សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យធ្វើការទប់ស្កាត់ ការពារ កុំឱ្យមេរោគកូវីដ១៩ចូលក្នុងសាលា
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបាន ណែនាំទៅដល់គ្រប់សាលារៀនទាំងអស់ត្រូវទប់ស្កាត់យ៉ាងណាកុំឱ្យមេរោគកូវីដ១៩ចូលក្នុងសាលាឱ្យសោះ ហើយត្រូវខិតខំទប់ ស្កាត់ ការពារកុំឱ្យមានការរីករាលដាលតាមរយៈនៃការ អនុវត្ត នូវ វិធានការសុខាភិបាល។
សម្ដេចតេជោនាយករដ្ឋមន្រ្តីបានលើកឡើងដូចនេះនាថ្ងៃទី២ ខែកុម្ភៈ ក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងឆ្នាំ សិក្សា២០២១-២០២២ សរុបជាងមួយពាន់នាក់នៅមជ្ឈ មណ្ឌល សន្និបាត និងពិព័រណ៍កោះពេជ្រ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖ «ឆ្នាំនេះ បញ្ហាកូវីដ១៩ បានធូរស្រាល ហើយការធូរស្រាលនេះវាក៏មាន ការរួមចំណែករបស់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៅទូទាំង ប្រទេស ហើយក៏សុំឱ្យលោកគ្រូអ្នកគ្រូ សិស្សានុសិស្សបន្តខិត ខំធ្វើយ៉ាងណាកុំឱ្យសាលារបស់យើងមានកូវីដ ហើយប្រសិន បើមានក៏ត្រូវខិតខំធ្វើយ៉ាងណាកុំឱ្យមានការរីករាលដាលដោយត្រូវជំរុញឱ្យមានការអនុវត្តវិធានការសុខាភិបាលឱ្យបានត្រឹមត្រូវ»។
ទន្ទឹមនេះសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ៖ «យើងមិន ត្រូវបាត់ការប្រុងប្រយ័ត្ននោះទេ ហើយត្រូវគ្រប់គ្រងឱ្យបានទាក់ ទង នឹងកូវីដនេះ ហើយរឿងកន្លងទៅដែលយើងប្រញាប់បិទ សាលា ភ្លាមៗគឺកង្វល់ដ៏ធំបំផុតរបស់យើងគឺបារម្ភរឿងគ្រូបង្រៀន និង សិស្ស ដែលអាចនឹងមានការស្លាប់ និងមានការរីករាលដាលខ្លាំង»។
លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល និងជា ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវិដ១៩ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) ធ្លាប់បានលើកឡើងកាលពី ថ្ងៃ៣១ ខែមករា ថា សិស្សានុសិស្ស ប្រជាពលរដ្ឋ កម្មករកម្មការិនី ទាំងអស់ កុំពន្យារពេលចាក់វ៉ាក់សាំងដូសជំរុញលើសពី រយៈពេល ដែលក្រសួងសុខាភិបាលបានកំណត់។
លោកជំទាវបានបញ្ជាក់ថា ៖ «រយៈពេលពីដូសជំរុញមួយទៅដូស ជំរុញមួយទៀត គឺពី ៤ទៅ៦ខែ និងពី៣ខែឡើងទៅ សម្រាប់ អ្នកជាសះស្បើយពីជំងឺកូវីដ១៩ ហើយត្រូវចងចាំថ្ងៃខែឆ្នាំដែល បុគ្គលបានចាក់ដូសចុងក្រោយសម្រាប់ការចាក់ដូសបន្តបន្ទាប់ទៀតនៅពេលដល់វេនចាក់ដោយមិនហួសពេលយូរពេកដែលធ្វើឱ្យកងការពារក្នុងសរីរាង្គកាយបុគ្គលនឹងធ្លាក់ចុះខ្សោយ ឬចុះអស់ តែម្តង»។
ទាក់ទងនឹងការចាក់វ៉ាក់សាំងកូវីដ១៩នេះដែរ លោកជំទាវក៏បាន ណែនាំទៅដល់គណៈនាយកសាលា ឱ្យបន្តយកចិត្តទុកដាក់ ដល់ការចាក់វ៉ាក់សាំងកូវីដ១៩ ដល់សិក្សានុសិស្ស និងអ្នកគ្រូ-លោកគ្រូ ព្រមទាំងបុគ្គលិកសាលារបស់ខ្លួន ដោយរៀបចំ កាលវិភាគ ដើម្បីឱ្យក្រុមគ្រូពេទ្យមកផ្ដល់សេវាការចាក់វ៉ាក់ សាំង កូវីដ១៩ នៅសាលាផ្ទាល់តែម្ដង ទៅតាមវេន និងបន្តការអនុវត្ត វិធានការ អប់រំ ការពារ បង្ការ និងទប់ស្កាត់ការរីករាលដាល ឫផ្ទុះឡើងសារជាថ្មីនៃជំងឺឆ្លងដ៏កាចសាហាវនេះជាបន្តទៀត។
សូមបញ្ជាក់ថា បច្ចុប្បន្នទីតាំងចាក់វ៉ាក់សាំងកូវីដ១៩ មាន នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ទូទាំង ២៥ រាជធានី-ខេត្ត និងនៅតាមមន្ទីរពេទ្យជាតិ ដែលផ្តល់ភាពងាយស្រួល ជូន ដល់ប្រជាពលរដ្ឋអាចទៅទទួលវ៉ាក់សាំងបាននៅគ្រប់ទីកន្លែងនៅក្នុងប្រទេស។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ លទ្ធផលនៃការចាក់ វ៉ាក់សាំង កូវីដ១៩ធៀបនឹងចំនួនប្រជាជនសរុប១៦ លាននាក់ មាន ៩៥,៣៩ភាគរយ។
ក្រសួងបានបន្តថា សម្រាប់អត្រានៃការចាក់ដូសទី៣ មានចំនួន ជាង ១០,៥ លាននាក់ អត្រាចាក់ដូសទី៤ មានចំនួន ជិត ៥លាននាក់ អត្រាចាក់ដូសទី៥ មានចំនួន ជាង ១,៥ លាននាក់ និងអត្រានៃការចាក់ដូសទី៦ មានចំនួន ជាង១៦ ម៉ឺននាក់៕
ដោយ៖នាង សុគន្ធា