ប្រធានាធិបតីឥណ្ឌូនេស៊ីបង្ហាញរំពឹងខ្ពស់ថា ក្រុមហ៊ុន Tesla នឹង វិនិយោគនៅប្រទេសនេះ

ហ្សាការតា៖ក្នុងកិច្ចសម្ភាសន៍ផ្ដាច់មុខមួយជាមួយទីភ្នាក់ងារ ព័ត៌មាន រ៉យទ័រ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដីដូ(Joko Widodo) បង្ហាញទំនុកចិត្តថា ក្រុមហ៊ុន Tesla Inc (TSLA.O) នឹងព្រមព្រៀងវិនិយោគបង្កើតរោងចក្រផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេសរបស់លោក ដោយលោកសន្យាថានឹងអាច បន្ធូរបន្ថយ ពន្ធ រហូតដល់ផ្ដល់សម្បទានរ៉ែនីកែលទៀតផង។

ឥណ្ឌូនេស៊ីជាប្រទេសដែលមានទំហំសេដ្ឋកិច្ចដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍។ ប្រទេសនេះកំពុងទាក់ទាញក្រុមហ៊ុន Tesla ឱ្យវិនិយោគ លើ ការផលិតអាគុយនិងរថយន្តចាប់តាំងពីឆ្នាំ២០២០។

ប្រធានាធិបតីឥណ្ឌូនេស៊ី បានជួបពិភាក្សាជាមួយនាយកប្រតិបត្តិ Tesla លោក អេឡុន ម៉ាស(Elon Musk) ចំនួនពីរដងរួចមក ហើយ ដោយជួបគ្នាផ្ទាល់នៅឯរោងចក្រ SpaceXក្នុងរដ្ឋតិចសាស់ កាលពីឆ្នាំ២០២២ និងឆ្លើយឆ្លងគ្នាតាមទូរសព្ទផង។

មេដឹកនាំឥណ្ឌូណេស៊ី វីដូដូ បាននិយាយដោយសំដៅទៅលើ ការ ផ្តល់សម្បទានរ៉ែរបស់ឥណ្ឌូនេស៊ីថា៖ «ខ្ញុំបាននិយាយទៅគាត់ថា ប្រសិនបើអ្នកវិនិយោគនៅប្រទេសឥណ្ឌូនេស៊ី ខ្ញុំនឹងផ្តល់សម្ប ទាននីកែល»។
ប្រទេសលោកនឹងលើកទឹកចិត្តផ្សេងទៀតរួមមានការបន្ធូរបន្ថយពន្ធ និងគម្រោងឧបត្ថម្ភធនលើការទិញរថយន្តអគ្គិសនីEV ដើម្បីឱ្យ ក្រុមហ៊ុន Teslaបើកទីផ្សារក្នុងប្រទេសគាត់ជាដើម។

លោកបានបន្ថែមថា រដ្ឋមន្ត្រីរបស់លោកកំពុងសិក្សាលើយន្ដការ ឧបត្ថម្ភធនសម្រាប់ពលរដ្ឋដែលចង់ប្រើយានយន្ដអគ្គិសនីដែលផលិតក្នុងស្រុក។

លោកប្រធានាធិបតីបញ្ជាក់ថា លោកមានទំនុកចិត្តថាប្រទេស ឥណ្ឌូនេស៊ីមានសក្តានុពលជាងប្រទេសផ្សេងទៀតដែលក្រុមហ៊ុន Tesla ប្រហែលជាកំពុងពិចារណាសម្រាប់ការវិនិយោគនៅទីនេះ។លោកបានបន្តថា ៖«អាស្រ័យលើក្រុមហ៊ុន Tesla ក្នុងការទទួល យកការផ្តល់សម្បទានរ៉ែនីកែល ហើយឥណ្ឌូណេស៊ីបើកចំហ ចំពោះការវិនិយោគនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់អាគុយ EV និង រថយន្តអគ្គិសនី។ វាមិនអីទេប្រសិនបើពួកគេចង់ចាប់ផ្តើមពីថ្ម EV» ។
រ៉យទ័រមិនអាចទាក់ទងTesla ដើម្បីឆ្លើយតបភ្លាមៗ ទេ។
អ្នកវិភាគប៉ាន់ប្រមាណថា Tesla នឹងត្រូវសាងសង់ “gigafactories” ចំនួនប្រាំពីរឬប្រាំបីបន្ថែមទៀត ដើម្បីបំពេញ តាមគោលដៅរបស់ លោក ម៉ាស ក្នុងការលក់រថយន្តអគ្គិសនី ចំនួន២០លានគ្រឿងនៅឆ្នាំ២០៣០ ។
ក្រៅពីប្រទេសឥណ្ឌូណេស៊ី កូរ៉េខាងត្បូង កាណាដា និងម៉ិកស៊ិក បាននឹងកំពុងប្រជែងគ្នាទាក់ទាញក្រុមហ៊ុន Tesla។

អ្នកនាំពាក្យរបស់ប្រធានាធិបតីម៉ិកស៊ិកបាននិយាយកាលពីថ្ងៃអង្គារថាក្រុមហ៊ុន Tesla កំពុងពិចារណាបង្កើតរោងចក្រ ដំឡើង រថយន្តអគ្គីសនី នៅជិតអាកាសយានដ្ឋានម៉ិកស៊ិកថ្មី។

ក្រុមអ្នកវិភាគ លើកឡើងថា ម៉ិកស៊ិកទំនងជាអាចមាន លទ្ធភាព ឈ្នះក្នុងការទាញ ក្រុមហ៊ុន Tesla ដោយសារតែប្រទេសនេះ នៅជិត សហរដ្ឋអាមេរិកស្រាប់។

ប្រសិនបើក្រុមហ៊ុន Tesla វិនិយោគលើការផលិតថ្មនៅក្នុង ប្រទេស ឥណ្ឌូនេស៊ី វានឹងក្លាយជាកន្លែងដំបូងរបស់ខ្លួន នៅ ក្នុងទ្វីបអាស៊ី។ កាលពីខែមុន ក្រុមហ៊ុនបានប្រកាសការវិនិយោគ ចំនួន ៣.៦ពាន់លានដុល្លារ ដើម្បីពង្រីកការផលិតថ្មនៅរោងចក្រ Nevada របស់ខ្លួន។

លោកប្រធានាធិបតីឥណ្ឌូនេស៊ី កាលពីឆ្នាំ២០២០បានហាមឃាត់ ការនាំចេញរ៉ែនីកែល ដើម្បីលើកទឹកចិត្តអ្នកវិនិយោគ ឱ្យបង្កើត ខ្សែ ច្រវាក់ផ្គត់ផ្គង់បង្កើតរោងចក្រផលិតអាគុយ និង រថយន្ដអគ្គិសនី ដោយប្រើវត្ថុធាតុដើម្បីក្នុងស្រុកតែម្ដង។

ប្រទេសឥណ្ឌូណេស៊ីក៏ជាទីចាប់អារម្មណ៍ក្នុងការវិនិយោគលើការផលិត EV ឬថាមពលថ្មផងដែរ ក្នុងនោះមានក្រុមហ៊ុន Hyundai Motor Co (005380.KS) របស់កូរ៉េខាងត្បូង និង LG Energy Solution ដែលបានសាងសង់រោងចក្រ EV និងអាគុយរួច មក ហើយនោះ។

មន្ត្រីឥណ្ឌូនេស៊ីកាលពីឆ្នាំមុនបាននិយាយថាក្រុមហ៊ុន Tesla បាន ចុះហត្ថលេខាលើកិច្ចសន្យាដែលមានតម្លៃប្រហែល ប្រាំពាន់លាន ដុល្លារដើម្បីទិញសម្ភារៈសម្រាប់ថ្មរបស់ពួកគេពីក្រុមហ៊ុនកែច្នៃនីកែល៕
ដោយ៖វណ្ណ ស័ក្ដិ

ads banner