ថ្នាក់ដឹកនាំអង្គការអភិវឌ្ឍន៍អន្តរជាតិ IFAD កោតសរសើរការដឹកនាំរបស់សម្តេចតេជោ លើកិច្ចអភិវឌ្ឍកម្ពុជា រក្សាបានសុខសន្តិភាព និងស្ថេរភាពសង្គម
ភ្នំពេញ៖ លោកជំទាវ ច្យូតស្នា ពូរី (Jyotsna Puri) អនុប្រធានមូលនិធិអន្តរជាតិ សម្រាប់កិច្ចអភិវឌ្ឍន៍លើវិស័យកសិកម្ម IFAD (International Fund For Agricultural Development) បានថ្លែងកោតសរសើរការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លើកិច្ចអភិវឌ្ឍន៍កម្ពុជា រក្សាបានសុខសន្តិភាព និងស្ថេរភាពសង្គម ។

នេះបើតាមការបញ្ជាក់របស់ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានប្រាប់អ្នកយកព័ត៌មាននៅក្រោយជំនួបពិភាក្សាការងាររវាងលោកជំទាវ ច្យូតស្នា ពូរី និងសហការីជាមួយសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព នារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្នុងជំនួបនេះ លោកជំទាវ ពូរី បានសម្តែងការគោរព និងកោតសរសើរសម្តេចតេជោ ចំពោះកិច្ចប្រឹងប្រែង ក្នុងការថែរក្សាសុខសន្តិភាព និងស្ថេរភាពសង្គម។ លោកជំទាវ បានបញ្ជាក់ទៀតថា ក្នុងពេលជួបការរាតត្បាតជំងឺកូវីដ១៩ សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធីសាស្ត្រទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ បានយ៉ាងមានប្រសិទ្ធភាពខ្ពស់។ បន្ថែមពីលើនោះ ក៏បានជួយរក្សាលំនឹងជីវភាពប្រជាពលរដ្ឋមិនឱ្យធ្លាក់ទៅក្រោមបន្ទាត់នៃភាពក្រីក្រវិញ។

លោកជំទាវ ក៏បានបង្ហាញការពេញចិត្តចំពោះកិច្ចអន្តរាគមន៍របស់សម្តេចតេជោ ក្នុងកិច្ចគាំពារសង្គមលើអាហារូបត្ថម្ភ។ បន្ថែមពីលើនេះ អនុប្រធាន IFAD បានកោតសរសើរចំពោះការដាក់ចេញគោលនយោបាយរបស់រាជរដ្ឋាភិបាល លើវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ ដោយឱ្យមានអ្នកបច្ចេកទេសកសិកម្ម នៅតាមឃុំ និងកម្មវិធីស្រោចស្រប់ ដើម្បីផលិតកសិផលមានគុណភាពស្របតាមតម្រូវការទីផ្សារ។ លោកជំទាវ បានជម្រាបសម្តេចតេជោថា មូលនិធិ IFAD គាំទ្រនូវកិច្ចប្រឹងប្រែងថែរក្សាសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍របស់កម្ពុជា។

ជាការឆ្លើយតប សម្តេចតេជោ បានសម្តែងនូវក្តីរីករាយសារជាថ្មីម្តងទៀត ចំពោះភាពជាដៃគូដ៏ល្អជាមួយមូលនិធិ IFAD។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា មូលនិធិ IFAD គឺជាអង្គការដៃគូអភិវឌ្ឍន៍ដ៏ល្អរបស់កម្ពុជា ដែលមានកិច្ចសហប្រតិបត្តិការជាមួយគ្នារយៈពេល៣០ឆ្នាំមកហើយ និងមានទស្សនៈដូចគ្នា។ សម្តេច ស្នើឱ្យបន្តភាពជាដៃគូល្អនេះទៅមុខទៀត។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជា យកចិត្តទុកដាក់លើការអភិវឌ្ឍកសិកម្ម និងជនបទ ពោល គឺចង់ធ្វើយ៉ាងណាឱ្យកសិករ ផលិត ហើយទទួលបានផលចំណេញ និងចង់រក្សាពលរដ្ឋ ដើរឆ្លងផុតបន្ទាត់ភាពក្រីក្រហើយ មិនឱ្យធ្លាក់ទៅវិញ។ បន្ថែមពីលើនោះ រាជរដ្ឋាភិបាល ចង់ជំរុញវិស័យកសិកម្មឱ្យទៅជាកសិ-ពាណិជ្ជកម្ម និងកសិ-ឧស្សាហកម្ម។

ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចប្រកាសបង្កើនកញ្ចប់ថវិកាវិភាគទាន ទៅមូលនិធិ IFAD ពី ៦០ម៉ឺនដុល្លារ ទៅដល់ ១លានដុល្លារក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨។
សូមបញ្ជាក់ថា លោកជំទាវ ច្យូតស្នា ពូរី បាននិងកំពុងដឹកនាំគណៈប្រតិភូមូលនិធិអន្តរជាតិ IFAD ទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនានាក្នុងវិស័យរបស់ខ្លួន។ មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម (IFAD) គឺជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងជាទីភ្នាក់ងារឯកទេសរបស់អង្គការសហប្រជាជាតិមួយ ដែលធ្វើការងារដោះស្រាយភាពក្រីក្រ និងភាពអត់ឃ្លាន នៅក្នុងតំបន់ជនបទនៃប្រទេសកំពុងអភិវឌ្ឍន៍។ IFAD ជាអង្គការអភិវឌ្ឍន៍ពហុភាគី តែមួយគត់ ដែលផ្តោតលើសេដ្ឋកិច្ចជនបទ និងសន្តិសុខស្បៀង ៕ ដោយ វណ្ណលុក