លោក ឡឹក ជំនោរ បង្ហាញលក្ខណៈពិសេសនៃការបោះពុម្ព សៀវភៅ
ភ្នំពេញ៖សៀវភៅជាច្រើនបានបោះពុម្ពជាបន្តបន្ទាប់ ក្នុងនោះ មាន មិនតិចគ្រឹះស្ថានទេដែលបានឈរជើងក្នុងវិស័យសៀវភៅខ្មែរនេះ។ សៀវភៅខ្មែរមួយចំនួនធំបានបោះពុម្ពមានស្តង់ដារ និងមាន មួយចំនួនទៀតមិនបានបោះពុម្ពតាមលក្ខណៈស្តង់ដារនោះទេ។ អ្នកអានជាច្រើនបានចាប់អារម្មណ៍លើសៀវភៅដែលទើបនឹងបោះពុម្ពផ្សាយថ្មីៗ តាមរយៈស្នាដៃនិពន្ធថ្មី និងតាមរយៈស្នាដៃចាស់ ដែល គេបោះពុម្ពឡើងវិញ។

សៀវភៅដែលបោះពុម្ពដោយគ្រឹះស្ថានបោះពុម្ពឯកសារខ្មែរ មានអ្នកចាប់អារម្មណ៍ខ្លាំងទាំងអ្នកនិពន្ធនិងអ្នកអានសៀវភៅក្នុងរយៈចុងក្រោយនេះ។
តើសៀវភៅដែលបោះពុម្ពដោយគ្រឹះស្ថានបោះពុម្ពឯកសារខ្មែរមានលក្ខណៈពិសេសយ៉ាងណាខ្លះ ទើបអាចទាក់ទាញចិត្តអ្នកនិពន្ធ ចង់សហការបោះពុម្ព និងទទួលបានការចាប់អារម្មណ៍ ពីអ្នកអាន ខ្លាំងបែបនេះ។

លោក ឡឹក ជំនោរ ស្ថាបនិក និងជានាយកគ្រប់គ្រងគ្រឹះស្ថាន បោះពុម្ពឯកសារខ្មែរ ដែលបង្កើតឡើងក្នុងឆ្នាំ២០១៧ បាន ប្រាប់ពីមូលហេតុសំខាន់ៗដែលនាំឱ្យបង្កើតគ្រឹះស្ថាននេះឡើង។លោកថាមូលហេតុសំខាន់ៗមានបង្កើតឱកាសដល់អ្នកនិពន្ធខ្មែរអាចបោះពុម្ពបានងាយជាងមុន, រៀបចំសៀវភៅឱ្យទាក់ទាញ និង ត្រឹមត្រូវតាមប្រភេទ, រៀបចំឯកសារ បច្ចេកទេសបែបខ្មែរឱ្យ សម្បូរ បែប, ប្រឹក្សាការចងក្រងឯកសារដល់អ្នកនិពន្ធអ្នកស្រាវជ្រាវខ្មែរ និងផ្ដល់សេវាកម្មរៀងរៀងចងក្រងឯកសារ ឬប្រវត្តិរបស់បុគ្គល ស្ថាប័ន។
ចំណុចសំខាន់មួយទៀតដែលគ្រឹះស្ថានបោះពុម្ពមួយចំនួនមិនមាន ហើយគ្រឹះស្ថានបោះពុម្ពឯកសាររបស់លោកមាន គឺធនធាន មនុស្ស និងក្នុងរយៈពេលខ្លីមួយដែលគ្រឹះស្ថានបានជួយសម្រប សម្រួលរៀបចំសៀវភៅមានជាច្រើនចំណងជើង ដែលសៀវភៅ ទាំងនោះសុទ្ធសឹងជាសៀវភៅដែលមានទាំងសោភ័ណភាព និងគុណភាពនៃសៀវភៅផងដែរ។
លោក ឡឹក ជំនោរ មានប្រសាសន៍អះអាងថា ៖ «ដោយ សហ ស្ថាបនិករបស់យើងជា បញ្ញវន្តចប់ពីបរទេស និងក្នុងស្រុកដែល មានជំនាញទាំងអស់ មកដល់ឆ្នាំ២០២២ នេះ បានរៀបរៀង ចងក្រង ផ្ដល់សេវារៀបចំបណ្ណាធិការ និងរចនាសៀវភៅដល់ អ្នកនិពន្ធបានជាង១០០ ចំណងជើង»។

