប្រចាំឆ្នាំ២០២២ ដែលចាត់ថ្នាក់ដោយអង្គការតម្លាភាពអន្តរជាតិ ខណៈជាតួលេខប្រសើរជាងឆ្នាំ២០២១ ដែលកម្ពុជាជាប់ចំណាត់ ថ្នាក់លេខ១៥៧ ពោលគឺល្អជាងមុន ៧លេខ៕
ដោយ៖សំបាន ច័ន្ទដារ៉ា

ads banner