ការសាងសង់អគារមន្ទីរពេទ្យតម្លៃ ១០លានដុល្លារ នៅស្រុកកោះធំខេត្តកណ្ដាល សម្រេចជាង ៨០ភាគរយ
ភ្នំពេញ៖ ការសាងសង់អគារមន្ទីរពេទ្យតម្លៃ១០លានដុល្លារអាមេរិកនៅ ស្រុកកោះធំ ខេត្តកណ្ដាលសម្រេចបានជាង៨០ភាគរយ។នេះជា មន្ទីរពេទ្យដែលធំជាងគេនៅតាមបណ្ដាស្រុកនានាក្នុងខេត្ត ដែលមាន ការជួយជ្រោមជ្រែងពីឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុនចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជ រដ្ឋាភិបាលចុះជួយស្រុកកោះធំ។
ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា អគារមន្ទីរពេទ្យតេជោសែនកោះធំ សម្រេចបានប្រមាណ ៨០.៥១ភាគរយ គិតត្រឹម ខែមករាកន្លងទៅ។ឯកឧត្តមបានបញ្ជាក់ថា ៖«គម្រោងសាងសង់អគារថ្មីនៃមន្ទីរពេទ្យតេជោ សែនកោះធំនេះ គឺរៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់លោក ដើម្បីឆ្លើយ តប ទៅនឹងតម្រូវការជាក់ស្តែង និងសមស្របតាមកម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាល និងចក្ខុវិស័យសម្រាប់អភិវឌ្ឍជាតិរបស់ប្រមុខរដ្ឋាភិបាល ដែលផ្តោតយកចិត្តទុកដាក់លើសុខមាលភាពរបស់ប្រជាពលរដ្ឋនៅតំបន់នេះ»។
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកោះធំរូបនេះបានឱ្យដឹងដែរថា មន្ទីរពេទ្យនេះសាងសង់ឡើងដោយថវិកាបានមកពីការចូលរួមវិភាគ ទានរបស់សប្បុរសជនក្នុងស្រុកទាំងអស់ ដោយរួមសហការជាមួយ នឹង មន្ទីរពេទ្យកាល់ម៉ែត្រដែលគ្រោងចំណាយថវិកាសរុបប្រមាណ១០លានដុល្លារអាមេរិក។ ក្នុងនោះការសាងសង់រចនាសម្ព័ន្ធអគារមន្ទីរពេទ្យគ្រោងចំណាយ ប្រមាណ៦,២លានដុល្លារនិងការបំពាក់សម្ភារបរិក្ខារពេទ្យគ្រោងចំណាយទឹកប្រាក់ពី៤ ទៅ ៥លានដុល្លារថែមទៀត។
បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងសាងសង់ អគារថ្មីនេះ គឺស្ថិតលើផ្ទៃដី ប្រមាណ ១,៣ហិកតា មានអគារថ្មីចំនួន បីខ្នង ក្នុងនោះរួមមាន៖ ១.អគារមន្ទីរពេទ្យ ចំនួន ០១ខ្នង មាន៣ជាន់ ដែល ជាន់ ផ្ទាល់ដីមានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ ជាន់ទី១មានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ និងជាន់ទី២ មានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០.៥៤៤,៤ ម៉ែត្រការ៉េ ២.អគារមន្ទីរពេទ្យខាងឆ្វេង ចំនួន ០១ខ្នង មាន០២ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ ៥០០ម៉ែត្រការ៉េ និងជាន់ទី១មានទំហំ ៥០០ ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០០០ ម៉ែត្រការ៉េ និងទី៣. អគារខាងស្តាំចំនួន០១ខ្នង មាន០២ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ៥០០ម៉ែត្រការ៉េ និងជាន់ទី១ មានទំហំ៥០០ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០០០ ម៉ែត្រការ៉េ។ អគារទាំង ៣ខាងលើនេះ អាចផ្ទុកគ្រែអ្នកជំងឺបានចំនួន ១៥០ គ្រែ ដែលបានបំពាក់ដោយម៉ាស៊ីនត្រជាក់ សម្ភារបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗបម្រើឱ្យការព្យាបាល។
កាលពីពេលកន្លងមក ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោនាយក រដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានលើកឡើងថា មន្ទីរពេទ្យដែលត្រូវប្រសិទ្ធនាម ថាមន្ទីរពេទ្យតេជោសែនកោះធំ នឹងក្លាយជាមន្ទីរពេទ្យមានទីតាំងផ្តល់សេវា សុខាភិបាលសាធារណៈជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៦០ម៉ឺននាក់ ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ។ ជាពិសេស ចំពោះពលរដ្ឋអ្នក ស្រុកកោះ នឹងលែងមានផលលំបាកក្នុងការធ្វើដំណើឆ្ងាយឡើងមកពិនិត្យ ឬព្យាបាលសុខភាពនៅភ្នំពេញទៀតផងដែរ។
គួរបញ្ជាក់ដែរថា អគារមន្ទីរពេទ្យតេជោ សែន កោះធំ នេះ បានចាប់ផ្តើម បើកការដ្ឋានសាងសង់កាលថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ហើយការសាងសង់ គ្រោងចំណាយពេលប្រមាណជាង១២ខែ ដោយអាចបញ្ចប់នាពេលឆាប់ៗ ខាងមុខនេះ៕
ដោយ៖ សែម ពិសី
