មេដឹកនាំប្រទេស G7 ទទូចឲ្យរក្សាភាពអត់ធ្មត់ខ្ពស់ ខណៈទីក្រុងហុងកុងកំពុងធ្លាក់ជ្រៅ ក្នុងភាពតានតឹងខ្លាំង
បារាំង៖ មេដឹកនាំប្រទេសកំពូលសេដ្ឋកិច្ច G7 បានស្នើឱ្យមានការរក្សាភាពអត់ធ្មត់ និងបង្ហាញការគាំទ្រផងដែរដល់ស្វ័យភាពរបស់ទីក្រុងហុងកុង ដែលមានចែងនៅក្រោមកិច្ចព្រមព្រៀងឆ្នាំ១៩៨៤ រវាងអង់គ្លេស និងចិន។
សេចក្ដីថ្លែងការណ៍រួម ដែលបានចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ ក្រោយសន្និសីទកំពូល G7 ក្នុងទីក្រុង ប៊ីយ៉ារីត ប្រទេសបារាំង បានបញ្ជាក់ថា ប្រទេស G7 បានទទួលស្គាល់ពីអត្ថិភាព និងសារសំខាន់នៃកិច្ចព្រមព្រៀងអង់គ្លេស-ចិន ឆ្នាំ១៩៨៤ ស្ដីពីទីក្រុងហុងកុង និងអំពាវនាវឱ្យមានការរក្សាភាពស្ងប់ស្ងាត់ ព្រមទាំងបញ្ចៀសរាល់អំពើហិង្សាទាំងឡាយ។
ស្របពេលជាមួយគ្នានេះដែរ មេដឹកនាំប្រទេស G7 ក៏បានបង្ហាញពីក្ដីព្រួយបារម្ភជុំវិញស្ថានភាពបច្ចុប្បន្ននៅក្នុងទីក្រុងហុងកុងផងដែរ បន្ទាប់ពីក្រុមបាតុកររាប់សិបនាក់ ក្នុងនោះរួមមានយុវជនអាយុ១២ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួន ហើយប៉ូលិស២១នាក់បានរងរបួស ក្រោយការប៉ះទង្គិចគ្នាដោយហិង្សាកាលពីចុងសប្ដាហ៍កន្លងទៅ។ ដោយឡែកនៅថ្ងៃអង្គារនេះ អភិបាលក្រុងហុងកុង លោកស្រី ខារី ឡាំ បានហៅស្ថានការណ៍បច្ចុប្បន្ននេះថា កាន់តែអាក្រក់ខ្លាំងឡើងៗ៕ធ.ដ



