លោក ចូ បៃដិន ថា នឹងពិភាក្សាអំពីសំណើសព្វាវុធរបស់អ៊ុយក្រែនជាមួយលោក ហ្សេលេនស្គី
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក្នុងថ្ងៃអង្គារសប្តាហ៍នេះ បាននិយាយថា គាត់នឹងពិភាក្សាលើសំណើចុងក្រោយបង្អស់របស់អ៊ុយក្រែនសម្រាប់សព្វាវុធទំនើបដើម្បីការពារប្រឆាំងនឹងរុស្ស៊ី ជាមួយនឹងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។
លោក បៃដិន បានប្រាប់អ្នកយកព័ត៌មានថា ពួកយើងនឹងមានការពិភាក្សាគ្នាមួយ ខណៈការថ្លែងបែបនេះកើតមានឡើងបន្ទាប់ពីគាត់បានឆ្លើយដោយសង្កត់ធ្ងន់ថា “ទេ” នៅពេលត្រូវបានសាកសួរនៅឯសេតវិមាន ថាតើគាត់ពេញចិត្តក្នុងការបញ្ជូនយន្តហោះចម្បាំង F-16 ទៅកាន់អ៊ុយក្រែនដែរឬទេ។
គិតមកទល់ពេលនេះ សហរដ្ឋអាមេរិកគឺជាអ្នកផ្គត់ផ្គង់សព្វាវុធដ៏ធំបំផុតដល់អ៊ុយក្រែន ដែលការឈ្លានពានរបស់រុស្ស៊ីឥឡូវនេះកំពុងខិតជិតដល់រយៈពេលមួយឆ្នាំហើយ។ សម្ព័ន្ធនៃបណ្តាប្រទេសលោកខាងលិចផ្សេងទៀតក៏កំពុងបញ្ជូនអាវុធដល់អ៊ុយក្រែនផងដែរ ចាប់ពីកាំភ្លើងរហូតដល់រថពាសដែក និងកាំភ្លើងធំ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា

