មន្រ្តីជំនាញកម្ចាត់មីន៦០០នាក់ និងសុនខហិតមីន១៣ក្រុម ចាប់ ផ្តើមប្រតិបត្តិការបោសសម្អាតមីនក្នុងខេត្តចំនួនប្រាំ
ភ្នំពេញ៖មន្រ្តីជំនាញនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនស៊ីម៉ាក់ ចំនួន ៦០០នាក់ រួមនិងសុនខហិតមីនចំនួន១៣ ក្រុម ចាប់ផ្តើម បើក ប្រតិបត្តិការបោសសម្អាតមីនក្នុងខេត្តចំនួនប្រាំ ដើម្បីឈាន ដល់គោលដៅសម្រេចឱ្យបាននូវផ្ទៃដីកម្ពុជាគ្មានមីនត្រឹមឆ្នាំ ២០២៥ ។

ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)ឯកឧត្តម ហេង រតនា នៅព្រឹក ថ្ងៃទី១ ខែកុម្ភៈនេះបានអញ្ជើញចូលរួមធ្វើជាអធិបតីក្នុងពិធីជួប សំណេះសំណាលជាមួយមន្រ្តី និងកម្លាំងប្រតិបត្តិការ ក្នុងគម្រោង មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ និងប្រកាសបើកប្រតិបត្តិការ បោសម្អាតមីនក្នុងគម្រោង “មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥” ។ ពិធីនេះរៀបចំឡើង នៅសារមន្ទីរសន្តិភាពសកម្មភាពមីន ខេត្ត សៀមរាប។

ឯកឧត្តម ហេង រតនា បានឱ្យដឹងថា៖«ប្រតិបត្តិការនេះនឹងអនុវត្ត ក្នុងខេត្ត កំពង់ធំ ប៉ៃលិន ព្រះវិហារ ពោធិ៍សាត់ និងខេត្តសៀមរាប ជាមួយនឹងផែនការរំដោះផ្ទៃដីចំនួន១០,៦០០ហិកតា ហើយ និង មានកម្លាំងជំនាញនានារបស់អង្គភាពស៊ីម៉ាក់ចំនួនជិត៦០០នាក់ ក្នុងនោះមានសុនខហិតមីនចំនួន១៣ក្រុម កងអនុសេនាតូច គ្រឿង ចក្រចំនួន២១កង និងក្រុមស្រាវជ្រាវនិងបោសសម្អាតមីនចំនួន ៣៦ក្រុម»។
ក្នុងឱកាសនោះដែរ ឯកឧត្តម ហេង រតនា ថ្លែងអំណរគុណចំពោះ សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានបង្កើតមូលនិធិ កម្ពុជាគ្មានមីនឆ្នាំ២០២៥ និងបានអនុម័តកញ្ចក់ថវិកាផ្តល់មក អង្គភាពស៊ីម៉ាក់ដើម្បីធ្វើការបោសសម្អាតមីនផ្ទៃដីដែលរងផលប៉ះពាល់ដោយសារគ្រាប់មីន ដើម្បីធ្វើយ៉ាងណាឱ្យសម្រេចបាន គោលដៅ កម្ពុជាអស់មីនឆ្នាំ២០២៥ និងប្រែក្លាយទឹកដីសុវណ្ណភូមិ មួយនេះរួចចាកផុតពីគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម។ ព្រមជាមួយគ្នានោះលោក ក៏ថ្លែងអំណរគុណដល់ថ្នាក់ ដឹកនាំ អាជ្ញាធរមីន ដែលបានសម្របសម្រួល និងគាំទ្រកិច្ចប្រតិបត្តិការ របស់អង្គភាពស៊ីម៉ាក់។