ក្រៅពីសៀវភៅទូទៅ កន្លងមក គ្រឹះស្ថានបោះពុម្ពឯកសារខ្មែរ បានរៀបចំសម្របសម្រួលរចនាសៀវភៅថ្នាក់ដឹកនាំបានប្រាំពីរ ចំណងជើង ដែលមានភាសាខ្មែរ ភាសាអង់គ្លេស ភាសាចិន សៀវភៅរដ្ឋធម្មនុញ្ញា និងសៀវភៅរបស់ស្ថាប័នមួយចំនួនទៀត។
លោកបានបញ្ជាក់ដែរថា អត្ថន័យ អត្ថរូប និងអត្ថរសនៃសៀវភៅ ពិតជាសំខាន់ ហើយរឹតតែសំខាន់ទៀតនោះ គឺពុម្ពអក្សរ សន្លឹក ក្រដាសដែលមាននៅក្នុងសៀវភៅ។ មួយវិញទៀត អក្ខរាវិរុទ្ធពិតជា សំខាន់សម្រាប់សៀវភៅ ប្រសិនបើសរសេរខុសច្រើន នោះពាក្យ ពេចន៍ ទាំងនោះជាប់រាប់ឆ្នាំទៅមុខ ដែលបង្កជាកំហុសតជំនាន់។
ចំណែកពុម្ពអក្សរនិងសន្លឹកក្រដាសសៀវភៅទៀតសោធ ប្រសិន បើមិនច្បាស់មិនល្អគ្មានគុណភាព អាចធ្វើឱ្យអ្នកអានមានអារម្មណ៍ មិនល្អ ប៉ះពាល់ដល់កែវភ្នែករបស់អ្នកអានថែមទៀតផង។
លក្ខណៈដូចរៀបរាប់ខាងលើ គ្រឹះស្ថានបោះពុម្ពឯកសារខ្មែរពិត ជា បានគិតគូរ និងធ្វើបានយ៉ាងប្រសើរ។ នេះបើតាមលោក ឡឹក ជំនោរ។
លោក ឡឹក ជំនោរ បានបញ្ជាក់ទៀតថា ៖ «គន្លឹះដែលទាក់ទាញ នោះគឺធនធានមនុស្សដែលធ្វើការដោយទឹកចិត្តនិងជំនាញ តាំង ពីនាយកគ្រឹះស្ថានរហូតដល់អ្នកពិសោធអក្ខរៈ គឺជាបុគ្គលដែល មានធនធាន និងជំនាញពាក់ព័ន្ធ។ លក្ខណៈពិសេស គឺប្រើពុម្ព អក្សរ សមស្របនឹងភ្នែក ក្រដាសថ្នមភ្នែក»។
សូមជម្រាបដែរថា គ្រឹះស្ថានបោះពុម្ពឯកសារខ្មែរបង្កើតឡើង នៅឆ្នាំ២០១៧ជាគ្រឹះស្ថានសម្របសម្រួលបោះពុម្ពសៀវភៅ មានជំនាញផលិតពុម្ពអក្សរប្រើសម្រាប់សៀវភៅ រៀបរៀងចងក្រង ផ្ដល់សេវារៀបចំបណ្ណាធិការ និងរចនាសៀវភៅដល់អ្នកនិពន្ធ។ គ្រឹះស្ថានមានអ្នកជំនាញច្បាស់លាស់លើកិច្ចការឯកសារ សៀវភៅ ដែលបុគ្គលិកគ្រប់រូបសុទ្ធតែបានបញ្ចប់ជំនាញពាក់ព័ន្ធកម្រិតពីបរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត មកពីក្នុងស្រុកនិងក្រៅប្រទេស៕
ដោយ៖ហ៊ួន ស៊ីឡូន