ហ្វីលីពីនផ្ដល់សិទ្ធិឱ្យអាមេរិកពង្រីកលទ្ធភាពចូលប្រើមូលដ្ឋានយោធា ចំពេលមានការព្រួយបារម្ភពីចិន

ម៉ានីល៖​ ក្រសួងការពារជាតិទ្វេភាគីប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី២ ខែកុម្ភៈនេះថា ហ្វីលីពីនបានផ្តល់សិទ្ធិឱ្យសហរដ្ឋអាមេរិកបង្កើន លទ្ធភាព ចូលប្រើប្រាស់មូលដ្ឋានយោធាក្នុងប្រទេសរបស់ខ្លួន ចំ ពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីអំណាច និងការ ទាមទារ របស់ចិននៅលើដែនទឹកជម្លោះនៃសមុទ្រចិនខាងត្បូង និងនៅកោះតៃវ៉ាន់។

ការប្រកាសនេះធ្វើឡើងក្រោយជំនួបនៅហ្វីលីពីន រវាងរដ្ឋមន្ត្រី ការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin និងរដ្ឋមន្ត្រី ការពារជាតិហ្វីលីពីន លោក Carlito Galvez ។

សេចក្ដីថ្លែងការណ៍រួមពីក្រសួងការពារជាតិនៃប្រទេសទាំងពីរបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនទទួលបានសិទ្ធិចូលប្រើទីតាំង ចំនួនបួន បន្ថែមទៀតពីលើទីតាំងចំនួនប្រាំដែលមានស្រាប់ ក្រោមកិច្ចព្រមព្រៀងពង្រឹងសហប្រតិបត្តិការការពារជាតិ(EDCA) ដែលចុះហត្ថលេខាដំបូងក្នុងឆ្នាំ ២០១៤។

លោក Austin បានពណ៌នាការសម្រេចចិត្តរបស់ទីក្រុងម៉ានីល ក្នុង សន្និសីទសារព័ត៌មានជាមួយលោកGalvezថាជា«កិច្ចព្រមព្រៀងធំ» ខណៈរដ្ឋមន្រ្តីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួម ក្នុង ការពង្រឹងសម្ព័ន្ធភាពរវាងអាមេរិក និងហ្វីលីពីន។ លោកបន្តថា៖ «សម្ព័ន្ធភាពរបស់យើង ធ្វើឱ្យលទ្ធិប្រជាធិបតេយ្យរបស់យើងកាន់ តែ មាន សុវត្ថិភាព និងជួយរក្សាឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើក ចំហ»។

បន្ថែមពីលើនេះលោក Austin បានថ្លែងថា៖ «យើងបានពិភាក្សា អំពីសកម្មភាពជាក់ស្តែង ដើម្បីដោះស្រាយសកម្មភាពអស្ថិរភាព នៅក្នុងដែនទឹកជុំវិញហ្វីលីពីន រួមទាំងសមុទ្រហ្វីលីពីនខាងលិច ហើយយើងនៅតែប្តេជ្ញាពង្រឹងយោធាទៅវិញទៅមករបស់យើង ដើម្បីទប់ទល់នឹងការវាយប្រហារដោយប្រដាប់អាវុធ»។
លោកបន្តថា៖ «នោះគ្រាន់តែជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង របស់យើង ដើម្បីធ្វើទំនើបកម្មសម្ព័ន្ធភាពរបស់យើង ហើយ កិច្ច ខិតខំប្រឹងប្រែងទាំងនេះ មានសារៈសំខាន់ជាពិសេសនៅពេល ដែល សាធារណរដ្ឋប្រជាមានិតចិន បន្តជំរុញការទាមទារខុស ច្បាប់របស់ខ្លួននៅសមុទ្រហ្វីលីពីនខាងលិច(សមុទ្រចិនខាងត្បូង)»។
ក្រោមការព្រមព្រៀងថ្មី អាមេរិកអាចប្រើប្រាស់មូលដ្ឋានយោធា ហ្វីលីពីនចំនួនប្រាំបួនកន្លែង។ កិច្ចព្រមព្រៀង EDCA អនុញ្ញាត ឱ្យសហរដ្ឋអាមេរិកចូលទៅកាន់មូលដ្ឋានយោធាហ្វីលីពីន សម្រាប់ ការហ្វឹកហ្វឺនរួមគ្នា ការកំណត់ទីតាំងជាមុនសម្រាប់ដាក់គ្រឿង បរិក្ខារយោធា និងការកសាងកន្លែងផ្សេងៗដូចជាផ្លូវរត់យន្តហោះ កន្លែងផ្ទុកប្រេងឥន្ធនៈ និងលំនៅដ្ឋានយោធាជាដើម ។ប៉ុន្តែមិន មែន ជាអចិន្ត្រៃយ៍នោះទេ។

ក្នុងការប្រកាសនៅថ្ងៃព្រហស្បតិ៍នេះ លោក Austin និងលោក Galvez មិនបាននិយាយថាទីតាំងថ្មីនឹងនៅឯណានោះទេ ប៉ុន្តែ មានការរាយការណ៍ថា សហរដ្ឋអាមេរិកបានស្នើសុំចូលប្រើប្រាស់ មូលដ្ឋានយោធានៅលើទឹកដីភាគខាងជើងនៃកោះ Luzon ជា ទឹកដីហ្វីលីពីនដែលស្ថិតនៅជិតកោះតៃវ៉ាន់ និងនៅលើកោះ ប៉ាឡាវ៉ាន ដែលនៅជិតប្រជុំកោះជម្លោះស្រ្ពាតលីក្នុងសមុទ្រ ចិន ខាងត្បូង ដែលចិនទាមទារថាជារបស់ខ្លួនស្ទើរតែទាំងអស់។

គេមិនទាន់ឃើញមានប្រតិកម្មយ៉ាងណាពីរដ្ឋាភិបាលចិននៅឡើយទេ ជុំវិញការព្រមព្រៀងចុងក្រោយនេះ ខណៈជំហានបែបនេះ ត្រូវ បានអ្នកវិភាគមើលឃើញថា នឹងបង្កការខឹងសម្បារពីចិន ដែល បង្កើនសកម្មភាពយោធាទាំងនៅជុំវិញកោះតៃវ៉ាន់ និងសមុទ្រចិន ខាងត្បូង៕
ដោយ៖ហួន ឌីណា
ប្រភព៖ Philippines grants US greater access to bases amid China concerns

ads banner