ឯកឧត្តមបានឱ្យដឹងថា បច្ចុប្បន្នស៊ីម៉ាក់ទទួលបានថែមទៀតនូ វ គម្រោងមូលនិធិកម្ពុជាគ្មានមីនសម្រាប់បោសសម្អាតមីនក្នុងខេត្តចំនួនប្រាំក្នុងនោះ ការបោសសម្អាតនៅខេត្តសៀមរាប មាននៅស្រុក អង្គរជុំ ស្រុកស្វាយលើ និងស្រុកវ៉ារិន ដែលមានផ្ទៃដីសុរប ២៥១៨ ហិកតា, ខេត្តកំពង់ធំ មាននៅស្រុកស្វាយ ស្រុកប្រាសាទបាល័្លង្ក ស្រុកសន្ទុក និងស្រុកស្ទោង មានផ្ទៃដីសរុប ៣៨៦០ ហិកតា, ខេត្តព្រះវិហារ មាននៅស្រុកជ័យសែន ស្រុកគូលេន ព្រះវិហារ ស្រុករវៀង ស្រុកសង្គមថ្មី និងស្រុកត្បែងមានជ័យ មានផ្ទៃដី
សរុប ១១៣៧ ហិកតា, ខេត្តប៉ៃលិន មាននៅស្រុកសាលាក្រៅ និងស្រុកប៉ៃលិន ផ្ទៃដី ១៧៦០ ហិកតា និងខេត្តពោធិ៍សាត់ មាន នៅស្រុកកណ្តៀង ស្រុកភ្នំក្រវាញ និងស្រុកវាលវែង ដែលមាន ផ្ទៃដីសរុប ១៤៥៥ ហិកតា។
ឯកឧត្តម ហេង រតនា បានឱ្យដឹងទៀតថា ដោយឡែកចម្ការមីន ក្នុងខេត្តកំពង់ស្ពឺនៅសល់ចំនួនប្រាំបីកន្លែងទៀត ស្មើនឹង ៥០ ហិកតា កំពុងបន្តបោសសម្អាត បើតាមផែនការគ្រោងទុកនឹង បញ្ចប់ចម្ការមីនក្នុងខេត្តនេះត្រឹមថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ ២០២៣។
សូមជម្រាបថា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២៣ អាជ្ញាធរមីន បានចុះហត្ថលេខាជាមួយនឹងបញ្ជាការដ្ឋានកងទ័ពជើងគោក មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) និង មជ្ឈមណ្ឌល ជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាត មីន និងកាកសំណល់សង្រ្គាម ក្នុងគោលបំណងដើម្បីធ្វើការបោស សម្អាតមីនក្នុងទំហំផ្ទៃដីសរុបប្រមាណ ១៨០.២៧៨.៨១៧ ម៉ែត្រក្រឡា ដោយប្រើប្រាស់ថវិកាសរុបចំនួន ៣០ លានដុល្លារ អាមេរិក តាមរយៈ “មូលនិធិកម្ពុជាគ្មានមីន ឆ្នាំ២០២៥” និងគ្រប់ គ្រងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ថវិកានេះ នឹងត្រូវបានបែងចែកទៅដល់ (១) កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដើម្បីធ្វើការបោសសម្អាតលើផ្ទៃដី ប្រមាណ ៤៦.៨៤៣.៧៤០ ម៉ែត្រក្រឡា នៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និងក្រុង សំរោង ខេត្តឧត្តរមានជ័យ (២) មជ្ឈមណ្ឌលជាតិគ្រប់គ្រង កង កម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម ដើម្បីធ្វើការបោសសម្អាតមីនលើផ្ទៃដីប្រមាណ ២៧.១១០.៦៩៧ ម៉ែត្រក្រឡា នៅក្នុងស្រុកស្នួល ខេត្តក្រចេះ, ស្រុកគិរីសាគរ និង ស្រុកកោះកុង ខេត្តកោះកុង, និងខេត្តមណ្ឌលគិរី (៣) មជ្ឈមណ្ឌល សកម្មភាពកម្ចាត់មីនកម្ពុជា ដើម្បីធ្វើការបោស សម្អាតលើផ្ទៃដីប្រមាណ ១០៦.៣២៤.៣៨០ ម៉ែត្រក្រឡា នៅក្នុងខេត្តកំពង់ធំ ខេត្តប៉ៃលិន ខេត្តព្រះវិហារ ខេត្តពោធិ៍សាត់ និងខេត្តសៀមរាប ៕
ដោយ៖ឡាយ សាមាន