បាតុកររាប់លាននាក់ប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងនឹងកំណែទម្រង់ច្បាប់សោធននិវត្តន៍របស់លោក ម៉ាក្រុង
ប៉ារីស៖ ក្រសួងមហាផ្ទៃបារាំងបានបញ្ជាក់ថា ក្រុមអ្នកតវ៉ាប្រឆាំងនឹងផែនការរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ដើម្បីធ្វើកំណែទម្រង់ប្រព័ន្ធសោធននិវត្តន៍ បានប្រមូលផ្តុំគ្នានៅថ្ងៃអង្គារសប្តាហ៍នេះ ដោយមានមនុស្សជាង ១.២៧លាននាក់ដើរដង្ហែក្បួនតវ៉ានៅតាមដងផ្លូវ។
ចំនួនបាតុករបានកើនឡើងបន្តិច បើធៀបនឹងការតវ៉ាជុំទីមួយកាលពីថ្ងៃទី១៩ ខែមករា ដោយដាក់សម្ពាធលើរដ្ឋាភិបាលរបស់លោក ម៉ាក្រុង ដែលកំពុងតស៊ូដើម្បីបញ្ចុះបញ្ចូលអ្នកបោះឆ្នោតអំពីតម្រូវការសម្រាប់ការផ្លាស់ប្តូរនេះ។
លោកស្រី Patricia Drevon មកពីសហជីព Force Ouvriere បានប្រាប់សន្និសីទសារព័ត៌មានរួមគ្នាជាមួយមេដឹកនាំការងារផ្សេងទៀតកាលពីល្ងាចថ្ងៃអង្គារសប្តាហ៍នេះថា រដ្ឋាភិបាលត្រូវតែស្តាប់ការបដិសេធដ៏ធំនៃគម្រោងនេះ ហើយដកវាចេញជាបន្ទាន់។
កូដកម្ម និងការតវ៉ាពីរថ្ងៃទៀតត្រូវបានប្រកាសសម្រាប់សប្តាហ៍ក្រោយនៅថ្ងៃអង្គារ និងថ្ងៃសៅរ៍។ បាតុកម្មនៅក្នុងថ្ងៃអង្គារសប្តាហ៍នេះមានសន្តិភាព ប៉ុន្តែការប៉ះទង្គិចគ្នាបន្តិចបន្តួចបានផ្ទុះឡើងនៅទីក្រុងប៉ារីស នៅពេលរសៀលរវាងពួកអនាធិបតេយ្យ និងសកម្មជនឆ្វេងនិយម និងប៉ូលីស។ ប៉ូលិសបាននិយាយថា ពួកគេបានចាប់ខ្លួនមនុស្ស ១៨នាក់។
គួរបញ្ជាក់ថា ផែនការរបស់លោក ម៉ាក្រុង ក្នុងការបង្កើនអាយុចូលនិវត្តន៍ពី ៦២ឆ្នាំ ទៅ ៦៤ឆ្នាំនៅត្រឹមឆ្នាំ២០៣០ គឺជាគោលការណ៍សំខាន់នៃអាណត្តិទីពីររបស់គាត់ នៅក្នុងមុខតំណែងដែលគាត់បានការពារកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ជារឿង “សំខាន់” ក្នុងការដោះស្រាយឱនភាពនៅឆ្នាំខាងមុខនេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា

