សម្តេចប្រធានព្រឹទ្ធសភា វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ដែលបានវិវត្តពីកម្រិត “ដៃគូយុទ្ធសាស្រ្ត” នៅឆ្នាំ២០១៣ ទៅជាកម្រិត “ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” ក្នុងឆ្នាំ២០២៣នេះ ស្របពេលនឹងការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូត នៃប្រទេសទាំងពីរ

ភ្នំពេញ ៖ ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភានាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចបានកត់សម្គាល់ដោយសេចក្តីពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ដែលបានវិវត្តពីកម្រិត “ដៃគូយុទ្ធសាស្រ្ត” នៅឆ្នាំ២០១៣ ទៅជាកម្រិត “ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” ក្នុងឆ្នាំ២០២៣នេះ ស្របពេលនឹងការប្រារព្វខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន។

ឯកឧត្តម អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី បានគូសបញ្ជាក់ថា ប្រទេសទាំងពីរ ជប៉ុន-កម្ពុជា បានកសាងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលមានការជឿទុកចិត្តគ្នា តាមរយៈដំណើរការស្វែងរកសន្តិភាព និងកសាងប្រទេសឡើងវិញ។ ឆ្នាំ២០២៣នេះ ប្រទេសទាំងពីរប្រារព្ធខួបអនុស្សាវរីយលើកទី៧០នៃទំនាក់ទំនងការទូត ដោយបានដំឡើងពីកម្រិតទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ពីកម្រិត ដៃគូរយុទ្ធសាស្រ្ត ទៅជា ដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។

ឯកឧត្តមឯកអគ្គរាជទូតបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា ដែលសម្រេចបាននូវសន្តិភាព សុវត្ថិភាព និងក្លាយជាគោលដៅទេសចរណ៍ ទាក់ទាញអ្នកទេសចរទូទាំងពិភពលោក។ ជាមួយគ្នានេះ ឯកឧត្តមបានសម្តែងនូវការអបអរសាទរចំពោះប្រទេសកម្ពុជា ដែលទទួលបានជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០,៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ព្រមទាំងការរៀបចំមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣។

សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអរគុណចំពោះប្រសាសន៍ដ៏ល្អប្រពៃរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតដែលបានលើកឡើងអំពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបតិបត្តិការដ៏ល្អរវាងប្រទេសកម្ពុជា-ជប៉ុន ព្រមទាំងការរីកចម្រើនរបស់ប្រទេសកម្ពុជា។ សម្តេចបានគាំទ្រចំពោះគោលបំណងរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ចង់អញ្ជើញទៅទស្សនកិច្ច និងជួបប្រាស្រ័យជាមួយប្រជាជនកម្ពុជានៅតាមបណ្តាខេត្តនានា ដើម្បីឈ្វេង យល់បន្ថែមអំពីវប្បធម៌របស់ប្រទេសកម្ពុជា។

សម្តេចបានគូសបញ្ជាក់ថា បចុប្បន្នប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ និងកំពុងក្លាយជាគោលដៅទេសចរណ៍ដ៏មានសុវត្ថិភាពជាទីបំផុត ហើយសម្តេច នឹងត្រៀមខ្លួនជានិច្ច ក្នុងការធ្វើសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយឯកឧត្តម ឯកអគ្គរាជទូត ក៏ដូចជាស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ដើម្បីរួមចំណែកដល់ការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបតិ្តការរវាងប្រជាជន និងប្រទេសទាំងពីរ នាំមកនូវផលប្រយោជន៍ដ៏ធំធេងទាំងពេលបច្ចុប្បន្ន និងពេលអនាគត ៕ ដោយ / គ្រី សម្បត្តិ + ប៊ុន ហុក

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner