គណៈកម្មការជំនាញនៃរដ្ឋសភាពិនិត្យសេចក្តីព្រាងច្បាប់ស្តីពី​​ ប្រព័ន្ធ ហិរញ្ញវត្ថុសាធារណៈ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖​ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បើកកិច្ចប្រជុំដើម្បី ពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ដើម្បី ដាក់ទៅគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ពិនិត្យ និងសម្រេច មុននឹងដាក់ទៅសម័យប្រជុំពេញអង្គនៃរដ្ឋសភា ពិភាក្សា និងអនុម័តនៅពេលខាងមុខ។

ក្នុងកិច្ចប្រជុំពិភាក្សានៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង សវនកម្ម នៃរដ្ឋសភា បានឱ្យដឹងថា កិច្ចប្រជុំនាថ្ងៃនេះគឺ សមាជិក សមាជិកា រដ្ឋសភា ចង់បានការបំភ្លឺបន្ថែមពីតំណាងរាជរដ្ឋា ភិបាល លើសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈនូវចំណុចមួយចំនួនដែលពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់នេះ ដើម្បីជាមូលដ្ឋាន ក្នុងការប្រជុំពិភាក្សាអោយកាន់តែស៊ីជម្រៅ និងឯកភាពគ្នានា ពេលនេះ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា សេចក្តីព្រាង ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈត្រូវបានរៀបចំឡើងដើម្បីកសាងក្របខ័ណ្ឌគតិយុត្តគោល និងចាំបាច់ សម្រាប់ការអនុវត្ត ប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្មឬហៅកាត់ថាថវិកាសមិទ្ធកម្មដែលជាម៉ូដែលសមស្របសម្រាប់កម្ពុជា។

ឯកឧត្តមបានថ្លែងថា ៖ «ក្នុងគោលបំណងនេះ រាជរដ្ឋាភិបាល បានប្រគល់ភារកិច្ចដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យដឹកនាំ ការងាររៀបចំសេចក្តីព្រាងច្បាប់នេះចាប់តាំងពីឆ្នាំ២០២០ដែលសេចក្តីព្រាងច្បាប់នេះគឺជាច្បាប់គោលគ្របដណ្តប់លើការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងសម្រាប់ពង្រឹងការអនុវត្ត ថវិកា ព័ត៌មានសមិទ្ធកម្ម»។នេះជាជំហានដ៏សំខាន់សម្រាប់ពង្រឹងគណនេយ្យភាពសមិទ្ធកម្ម ក្នុងគោលដៅធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជាដែលអាចអនុវត្តក្នុងបរិការណ៍កម្ពុជា ព្រមទាំងស្របតាម ទិសដៅ នៃ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥ របស់រាជរដ្ឋាភិបាល និងស្របតាមឧត្តមានុវត្តជាអន្តរជាតិ»។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ នេះ មាន៩ជំពូក និង១០៩មាត្រា ។សេចក្តីព្រាងច្បាប់នេះ ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី អនុម័តទាំងស្រុងកាល ពីថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៣ កន្លងទៅនេះផងដែរ។

យោងតាមរដ្ឋសភាកម្ពុជាបានឱ្យដឹងដែរថា ក្រោយពីមានការ សាកសួរពីគណៈកម្មការជំនាញនានា និងបកស្រាយពីតំណាង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អង្គប្រជុំបានឯកភាពលើខ្លឹមសារ រួមនៃសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈដោយគ្រាន់តែកែសម្រួលអក្ខរាវិរុទ្ធឱ្យត្រឹមត្រូវតាមអត្ថបទច្បាប់ ហើយ គណៈកម្មការជំនាញ និងរាយការណ៍ទៅគណៈអចិន្ត្រៃយ៍ពិនិត្យ សម្រេចដាក់ចូលទៅក្នុងរបៀបវារៈកិច្ចប្រជុំពេញអង្គរបស់រដ្ឋសភានាពេលខាងមុខ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ផៃ ស៊ីផាន បានឱ្យដឹងថា សេចក្តី ព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ត្រូវបានរៀបចំ ក្នុងគោលបំណងដើម្បីកសាងក្របខ័ណ្ឌគតិយុត្តគោល និងចាំបាច់ សម្រាប់ការអនុវត្តប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម ឬហៅកាត់ ថា «ថវិកាសមិទ្ធកម្ម» ដែលជាម៉ូដែលសមស្របសម្រាប់កម្ពុជា ស្រប តាមយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធ ថវិកាឆ្នាំ២០១៨-២០២៥ ដែលជាស្នូលនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ឯកឧត្តមបានបន្ថែមថា លើសពីនេះ ភាពជឿទុកចិត្តថវិកា គណនេយ្យ ភាពហិរញ្ញវត្ថុ ការផ្សារភ្ជាប់ថវិកាទៅនឹង គោល នយោបាយ និងគណនេយ្យសមិទ្ធកម្ម ដែលសសរស្តម្ភទាំង បួននៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានគិតគូរបញ្ចូល គ្រប់ជ្រុងជ្រាយ សំដៅធានាប្រសិទ្ធភាព និងចីរភាពនៃការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាការ ទ្រទ្រង់ស្ថិរភាព ម៉ាក្រូ សេដ្ឋកិច្ច កំណើនសេដ្ឋកិច្ច និងសមធម៌សង្គម៕
ដោយ៖យុទ្ធ វីរៈ

ads banner