សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ធ្វើសមយុទ្ធដែនអាកាសរួមគ្នា ដើម្បីឆ្លើយតបនឹងការគំរាមកំហែងរបស់កូរ៉េខាងជើង
សេអ៊ូល៖ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានធ្វើសមយុទ្ធដែនអាកាសរួមគ្នាមួយ ដែលបង្ហាញពីឥទ្ធិពលយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ និងយន្តហោះចម្បាំងបំបាំងកាយអាមេរិក ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងពីកូរ៉េខាងជើង។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូងយ៉ុនហាប់។
នៅក្នុងថ្ងៃពុធសប្តាហ៍នេះ យន្តហោះទាំងនោះបានហោះហើរលើសមុទ្រលឿង ដែលមានទីតាំងនៅចន្លោះប្រទេសចិន និងឧបទ្វីបកូរ៉េ នៅក្នុងសមយុទ្ធលើកដំបូងក្នុងឆ្នាំនេះ។ នេះបើតាមសារព័ត៌មានយ៉ុនហាប់ដកស្រង់សម្តីរបស់យោធាកូរ៉េខាងត្បូង។
ការបង្ហាញអំណាចយោធាខាងលើ បានកើតឡើងមួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡូយដ៍ អូស្ទីន និងសមភាគីកូរ៉េខាងត្បូង លោក លី ជុងស៊ុប បានព្រមានអំពីការកើនឡើងនៃការធ្វើសមយុទ្ធបែបនេះ និងកិច្ចសហប្រតិបត្តិការសន្តិសុខបន្ថែមទៀតរវាងសម្ព័ន្ធមិត្តទាំងពីរ ខណៈដែលពួកគេកំពុងប្រជែងគ្នាជាមួយនឹងអ្វីដែលពួកគេហៅថា ការកើនឡើងនៃមីស៊ីល និងការគំរាមកំហែងនុយក្លេអ៊ែរពីកូរ៉េខាងជើង។
បើតាមសារព័ត៌មានកូរ៉េយ៉ុនហាប់ សមយុទ្ធចុងក្រោយនេះ គឺពាក់ព័ន្ធនឹងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-1B និងយន្តហោះចម្បាំងបំបាំងកាយ F-22 និង F-35B មកពីកងទ័ពអាកាសអាមេរិក និងយន្តហោះចម្បាំង F-35A មកពីយោធាកូរ៉េខាងត្បូង។
សារព័ត៌មានយ៉ុនហាប់បានដកស្រង់ប្រភពពីក្រសួងការពារជាតិថា សមយុទ្ធដែនអាកាសរួមគ្នាលើកនេះ បង្ហាញពីឆន្ទៈ និងសមត្ថភាពរបស់សហរដ្ឋអាមេរិក ក្នុងការផ្តល់នូវការទប់ស្កាត់ដ៏រឹងមាំ និងគួរឱ្យទុកចិត្ត ប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា


