រដ្ឋាភិបាលកម្ពុជាសម្រេចបន្ត មិនយកពន្ធពីបណ្តាគ្រឹះស្ថាន អប់រំឯកជន ដល់ឆ្នាំ២០២៨
ភ្នំពេញ៖រដ្ឋាភិបាលសម្រេចបន្តលើកលែងពន្ធពីបណ្តាគ្រឹះស្ថាន អប់រំឯកជនទាំងអស់រយៈពេលប្រាំឆ្នាំបន្តទៀត ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ តាមសំណើររបស់សមាគម គ្រឹះស្ថានឧត្តម សិក្សា ។រាជរដ្ឋាភិបាលបានចាត់ទុកថា ការណ៍នេះជាការរួម ចំណែក ដោះស្រាយការលំបាករបស់ គ្រឹះស្ថានអប់រំឯកជន ក្នុងពេលមាន វិបត្តិកូវីដ១៩។
នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីកម្ពុជាអនុញ្ញាតឱ្យសមាគមគ្រឹះស្ថានឧត្តមសិក្សាដែលដឹកនាំដោយលោកហេង វ៉ាន់ដា ជាប្រធានសមាគមជានាយក វិទ្យា ស្ថាន វ៉ាន់ដាជួបសំណេះសំណាល។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់គ្រឹះស្ថាន ឧត្ដមសិក្សាទាំងឡាយដែលបានពុះពារបណ្តុះបណ្តាលធនធានមនុស្ស ទោះបីស្ថិតក្នុងកាលៈទេសៈជំងឺរាតត្បាតជាសាកលក្តី។សម្ដេចតេជោបានសម្រេចធ្វើតាមសំណើរពីសមាគមគ្រឹះស្ថានឧត្តមសិក្សា ដោយរាជរដ្ឋាភិបាលសម្រេចលើកលែងមិនយកពន្ធ ពី គ្រប់គ្រឹះស្ថានអប់រំឯកជនរយៈពេលប្រាំឆ្នាំបន្ថែមទៀតដល់ឆ្នាំ២០២៨ ដើម្បីចូលរួមដោះស្រាយការលំបាករបស់គ្រឹះស្ថានអប់រំ ឯកជនដែលបានរងផលប៉ះពាល់ពីវិបត្តិកូវីដ១៩ ។
សម្ដេចតេជោចាត់ទុកផ្នែកឯកជនលើវិស័យអប់រំជាដៃគូដ៏សំខាន់របស់រដ្ឋាភិបាលក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។
បើតាមការបញ្ជាក់ពីលោក ហេង វ៉ាន់ដា បានឱ្យដឹងថា ការ អនុគ្រោះ ពន្ធលើគ្រឹះស្ថានឯកជននេះធ្វើឡើងតាំងពីឆ្នាំ ១៩៩៦ មកម្ល៉េះ ហើយលោកមានសេចក្តីសោមនស្សជាខ្លាំងដែល ប្រមុខ រដ្ឋាភិបាលសម្រេចបន្តលើកលែងពន្ធរហូតដល់ឆ្នាំ២០២៨។
លោកហេង វ៉ាន់ដា ថ្លែងថា៖«ការអនុគ្រោះពន្ធនេះ គឺជាការរួម ចំណែក ដ៏សំខាន់ក្នុងការធ្វើឱ្យគ្រឹះស្ថានអប់រំឯកជន អាចពង្រឹង ខ្លួនឯងឱ្យធ្វើសកម្មភាពបានរឹងមាំ និងធ្វើឱ្យគុណភាពអប់រំកាន់ តែល្អប្រសើរ»។
