ឯកឧត្តម ស សុខា៖ ជិត១០ឆ្នាំមកនេះ ការធ្វើកំណែទម្រង់ជាបន្តបន្ទាប់នៃវិស័យអប់រំនៅកម្ពុជា បានធ្វើឲ្យមានការផ្លាស់ប្តូរសមត្ថភាព គុណភាពសិស្សជាវិជ្ជមាន គួរឲ្យមោទនៈ
ខេត្តបាត់ដំបង៖ នៅក្នុងឱកាសអញ្ជើញប្រគល់ម៉ូតូជូនសិស្សនិទ្ទេសA និងចែកអំណោយជូនពលរដ្ឋ ក្រីក្រចំនួន ៥០០គ្រួសារនៅខេត្តបាត់ដំបង កាលពីល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ក្រោមវត្តមានលោកជំទាវ ញ៉ែម សាខន សខេង និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា បើគិតចាប់តាំងពីឆ្នាំ២០១៤ មក គឺមានរយៈពេលជិត១០ឆ្នាំហើយ ដែលក្រសួងអប់រំ យុវជន និងកីឡាបានចាប់ផ្តើមធ្វើកំណែទម្រង់ទៅលើវិស័យអប់រំ ពិសេសការរឹតបន្តឹងនៅពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។
ឯកឧត្តមបានបន្តថា៖ ជិត១០ឆ្នាំនេះ យើងបានឆ្លងកាត់នូវឧបសគ្គ ក៏ដូចជាបទពិសោធយ៉ាងច្រើនដែលជាមេរៀនដ៏ល្អសម្រាប់ការអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជាយើងបន្តទៀត ដើម្បីឈានទៅបណ្តុះបណ្តាលនូវធនធានមនុស្សដែលពោរពេញដោយសមត្ថភាព ជាពិសេសអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងក្នុងតំបន់ ក៏ដូចជាបណ្តាប្រទេសរីកចម្រើនដទៃទៀត នៅលើពិភពលោក។
ឯកឧត្តម ស សុខា ក៏បានគូសបញ្ជាក់ដែរថា លទ្ធផលដែលយើងទទួលបាននៅពេលនេះ គឺពិតជាពុំអាចកើតមាននោះឡើយ ប្រសិនបើមិនមានការចូលរួមសហការគ្នាពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចជាស្ថាប័នពាក់ព័ន្ធ រួមទាំងវិស័យឯកជនទេនោះ ជាពិសេសរឹតតែមិនអាចកើតមានទៅទៀត ប្រសិនបើប្រទេសជាតិរបស់យើង ពុំមានសុខសន្តិភាពពេញលេញបរិបូរណ៍និងក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នាពេលបច្ចុបន្ននេះ។
តាមរបាយការណ៍របស់ឯកឧត្តម សុខ លូអភិបាលខេត្តបាត់ដំបង បានឲ្យដឹងថា៖ សិស្សនិទ្ទេស A នៅទូទាំងខេត្តបាត់ដំបង សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២១-២០២២ នាសម័យប្រឡងថ្ងៃទី៥ ខែធ្នូឆ្នាំ២០២២មានចំនួន៥៤នាក់ ដែលត្រូវទទួលបានម៉ូតូ ក្នុងម្នាក់ៗចំនួន ១គ្រឿង ដែលជាអំណោយរបស់សម្តេចក្រឡាហោម សខេង និងលោកជំទាវ។
ដោយឡែកចំពោះប្រជាពលរដ្ឋដែលជួបការខ្វះខាតផ្នែកជីវភាពទាំង៥០០គ្រួសារ ក្នុងក្រុងបាត់ដំបងនិងទទួលបានអំណោយ ដោយក្នុង១គ្រួសារទទួលបាន អង្ករចំនួន ៥០គីឡូក្រាម, ទឹកត្រីទឹកស៊ីអ៊ីវ , ត្រីខកំប៉ុង , មី, និងថវិកាចំនួន ៥ម៉ឺនរៀល ៕ អ៊ុក សំអាន


