នគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួច ដកហូតបានវត្ថុតាងមួយចំនួន
ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌឫស្សីកែវ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួច ដកហូតបានវត្ថុតាងមួយចំនួន នៅវេលាម៉ោង ០១ និង ១៥នាទីរំលងអាធ្រាតឆ្លងចូលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចផ្លូវជាតិលេខ៥ ក្រុមទី៨ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។
លោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ជនសង្ស័យឈ្មោះ សុ វណ្ណី ហៅអានី ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង សង្កាត់ទួលសង្កែទី១ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន គ្មានកូវីដ)។ សម្ភារះដកហូតរួមមាន៖ ដែកសំប៉ែតកែឆ្នៃសំរាប់កាច់សោករម៉ូតូចំនួន១, សោខ្សៀ និងសោជញ្ជៀនលេខ៨ចំនួន០២, ទួរវីសចំនួន០១, ដែកលួសកែឆ្នៃមួយកំណាត់សំរាប់ឆ្កឹះសោទ្វារផ្ទះ, ឧបករណ៍សំរាប់កាត់កញ្ចក់ចំនួនមួយ, ផ្លែកាំបិតចំនួន០២, កូនសោម៉ូតូចំនួន០៣, ស្រោមដៃ ១គូ, ខ្សែភ្លើងសំរាប់កូវអាគុយចំនួន០១។
លោកអធិការបានបន្តថា មុនពេលកើតហេតុកំលាំងល្បាត បានឃើញជនសង្ស័យឈ្មោះ សុ វណ្ណី ដើរមកកន្លែងកើតហេតុខាងលើ បំរ៉ុងចូលធ្វើសកម្មភាពលួច ក៏បានជួបនិងសមត្ថកិច្ច ហើយក៏បានឃាត់ត្រួតពិនិត្យ ឃើញមានសំភារះខាងលើ ក៏បានឃាត់ខ្លនកសាងសំណុំរឿងចាត់ការតាមនិតិវិធី ៕ ដោយ ស៊ូ ប៊ុនធី

