អាជ្ញាធរថៃប្រកាសថា កំហាប់ខ្យល់អាក្រក់កើនឡើង នៅទីក្រុង បាងកក ជាសញ្ញាគួរប្រុងប្រយ័ត្ន

ថៃ៖ អាជ្ញាធរថៃប្រកាសថា កំហាប់ខ្យល់អាក្រក់កើនឡើងនៅទីក្រុង បាងកក ដែលជាសញ្ញាឱ្យប្រជាពលរដ្ឋគួរប្រុងប្រយ័ត្នចំពោះបញ្ហា សុខភាព។នេះបើតាមការបញ្ជាក់របស់រដ្ឋបាលក្រុងបាងកកកាល ពីថ្ងៃទី០១ខែកុម្ភៈឆ្នាំ២០២៣។

ប្រភពពីប្រទេសថៃឱ្យដឹងថា សន្ទស្សន៍គុណភាពខ្យល់(AQI) នៅទី ក្រុងបាងកកឡើងដល់១៦៦ ដែលជាតួរលេខមួយបង្ហាញថា បរិយាកាស នៅទីនោះមានកំហាប់ខ្យល់ពុល PM2.5 កម្រិតខ្ពស់។
តាមការស្រាវជ្រាវផ្នែកបរិស្ថានបង្ហាញថា បើសិនជាសន្ទស្សន៍ គុណភាពខ្យល់ (AQI)លើស១០០បានន័យថា បរិយាកាស នៅ តំបន់នៅស្ថិតនៅក្នុងកម្រិតមិនល្អ បើសន្ទស្សន៍គុណភាពខ្យល់ (AQI)លើសពី២០០បានន័យថា បរិយាកាសនៅតំបន់ នោះមាន កម្រិតអាក្រក់ ខណៈដែលសន្ទស្សន៍គុណភាពខ្យល់ (AQI)ឡើង ដល់៣០០នោះបានន័យថាជាសញ្ញាអាសន្នសម្រាប់សុខមាលភាពមនុស្សសត្វឬកម្រិតគ្រោះថ្នាក់។

ចំពោះកំហាប់PM2.5 ជាទម្រង់នៃការបំពុលខ្យល់ដែល អាក្រក់ បំផុត ដែលមានន័យថា គឺជាការរកឃើញនូវភាគល្អិតតូចនៅក្នុង បរិយាកាសដែលមានអង្កត់ផ្ចិតត្រឹម២,៥មីក្រូម៉ែត្រឬមានន័យថាបរិយាកាសនៅតំបន់នោះ សម្បូរទៅដោយភាគល្អិតដែលតូចៗ ទំហំ ប៉ុន៣០ភាគរយនៃសរសៃសក់របស់មនុស្សយើង។ ភាគល្អិតទាំងអស់នេះងាយជ្រាបចូលទៅក្នុងសួតឬចូលទៅក្នុងចរន្ដឈាម។
អ្នកវិទ្យាសាស្ត្រព្រមានថា បើសិនជាមនុស្សស្រូបយកកំហាប់ PM2.5កាន់តែយូរនឹងអាចបណ្ដាលឱ្យកើតជំងឺសរសៃឈាមបេះដូង ជំងឺផ្លូវដង្ហើម និងមហារីកជាដើម។

អភិបាលក្រុងបាងកក លោក Chadchart Sittipunt បាន ព្រមាន សាធារណជនអំពីខ្យល់អាកាសមិនល្អ ដោយជំរុញឱ្យ ប្រជាជនតាមដានសុខភាពប្រសិនបើពួកគេលំបាកដកដង្ហើម ក្រហាយភ្នែក ឬក្អកជាដើម។លោកក៏ព្រមានឱ្យមនុស្សកាត់បន្ថយសកម្មភាពក្រៅផ្ទះ ឬ ពាក់ម៉ាស់ពេលចេញទៅក្រៅផ្ទះ។

ការិយាល័យទំនាក់ទំនងសាធារណៈនៃរដ្ឋបាលក្រុងបាងកក (BMA)បញ្ជាក់ថា ៖«អភិបាលក្រុង លើកទឹកចិត្តសាធារណជន ឱ្យធ្វើការពីផ្ទះ និងប្រើប្រាស់ការដឹក ជញ្ជូនសាធារណៈ។ទីក្រុងបាងកក និងខេត្តនៅជិតៗនេះ អាចថានឹងជួបប្រទះនូវខ្យល់ អាកាសមិនល្អចាប់ពីថ្ងៃពុធដល់ថ្ងៃសៅរ៍»។
អាជ្ញាធរថៃព្រមានទៀតថា ក្រុមដែលងាយរងគ្រោះដោយសារខ្យល់ ពុលនេះមានកុមារតូចៗ ស្ត្រីមានផ្ទៃពោះនិងមនុស្សចាស់។អាជ្ញាធរស្នើឱ្យក្រុមមនុស្សទាំងអស់នេះពាក់ម៉ាស់ដែលមានសមត្ថភាពចម្រោះជាតិពុល PM2.5៕
ដោយ៖វណ្ណ ស័ក្ដិ

ads banner