គូស្នេហ៍វ័យក្មេងមួយគូ ត្រូវបានកាត់ទោសជាប់ពន្ធនាគាររយៈពេល ១០ ឆ្នាំ បន្ទាប់ពីបានថតរាំជាមួយគ្នានៅប្រទេសអ៊ីរ៉ង់
តេហេរ៉ង់៖ នាដើមសប្តាហ៍កន្លងទៅថ្មីៗនេះ ក្រុមសកម្មជន សិទ្ធិមនុស្ស បានឱ្យដឹងថា គូដណ្ដឹងជនជាតិអ៊ីរ៉ង់មួយគូដែលមាន អាយុ ប្រមាណ ជា ២០ ឆ្នាំស្ដើង ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ១០ ឆ្នាំ ៦ ខែ បន្ទាប់ពីពួកគេបានបង្ហោះវីដេអូបង្ហាញពីការរាំបែប ផ្អែមល្ហែមជាមួយគ្នា។
កញ្ញា Astiyazh Haghighi អាយុ ២១ ឆ្នាំ និងគូដណ្តឹងរបស់នាង គឺលោក Amir Mohammad Ahmadi អាយុ ២២ ឆ្នាំត្រូវបាន ចោទពីបទ «ការលើកកម្ពស់ភាពមិនស្អាតស្អំ និងភាពមិនសមរម្យ ការប្រមូលផ្តុំ និងការឃុបឃិតប្រឆាំងនឹងសន្តិសុខជាតិ និងការ ឃោសនា ប្រឆាំងនឹងរបបរដ្ឋ»។ នេះបើយោងតាមទីភ្នាក់ ងារ សារព័ត៌មានសកម្មជនសិទ្ធិមនុស្ស ដែលជាវេទិកាបណ្ដាញសង្គម មួយរបស់ក្រុមសិទ្ធិមនុស្សនៅអ៊ីរ៉ង់។
ទីភ្នាក់ងារសារព័ត៌មានសកម្មជនសិទ្ធិមនុស្សនេះបានសរសេរថា «នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ កងកម្លាំងសន្តិសុខអ៊ីរ៉ង់បានចាប់ ខ្លួនគូដណ្ដឹងមួយគូនេះដោយប្រើប្រាស់ហិង្សានៅផ្ទះរបស់ពួកគេក្នុងទីក្រុងតេហេរ៉ង់ (Tehran)»។ ទីភ្នាក់ងារនេះបានបន្ថែមថា កញ្ញា Haghighi ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារស្ត្រីនៅក្នុង ស្រុក មួយ ឈ្មោះថា ស្រុកវ៉ារ៉ាមីន (Varamin)។
គួរបញ្ជាក់ថា វីដេអូរបស់អ្នកទាំងពីរដែលកំពុងរាំនៅមុខប៉ម Azadi Tower ក្នុងទីក្រុងតេហេរ៉ង់ បានទទួលបានការចាប់អារម្មណ៍ និងចែករំលែកបន្តៗគ្នាជាច្រើនមុនពេលចាប់ខ្លួនពួកគេទាំងពីរ។
គួរកត់សម្គាល់ថា កញ្ញា Haghighi និងលោក Ahmadi ត្រូវបានអាជ្ញាធរបដិសេធមិនផ្ដល់សិទ្ធិស្វែងរកមេធាវីដើម្បីពឹងពាក់ឱ្យការពារក្ដីនោះទេ និងត្រូវបានបដិសេធការព្យាយាមស្នើសុំឱ្យនៅ ក្រៅឃុំ។
គួរដឹងដែរថា គូដណ្ដឹងមួយគូនេះ ក្នុងម្នាក់ៗមានអ្នកតាមដាន រហូតដល់ទៅជិត មួយ លាននាក់ឯណោះនៅលើបណ្ដាញសង្គម Instagram ហើយការបង្ហោះរូបភាគច្រើនរបស់ពួកគេ តែងតែ បង្ហាញជាលក្ខណៈគូស្នេហ៍ស្ទើរតែគ្រប់រូបដែលពួកគេបានបង្ហោះ។
សារព័ត៌មាន BBC បានរាយការណ៍ថា កន្លងមក ការបង្ហោះរូបភាព និងវីដេអូផ្សេងៗនៅលើបណ្ដាញសង្គមរបស់ពួកគេទាំងពីរ មិនបានបង្ហាញថាមានជាប់ពាក់ព័ន្ធជាមួយនឹងការធ្វើបាតុកម្មប្រឆាំងនឹងរបបអ៊ីស្លាមនិយមដ៏តឹងរ៉ឹងរបស់ប្រទេសអ៊ីរ៉ង់នោះទេ។ ប៉ុន្តែ បើយោងតាមទីភ្នាក់ងារសារព័ត៌មានបារាំង បានរាយការណ៍ថា វីដេអូរាំបែបនេះត្រូវបានគេលើកសរសើរថាជានិមិត្តរូបនៃសេរីភាពដែលជាការគាំទ្របាតុកម្មតវ៉ាប្រឆាំងរដ្ឋាភិបាល។ បន្ថែមលើនេះ បើយោងតាមទីភ្នាក់ងារ AFP បានលើកឡើងថាតំបន់ប៉ម Azadi Tower នេះគឺជាទីតាំងដែលមានភាពរសើបខ្លាំងណាស់។
វិមានប៉មដ៏ធំនេះត្រូវបានសាងសង់ឡើងដោយស្ដេចមួយអង្គដែលមានឈ្មោះថា Shah Mohammad Reza Pahlavi ហើយការសាង សង់នេះធ្វើឡើងមិនយូរប៉ុន្មានមុនពេលដែលទ្រង់ត្រូវបានផ្ដួលរលំនៅក្នុងបដិវត្តន៍ឆ្នាំ១៩៧៩។
ប៉មនេះត្រូវបានរចនាឡើងដោយស្ថាបត្យករម្នាក់ដែលអនុវត្តជំនឿលើសាសនាមួយដែលមានឈ្មោះថា បាហាអ៊ិ (Baha’i) ជាសាសនា មួយដែលត្រូវបានសាធារណរដ្ឋអ៊ីស្លាមតាមបង្ក្រាបចាប់តាំងពីឡើងកាន់អំណាចមក។
ការកាត់ទោសគូស្នេហ៍វ័យក្មេងមួយគូនេះ គឺជាការកាត់ទោសមួយម ក្នុងចំណោមការកាត់ទោសដ៏ឃោរឃៅទៅលើមនុស្សផ្សេងទៀតដែលត្រូវបានចោទប្រកាន់ថាបានគាំទ្រការតវ៉ាប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាម។ គួរបញ្ជាក់ថា ចលនាតវ៉ាប្រឆាំងនេះបានចាប់ផ្ដើមផ្ទុះឡើង បន្ទាប់ពីការស្លាប់របស់យុវតីម្នាក់ឈ្មោះថា Mahsa Amini អាយុ ២២ ឆ្នាំ អំឡុងពេលនាងកំពុងស្ថិតក្នុងការឃុំឃាំងរបស់ប៉ូលីស សីលធម៌របស់អ៊ីរ៉ង់។
រហូតមកទល់ពេលនេះ អង្គការសហប្រជាជាតិបានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ១៤ ០០០ នាក់ រួមទាំងកុមារ អត្តពលិក និងតារាល្បីៗត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ក្រោយពីការចូលរួម បាតុកម្មតវ៉ារបស់ពួកគេ។ មិនត្រឹមតែប៉ុណ្ណោះ យ៉ាងហោចណាស់ មានការកាត់ទោសប្រហារជីវិតមនុស្សចំនួន ១១ នាក់ដែលជាប់ ពាក់ព័ន្ធនឹងការចេញតវ៉ាប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ង់៕
ដោយ៖ធា សុណា
ប្រភព៖ https://www.insider.com/young-iranian-couple-imprisoned-10-years-dancing-together-video-2023-2