ប្រមុខការទូតអាមេរិកបន្លឺសម្លេងសោកស្តាយ ចំពោះការបាត់បង់ជីវិតជនស្លូតត្រង់ប៉ាឡេស្ទីន
រ៉ាម៉ាឡា៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន នៅថ្ងៃអង្គារសប្តាហ៍នេះ បានសម្តែងការសោកស្ដាយចំពោះជនជាតិប៉ាឡេស្ទីនស្លូតត្រង់ដែលត្រូវបានសម្លាប់នៅក្នុងរយៈពេលជាច្រើនខែ នៃអំពើហិង្សាកើនឡើងនៅតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល។
ដើម្បីជំរុញឱ្យភាគីទាំងពីរ (អ៊ីស្រាអែល-ប៉ាឡេស្ទីន) ទប់ស្កាត់ការបង្ហូរឈាមបន្ថែមទៀតនោះ ប្រមុខការទូតអាមេរិករូបនេះ បានជួបពិភាក្សាជាមួយប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាម៉ូដ អាបាស់ នៅទីក្រុងរ៉ាម៉ាឡា នៃតំបន់ West Bank ដែលនេះជាការឈប់សំចតចុងក្រោយ នៃដំណើរទស្សនកិច្ចនៅតំបន់មជ្ឈិមបូព៌ារបស់គាត់ បន្ទាប់ពីកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ និងគណៈរដ្ឋមន្ត្រីអ៊ីស្រាអែល។
ជាមួយគ្នានេះ លោក ប្លីងគែន បានជំរុញឱ្យអាជ្ញាធរប៉ាឡេស្ទីន បង្កើនការទទួលខុសត្រូវរបស់ខ្លួន។ ចំណែកលោក អាបាស់ បានប្រាប់លោក ប្លីងគែន វិញថា អ៊ីស្រាអែលគឺជាអ្នកទទួលខុសត្រូវចំពោះអ្វីដែលកំពុងកើតឡើងសព្វថ្ងៃនេះ។
គួរបញ្ជាក់ថា ជនជាតិប៉ាឡេស្ទីនចំនួន ៣៥នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នា ជាមួយកងកម្លាំងអ៊ីស្រាអែលក្នុងខែមករាតែមួយ ដែលជាខែដ៏បង្ហូរឈាមបំផុតចាប់តាំងពីឆ្នា២០១៥ ខណៈដែលការបំពានលើទ្រព្យសម្បត្តិរបស់ប៉ាឡេស្ទីន ពីសំណាក់ជនជាតិអ៊ីស្រាអែលដែលមកតាំងទីលំនៅក៏បានកើនឡើងផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា


