លោក ពូទីន គាំទ្រការបង្កើតមជ្ឈមណ្ឌលហ្វឹកហ្វឺនយោធាជាមួយបេឡារូស

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃអង្គារសប្តាហ៍នេះ បានគាំទ្រផែនការបង្កើតមជ្ឈមណ្ឌលហ្វឹកហ្វឺនយោធារួមគ្នាជាមួយបេឡារូស ដែលប្រការនេះបង្កការព្រួយបារម្ភថា ទីក្រុងមីនស្ក៍ អាចនឹងចូលទៅក្នុងជម្លោះអ៊ុយក្រែន ដើម្បីកៀកស្មារប្រយុទ្ធជាមួយទីក្រុងមូស្គូ។

នៅក្នុងក្រិត្យមួយដែលបានចេញផ្សាយនៅថ្ងៃអង្គារសប្តាហ៍នេះ លោក ពូទីន បានប្រគល់ភារកិច្ចឱ្យរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ដើម្បីធ្វើកិច្ចចរចាជាមួយបេឡារូស និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីបង្កើតគ្រឿងបរិក្ខារនានា។ ឯកសារមិនបានបញ្ជាក់ពីកន្លែងដែលប្រទេសទាំងពីរនឹងបង្កើតមូលដ្ឋានយោធារួមគ្នានៅឡើយទេ។

រដ្ឋាភិបាលទីក្រុងមីនស្ក៍បានអនុញ្ញាតឱ្យទីក្រុងមូស្គូប្រើប្រាស់ទឹកដីបេឡារូស ជាកន្លែងចាប់ផ្តើមសម្រាប់ការវាយលុកអ៊ុយក្រែនរបស់ខ្លួន ដែលបានចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈឆ្នាំមុន។ ទោះបីជាយ៉ាងណា ប្រធានាធិបតីបេឡារូស លោក អាឡិចសាន់ឌឺ លូកាសិនកូវ បានអះអាងថា គាត់នឹងមិនបញ្ជូនកងទ័ពបេឡារូសចូលទៅក្នុងអ៊ុយក្រែនទេ បើទោះបីជាមានការបង្កើនកិច្ចសហប្រតិបត្តិការយោធាជាមួយរុស្ស៊ីក៏ដោយ។

គួរបញ្ជាក់ថា កាលពីខែតុលាឆ្នាំមុន រដ្ឋាភិបាលទីក្រុងមីនស្ក៍បានបញ្ជាក់ថា ខ្លួនបាននិងកំពុងបង្កើតកងកម្លាំងក្នុងតំបន់រួមជាមួយនឹងទីក្រុងមូស្គូ ដោយទាហានរុស្ស៊ីជាច្រើនពាន់នាក់បានមកដល់ប្រទេសបេឡារូស។ ចំណែកកាលពីដើមខែនេះ ទីក្រុងមូស្គូ និងទីក្រុងមីនស្ក៍បានចាប់ផ្តើមសមយុទ្ធទ័ពអាកាសរួមគ្នានៅក្នុងប្រទេសបេឡារូស ដែលគ្រោងនឹងបន្តរហូតដល់ថ្ងៃទី១ ខែកុម្ភៈនេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner