ស្ថាប័នពាក់ព័ន្ធ ជំរុញឱ្យមានការរៀបចំបទបញ្ញត្តិនិង ស្តង់ដារ នៃ ផលិតផលអាហារបន្ថែមសម្រាប់កុមារ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ស្ថាប័នពាក់ព័ន្ធជំរុញឱ្យមានការរៀបចំបទបញ្ញត្តិនិង ស្តង់ដារនៃផលិតផលអាហារបន្ថែមសម្រាប់កុមារ។ការជំរុញ នេះធ្វើឡើងបន្ទាប់ពី អាជ្ញាធររកឃើញថា មានចំនួនកើនឡើង នៃករណីកុមារប្រឈមជំងឺទឹកនោមផ្អែម នៅកម្ពុជាបណ្ដាល មកពីរបបអាហារនំចំណី។

ការលើកឡើងនេះ ត្រូវបានបង្ហាញឡើងនៅក្នុងកិច្ចពិភាក្សាពាក់ ព័ន្ធបទបញ្ញត្តិនិងស្តង់ដារនៃផលិតផលអាហារបន្ថែមនិងយុទ្ធសាស្រ្តដើម្បីដោះស្រាយបញ្ហាការប្រើប្រាស់ច្រើននៃអាហារនិងភេសជ្ជៈមិនល្អចំពោះសុខភាពក្នុងចំណោមកុមារតូចៗនៅកម្ពុជា ដែល មានការចូលរួមពីក្រសួងឧស្សាហកម្ម ក្រសួងពាណិជ្ជកម្ម ក្រសួង សុខាភិបាល ក្រសួងព័ត៌មាន ក្រសួងផែនការ ក្រសួងសេដ្ឋកិច្ច អង្គការយូនីសេហ្វ( UNICEF) អង្គការហេទ្បែន ខេលល័រ និង អង្គការ GIZ-MUSEFO កាលពីថ្ងៃទី៣១ ខែមករា។

លោក ហ៊ូ ក្រើន តំណាងអង្គការហេឡែន ខេលល័រ បានលើក ឡើងថា កម្ពុជា គួរបង្កើតឱ្យមានការរៀបចំបទបញ្ញត្តិនិង ស្តង់ដារ នៃផលិតផលអាហារបន្ថែមសម្រាប់កុមារ។កម្ពុជាពុំទាន់មាន ស្ដង់ដារសម្រាប់អាហាររបស់កុមារអាយុក្រោម៥ឆ្នាំនៅឡើយ។លោកបន្តថា យោងតាមការសិក្សាជាច្រើនទាំងស្ថាប័នជាតិ និងអន្តរជាតិបង្ហាញថា ប្រសិនបើមិនមានការយកចិត្តទុកដាក់ រៀបចំ បទបញ្ញត្តិនិងស្តង់ដារនៃផលិតផលអាហារសម្រាប់កុមារ នឹងធ្វើឱ្យកុមារមានបញ្ហាសុខភាព ដែលនឹងប៉ះពាល់ដល់ផលិត ភាពការងារ និងសេដ្ឋកិច្ចជាតិ។

លោក ហ៊ូ ក្រើននិយាយថា៖« ប្រសិនបើក្រុមហ៊ុនណាមួយ ចង់ វិនិយោគលើការផលិតចំណីអាហារសម្រាប់កុមារ គឺកម្ពុជា មិន ទាន់មានស្តង់ដារឬបទបញ្ញតិ្តណាមួយច្បាស់លាស់ដែលកំណត់ឱ្យក្រុមហ៊ុនទាំងនោះអាចអនុវត្តតាមនៅឡើយទេ។…អ្នកពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាជំរុញឱ្យមានការរៀបចំបទបញ្ញត្តិនិងស្តង់ដារនៃផលិតផលអាហារបន្ថែមសម្រាប់កុមារឱ្យបានឆាប់ ដើម្បីផ្តល់អាហារ បន្ថែមសមស្របដែលផ្តល់សុខភាពល្អ ដោយហេតុថាផលិតផល អាហារបន្ថែមដែលមានលក់នៅទីផ្សារមានការកើនទ្បើងខ្លាំង»។

លោក ម៉ម ប៉ូរ៉ាត់ ប្រធាននាយកដ្ឋានលើកកម្ពស់អាហារូបត្ថម្ភ នៃក្រសួងផែនការ បានលើកឡើងថា របបអាហារចម្រុះសម្រាប់ កុមារពិតជាមានសារៈសំខាន់ណាស់ ។ចំពោះអាហារដែលកុមារ ចូលចិត្តបរិភោគប្រចាំថ្ងៃ គឺចាំបាច់ត្រូវមានការយកចិត្តទុកដាក់ ពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសគឺត្រូវជំរុញឱ្យចៀសវាងអាហារដែល មានជាតិផ្អែមខ្លាំង ប្រៃខ្លាំង ដែលអាហារទាំងនេះអាចបង្កឱ្យ កុមារ មានជំងឺមិនឆ្លងនានា។

ក្នុងនាមក្រសួងផែនការ លោកបានឯកភាពការបង្កើតបទបញ្ញត្តិ និងស្តង់ដារនៃផលិតផលអាហារបន្ថែម ដើម្បីងាយស្រួលចាត់ វិធានការនៅតាមគ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជនកាន់តែមាន ប្រសិទ្ធភាព។

យោងតាម ការសិក្សាថ្មីៗរបស់ក្រសួងសុខាភិបាល និងអង្គការ ហេទ្បែន ខេលល័រ បានរកឃើញថា ភេសជ្ជៈផ្អែម និងការបរិភោគ អាហារដែលមិនល្អចំពោះសុខភាព គឺមានអត្រានៃការប្រើប្រាស់ ខ្ពស់ក្នុងចំណោមកុមារតូចៗ។ លើសពីនេះទៀត បច្ចុប្បន្ននេះ កម្ពុជានៅមិនទាន់មានបទប្បញ្ញត្តិឬស្តង់ដារគ្រប់គ្រងត្រួតពិនិត្យជាក់លាក់នៅទ្បើយទៅលើសមាសធាតុ សារធាតុអាហារូបត្ថម្ភ និង ស្លាកសញ្ញា រួមទាំងការបញ្ជាក់ច្បាស់លាស់លើសមាសធាតុ អាហារូបត្ថម្ភសមស្រប នៃផលិតផលអាហារបន្ថែមសម្រាប់ កុមារអាយុពី ៦-២៤ ខែនៅឡើយទេ។ ជាងនេះទៀត កង្វះការ ផ្តល់អាហារសមស្របក្នុងអំឡុងពេលនៃការផ្តល់អាហារបន្ថែមដល់កុមារ រួមចំណែកដល់ការកើនឡើងអត្រានៃការលូតលាស់យឺត មានបញ្ហាស្លេកស្លាំង និងកង្វះស័ង្កសីក្នុងចំណោមកុមារតូចៗ។

ទោះជាយ៉ាងនេះក្តីក្រោយមានកិច្ចពិភាក្សារវាង អន្តរក្រសួង អង្គការជាតិ និងអន្តជាតិ វិស័យឯកជន និងភាគពាក់ព័ន្ធរួចមក ភាគីពាក់ព័ន្ធទាំងនោះ បានឯកភាពគ្នាថា នឹងស្រាវជ្រាវ ហើយ ចងក្រងជាឯកសាររួមគ្នា ដើម្បីជំរុញឱ្យមានការរៀបចំរៀប បទបញ្ញត្តិនិងស្តង់ដារនៃផលិតផលអាហារបន្ថែមឱ្យបានឆាប់រហ័ស ដើម្បីឈានទៅរកដំណោស្រាយបញ្ហាការប្រើប្រាស់ ច្រើននៃ អាហារនិងភេសជ្ជៈមិនល្អចំពោះសុខភាពក្នុងចំណោមកុមារតូចៗនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង៕
ដោយ៖ សែម ពិសី

ads banner