រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ បំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង សំដៅស្វែងរកការគាំទ្រពី ប្រទេសចិន
ចិន៖ នៅក្នុងជំនួបជាមួយសមភាគីចិនលោក វ៉ាង យី នៅឯទីក្រុងប៉េកាំង ក្នុងថ្ងៃចន្ទសប្ដាហ៍នេះ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក ម៉ូហំាម៉េដ ចាហ្វាដ ហ្សារីហ្វ បានថ្លែងថា ទីក្រុងតេហេរ៉ង់ និងទីក្រុងប៉េកំាងចាំបាច់ត្រូវតែរួមកម្លាំងគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងគំនិតបែបឯកតោភាគី និងទង្វើរំលោភបំពានលើច្បាប់អន្តរជាតិ។
ថ្វីបើប្រមុខការទូតអ៊ីរ៉ង់រូបនេះ មិនបានបញ្ជាក់ចំៗឈ្មោះក៏ដោយ តែគេអាចស្មានដឹងថា អ្វីដែលលោកបានលើកឡើងគឺចង់សំដៅលើសហរដ្ឋអាម៉េរិក ជាពិសេសគឺរដ្ឋបាលប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ។ នាឱកាសនោះដែរ លោក ហ្សារីហ្វ បានសង្កត់ធ្ងន់ថា គំនិតឯកតោភាគីកំពុងកើនឡើង ហើយការបដិសេធច្បាប់អន្តរជាតិ មិនមែនមានន័យត្រឹមតែការមិនគោរពច្បាប់អន្តរជាតិនោះទេ ប៉ុន្តែវាគឺជាចេតនាបំផ្លាញច្បាប់អន្តជាតិ ដូច្នេះយើងត្រូវតែរួមកម្លាំងគ្នាឡើង។
គួរបញ្ជាក់ថា ការកត់សម្គាល់បែបនេះរបស់លោក លោក ម៉ូហំាម៉េដ ចាហ្វាដ ហ្សារីហ្វ ត្រូវបានធ្វើឡើងស្របពេលដែលអ៊ីរ៉ង់ កំពុងស្វែងរកការគាំទ្រពីចិន បន្ទាប់ពីថ្នាក់ដឹកនាំ G7 ហាក់ដូចជាមិនអើពើសោះ ចំពោះសំណើរបស់ទីក្រុងតេហេរ៉ង់ ក្នុងការលុបចោលការដាក់ទណ្ឌកម្មប្រេង ជាថ្នូរនឹងការថែរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់៕ធ.ដ



