នាយឧត្តមសេនីយ៍ ឯក មនោសែន ដាស់តឿនសិស្ស នាយ-នាយរងនគរបាលក្របខណ្ឌថ្មី ត្រូវប្រកាន់ខ្ជាប់នូវទស្សនៈរៀនឲ្យចេះមិនមែនរៀនឲ្យចប់នោះទេ
ខេត្តបាត់ដំបង ៖ នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល នៅល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញបើកវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៧ លើកទី១ ជូនដល់សិស្សនាយនគរបាល និងសិស្សនាយនគរបាលរងក្របខណ្ឌថ្មី ចំនួន១៩៣នាក់ ក្នុងកម្មសិក្សារយៈពេល៤ខែ នៅក្នុងសាលានគរបាលជាតិភូមិភាគ៥ ខេត្តបាត់ដំបង។
ឯកឧត្តម នាយឧត្តមសេនីយ៍សាស្រ្តាចារ្យ ក៏បានថ្លែងថា៖សិស្សដែលអាចទទួលបានវិញ្ញាបនបត្រសិក្សា លុះត្រាតែសិក្សាទទួលបានជោគជ័យនិងអនុវត្តន៍ទៅតាមនីតិវិធីជាធរមានរបស់សាលា។ ក្រោមការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសក្រោមកិច្ចដឹកនាំបញ្ជាផ្ទាល់ពីសម្ដេចក្រឡាហោម សខេង បណ្ឌិត្យសភានគរបាលកម្ពុជា បានដាក់ចេញផែនការយុទ្ធសាស្រ្ត រយៈពេល៥ឆ្នាំ និងកម្មវិធីកំណែទម្រង់លើការងារសំខាន់ៗរួមមាន៖ការងារដឹកនាំគ្រប់គ្រង,ការអភិវឌ្ឍកម្មវិធីអប់រំសមត្ថភាពគ្រូបង្រៀននិងការពង្រឹងវិន័យជាដើម ដើម្បីសំដៅក្នុងការលើកកម្ពស់គុណភាពអប់រំបណ្ដុះបណ្ដាល ឱ្យឆ្លើយតប ទៅតាមតម្រូវការ នៃ អង្គភាពប្រើប្រាស់កងកម្លាំងនគរបាលជាតិ និងឲ្យឆ្លើយតបស្របតាមទិសដៅរបស់ក្រសួងមហាផ្ទៃ និងគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាល។
នាយឧត្តមសេនីយ៍ ឯក មនោសែន ក៏បានធ្វើការណែនាំដាស់តឿននិងក្រើនរំលឹលដល់សិស្សនគរបាលគ្រប់រូប ដែលកំពុងតែបំពេញកម្មសិក្សា ត្រូវខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រ ហ្វឹកហាត់ គោរពវិន័យឱ្យបានខ្ជាប់ខ្ជួន ហាមដាច់ខាត ការប្រព្រឹត្តសកម្មភាពខុសច្បាប់នានា ត្រូវគោរពឱ្យបាននូវរាល់បទបញ្ជាផ្ទៃក្នុង បទបញ្ញត្តិ និងសេចក្ដីសម្រេចនានារបស់បណ្ឌិត្យសភានិងសាលាឲ្យបានម៉ឺងម៉ាត់ ។
បន្ថែមទៀតនោះ នាយឧត្តមសេនីយ៍ ឯក មនោសែន ក៏បានណែនាំឱ្យសិស្សពេលត្រឡប់ទៅបម្រើការងារនៅអង្គភាពខ្លួនវិញ ក៏ត្រូវចេះបង្ហាញពីឥរិយាបថការងារថ្មីជាមន្រ្តីនគរបាល ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់និងមានសីលធម៌ល្អ មានការទទួលខុសត្រូវខ្ពស់លើការងារ និងភារកិច្ចបទបញ្ជាចំពោះមុខរបស់ថ្នាក់លើ និងត្រូវមានភាពស្មោះត្រង់ ដើម្បីឱ្យថ្នាក់ដឹកនាំផ្ដល់នូវជំនឿជឿជាក់និងទំនុកចិត្ត មកលើខ្លួន ៕ អ៊ុក សំអាន