លោកបន្ថែមថា បើទោះបីរដ្ឋអនុគ្រោះពន្ធពីបណ្តាគ្រឹះស្ថានអប់រំ ក៏ពិតមែន ប៉ុន្តែក៏ភ្នាក់ងារអប់រំឯកជននៅតម្រូវឲ្យបង់លើកាតព្វកិច្ច ពន្ធផ្សេងៗទៀតចំនួន៤ ទៀតដែរ ក្នុងនោះរួមមាន ពន្ធលើប្រាក់ បៀវត្សរ៍ ពន្ធកាត់ទុកលើការជួលទីតាំង, ពន្ធលើអចលនទ្រព្យ និងពន្ធលើប៉ាតង់។
គួរបញ្ជាក់ថា សមាគមគ្រឹះស្ថានឧត្តមសិក្សា គឺជាបណ្តុំគ្រឹះស្ថាន ឧត្តម សិក្សានៅកម្ពុជា ដែលបានចងក្រងគ្នាធ្វើសកម្មភាពក្នុងការ លើកកម្ពស់ គុណភាពអប់រំសិក្សារបស់សិស្ស និស្សិត និងពង្រឹង គុណភាពបង្រៀន គ្រប់កម្រិត និងនិរន្តរភាពស្ថាប័ន។
ពាក់ព័ន្ធនឹងបញ្ហានេះលោកបណ្ឌិត ឈត ប៊ុនថង ប្រធានវិទ្យា ស្ថានទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍នៃរាជបណ្ឌិត្យ សភាកម្ពុជា គាំទ្រលើការសម្រេចចិត្តរបស់ប្រមុខរដ្ឋាភិបាល។ លោកថា ការមិនយកពន្ធជាអាទិភាពជួយឲ្យបណ្តាគ្រឹះស្ថាន ឯកជនទាំងអស់អាចពង្រឹងខ្លួនឡើងវិញលើបញ្ហាហិរញ្ញវត្ថុ ដើម្បីបម្រើដល់ការអប់រំ បណ្តុះបណ្តាល កសាងធនធានមនុស្ស ជាមួយគ្រឹះស្ថានសាធារណៈរបស់រដ្ឋ។
លោកបណ្ឌិតឈត ប៊ុនថង ថ្លែងថា៖« គ្រឹះស្ថានអប់រំឯកជន ឬ សាលាឯកជននេះបានជួយច្រើនលើការកសាងធនធានមនុស្សនៅ កម្ពុជា។ បើយើងពឹងផ្អែកតែលើគ្រឹះស្ថានសាធារណៈ ឬ សាលារដ្ឋ នោះរដ្ឋនឹងងមានបន្ទុកច្រើន មានន័យថា រដ្ឋត្រូវបន្ថែម សាស្រ្តាចារ្យ គ្រូបង្រៀន អាគារសិក្សា សម្ភារៈបច្ចេកទេស និង ហេដ្ឋារចនាសម្ព័ន្ធជាច្រើនដើម្បីកសាងធនធានមនុស្ស។ បើ គ្មានផ្នែកឯកជនទេ រដ្ឋទទួលបន្ទុកធ្ងន់ ត្រូវចំណាយច្រើន ណាស់» ។
លោកបានបន្ថែមថា ក្រៅពីជួយបណ្តុះបណ្តាលធនធានមនុស្ស គ្រឹះស្ថានអប់រំឯកជនក៏បានចូលរួមចំណែកបង្កើតការងារជាច្រើនដល់ធនធានមនុស្សនោះដែរ។ តាមរយៈការអនុគ្រោះពន្ធរយៈពេល ៥ឆ្នាំបន្តទៀតនេះ លោកចង់ឲ្យបណ្តាគ្រឹះស្ថានអប់រំឯកជន ពិចារណា បញ្ចុះថ្លៃសិក្សា ឬផ្តល់អាហារូបករណ៍ដល់សិស្សា នុសិស្ស ដែលមានជីវភាពក្រីក្រ ហើយត្រូវបន្តពង្រឹងគុណភាព អប់រំទាំងចំណេះដឹងស្នូល និងផ្នែកសីលធម៌ ចៀសវាងបណ្តុះ ធនធានមនុស្សដែលគ្មានគុណភាពសម្រាប់ជាតិ៕
ដោយ៖ សំបាន ច័ន្ទដារ៉ា