កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធអាកាស ដើម្បីឆ្លើយតបការគំ រាមកំហែងរបស់កូរ៉េខាងជើង
សេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូងយ៉ុនហាប់( Yonhap) បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ទី ០២ ខែកុម្ភៈ នេះថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធយោធាដែនអាកាសរួមគ្នា ដោយ ប្រើយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រអាមេរិក និងយន្តហោះ ចម្បាំង បំបាំងកាយ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែង របស់ កូរ៉េខាងជើង។ នេះបើតាមការរាយការណ៍បន្ត របស់ទីភ្នាក់ងារ សារព័ត៌មាន AFP។
ទីភ្នាក់ងារ Yonhap ចុះផ្សាយដោយស្រង់សម្ដីយោធាកូរ៉េខាងត្បូងថា យន្តហោះទាំងនោះបានធ្វើប្រតិបត្តិការហោះហើរកាលពីថ្ងៃពុធលើសមុទ្រលឿង ដែលស្ថិតនៅចន្លោះប្រទេសចិន និងឧបទ្វីបកូរ៉េ ក្នុង សមយុទ្ធលើកដំបូងនាឆ្នាំនេះ។
សមយុទ្ធដែនអាកាសនេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីរដ្ឋមន្រ្តីការពារ ជាតិអាមេរិក លោក Lloyd Austin និងសមភាគីកូរ៉េខាងត្បូង បានព្រមានអំពីកំណើននៃការធ្វើសមយុទ្ធបែបនេះ និង កិច្ច សហ ប្រតិបត្តិការសន្តិសុខបន្ថែមទៀតរវាងក្រុងសេអ៊ូល និង ក្រុង វ៉ាស៊ីនតោន ខណៈសម្ព័ន្ធទាំងពីរកំពុងប្រឈមមុខនឹង ការកើន ឡើងនៃការសាកល្បងមីស៊ីល និងការគំរាមកំហែង នុយក្លេអ៊ែរ ពីទីក្រុងព្យុងយ៉ាង។
ការបង្ហាញកម្លាំងយោធាលើកនេះ ត្រូវបានចូលរួមដោយយន្តហោះ ទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-1B និងយន្តហោះចម្បាំងបំបាំងកាយ F-22 និង F-35B ពីកងទ័ពអាកាសអាមេរិក និងយន្តហោះចម្បាំង F-35A ពីយោធាកូរ៉េខាងត្បូង។
Yonhap បានស្រង់សម្ដីក្រសួងការពារជាតិកូរ៉េខាងត្បូង ដែល លើកឡើងថា ៖ «សមយុទ្ធដែនអាកាសរួមគ្នាលើកនេះ បង្ហាញពីឆន្ទៈ និងសមត្ថភាពរបស់សហរដ្ឋអាមេរិក ក្នុងការផ្តល់នូវការទប់ស្កាត់ ដ៏រឹងមាំ និងគួរឱ្យទុកចិត្ត ប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង»។
ការពង្រីកសកម្មភាពទប់ទល់នេះ បង្ហាញពីការប្ដេជ្ញារបស់អាមេរិក ក្នុងការប្រើប្រាស់ធនធានយោធាពេញលេញ រួមទាំងអាវុធនុយក្លេអ៊ែរ ដើម្បីការពារកូរ៉េខាងត្បូង។
គួរបញ្ជាក់ថា ទីក្រុងសេអ៊ូលចង់បញ្ជុះបញ្ជូលសាធារណជនឱ្យទុក មចិត្តលើការប្តេជ្ញាចិត្តការពារដ៏រឹងមាំរបស់អាមេរិក បន្ទាប់ពីកូរ៉េ ខាងជើង បានប្រកាសខ្លួនឯងកាលពីឆ្នាំថា កម្មវិធីនុយក្លេអ៊ែរ របស់ក្រុងព្យុងយ៉ាងកំពុងឆ្ពោះទៅមុខមិនអាចងាកក្រោយបាន ហើយបន្តធ្វើការសាកល្បងអាវុធហាមឃាត់ស្ទើរតែរៀងរាល់ខែ។
សេចក្ដីថ្លែងការណ៍មួយ ដែកចេញផ្សាយកាលពីថ្ងៃពុធ ក្រោយទស្សនកិច្ចទៅកូរ៉េខាងត្បូងរបស់លោក Austin បានលើកឡើងថា លោក Austin និងរដ្ឋមន្ត្រីការពារជាតិ កូរ៉េខាងត្បូង លោក Lee Jong-sup បានយល់ព្រមពង្រីក និងជំរុញកម្រិត និងទំហំ នៃសមយុទ្ធយោធារួមគ្នា ដោយមើលឃើញពី «ការបង្កហេតុបន្ត» របស់កូរ៉េខាងជើង រួមទាំងការបង្ហោះដ្រូនចូលទឹកដីកូរ៉េខាងត្បូង។
សូមរំឭកផងដែរថា ភាពតានតឹងផ្នែកយោធានៅឧបទ្វីបកូរ៉េ បាន កើនឡើងយ៉ាងខ្លាំងក្នុងឆ្នាំ ២០២២ ពោលគឺនៅពេល កូរ៉េខាង ជើងបានធ្វើការសាកល្បងអាវុធក្នុងល្បឿនលឿន និងច្រើន រហូត ដល់បំបែកកំណត់ត្រា រួមទាំងការបាញ់មីស៊ីលផ្លោង អន្តរទ្វីប ទំនើបបំផុតរបស់ខ្លួន។ អាមេរិក និងកូរ៉េខាងត្បូង បានធ្វើការឆ្លើយតប សកម្មភាពគំរាមកំហែនសន្តិសុខទាំងនេះដោយការធ្វើសមយុទ្ធយោធារួមគ្នា ប៉ុន្តែត្រូវបានកូរ៉េខាងជើងមើលឃើញថា ជាការហាត់សម ដើម្បីធ្វើសង្រ្គាម៕
ដោយ៖ហួន ឌីណា
ប្រភព៖ South Korea, US stage air drills in response to North Korea threats