ដាំផ្កាស្បៃរឿងចំនួន ១លានដើម នឹងត្រូវដាំនៅស្រុកអូររាំងឪ ថ្វាយទេវតា រីករាយសាទរឆ្នាំថ្មីប្រពៃណីជាតិ

ខេត្តត្បូងឃ្មុំ ៖ ការដ្ឋានដាំផ្កាស្បៃរឿងចំនួន១លានដើម ដែលជាអំណោយរបស់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានរៀបចំរួចជាស្រេចហើយ នៅជុំវិញទន្លេស្ងួត ក្នុងតំបន់ប្រាសាទព្រះធាតុបាស្រី ស្ថិតនៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។

ផ្កាស្បៃរឿងទាំង ១លានដើម ដែលគ្រោងដាំនៅទីនេះ គឺថ្វាយដល់ទេវតាឆ្នាំថ្មី ដែលគ្រោងយាងមកប្រោសព្រំពរជ័យសិរីសួស្តី ជូនប្រជារាស្រ្ត ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិ នៅក្នុងពាក់កណ្តាលខែមេសា ឆ្នាំ២០២៣ និងយាងគ្រប់គ្រងទឹកដីនៃព្រះរាជារាណាចក្រកម្ពុជាខាងមុខ ។

ឯកឧត្តម អ៊ាង សុផល្លែត ដឹកនាំក្រុមការងារចុះមូលដ្ឋាន ចុះពិនិត្យ និងសិក្សាជាច្រើនដង រួចមកហើយ ដើម្បីកែលម្អសោភ័ណភាព អនាម័យ និងថែរក្សាធនធានធម្មជាតិ នៃតំបន់ប្រវត្តិសាស្រ្តទន្លេស្ងួត ដើម្បីទុកជាប្រយោជន៍សំរាប់ប្រជាពលរដ្ឋ ជាពិសេសការពង្រឹងជីវភាពសហគមន៍ តាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិផ្សាភ្ជាប់ទឹកដី។ ជាមួយគ្នានេះ ក្រុមការងារបានរៀបចំហេដ្ឋរចនាសម្ព័ន្ធនៅកន្លែងដាំផ្កាស្បៃរឿង ដែលផ្តល់ផ្តល់ប្រយោជន៍ដូចជាទីន្លែងស្តុកទឹក យ៉ាងសំខាន់ សំរាប់ប្រជាពលរដ្ឋប្រើប្រាស់ សម្រាប់បង្កើនផលកសិកម្មផងដែរ ។

លោក ទ្រី ពៅ មេឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំបានលើកឡើងថា« ទីតាំងការដ្ឋាន ដីដាំផ្កាស្បៃរឿង ជាប់និងទន្លេស្ងួត នេះគឺជាអំណោយរបស់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកអូររាំងឪ។ ឯកឧត្តមបាន ដែលបានចង្អុលបង្ហាញឲ្យអាជ្ញាធរចូលរួមកែលម្អទីតាំងប្រវត្តិសាស្រ្ត ជារម្មណីយដ្ឋានស្រស់ស្អាត ទុកជូនសំរាប់បងប្អូនប្រជាពលរដ្ឋមកលេងចូលឆ្នាំខ្មែរនៅពេលខាងមុខនេះ »។

អ្នកស្រី វណ្ណា រី ប្រជាពលរដ្ឋភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំបានបង្ហាញអារម្មណ៍សប្បាយរីករាយ នៅពេលដែលមូលដ្ឋានឃុំព្រះធាតុ ជាពិសេសនៅក្នុងស្រុកអូររាំងឪ បានទទួលការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា និងជួយដោះស្រាយការលំបាក និងពង្រឹងជីវភាពប្រជាពលរដ្ឋជាប្រចាំ។ ជាមួយគ្នានេះ សមិទ្ធផលថ្មីនៃក្រុមការងារចុះមូលដ្ឋានស្រុកអូររាំងឪ នឹងជួយឲ្យតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្ត ក្លាយជាតំបន់ទេសចរណ៍ធម្មជាតិប្រវត្តិសាស្រ្តដ៏ទាក់ទាញ សម្រាប់ភ្ញៀវទេសចរណ៍មកពីទីជិតឆ្ងាយ ហើយនឹងបង្កើនចំណូលបន្ថែមដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍មូលដ្ឋាន ។

ដូចគ្នាដែរ លោក ស្វាយ សារឿន មេភូមិថ្នល់កែងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានលើកឡើងថា « ទីតាំងប្រវត្តិសាស្រ្តនេះ ត្រូវបានកែប្រែបន្ថែមពិសេសគឺការដាំផ្កាស្បៃរឿង១លានដើម នេះដែលនិងបង្កើនចំនួនភ្ញៀវទេសចរណ៍មកកាន់តំបន់នេះកាន់តែច្រើន ពិសេសនៅក្នុងកំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ ដែលនិងជំរុញជីវភាពប្រជាពលរដ្ឋ ក៏ដូចជាអាចនិងមានទឹកគ្រប់គ្រាន់សំរាប់បង្កបង្កើនផល គ្រប់រដូវទៀតផងដែរ ។

ផ្កាស្បៃរឿង ១លានដើមនឹងដុះរីកសុះសាយ រឿងទុំក្រាលើដងទន្លេប្រវត្តិសាស្រ្ត ហើយនឹងធ្វើឲ្យអារម្មណ៍អ្នកទេសចរណ៍ មកពីទីជិតទីឆ្ងាយ អាចមកសម្រាកកាយ កម្សាន្តសប្បាយ ជាមួយសមិទ្ទិផលថ្មី លើទឹកដីស្រុអូររាំងឪ ដែលកើតចេញពថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ពិសេសគណៈពង្រឹងមូដ្ឋាន ដើម្បីទុកជាកេរ្ត៍តំណែលតកូនចៅជំនាន់ក្រោយ នូវអ្វីដែលកើតចេញពីសុខសន្តិភាពពេលនេះ។

គួរបញ្ជាក់ថា យោងតាមរឿងព្រេងបុរាណតំណាលតៗគ្នា ពាក់ព័ន្ធទៅនិងប្រវត្តិ ទន្លេស្ងួតនេះ បានឱ្យដឹងថា កាលដើមឡើយ ព្រះមហាក្សត្រខ្មែរ ធ្លាប់មកបែរបន់ សម្រេចដូចព្រះទ័យដែលបានបែបន់ និងបន្ទាប់មកព្រះអង្គបានយាងថ្វាយដង្វាយ រួមមានស្លាធម៌ដូងមាសមួយគូ នៅក្នុងទន្លេតែម្តង។ ក្រោយមកក៏កន្លែងនេះក្លាយជាទីកន្លែងគ្មានទឹក ហើយចាស់ៗហៅតគ្នាថា ទន្លេស្ងួត។

ព្រះមហាក្សត្រខ្មែរ សោយរាជតៗមកទៀត ក្នុងប្រវត្តិសាស្រ្ត ជាពិសេសចាស់ៗបាននិទានថាមានព្រះអង្គខ្មៅមានរិទ្ធិបារមី ខ្លាំងពូកែតាមជួយថែរក្សាទឹកដី បានស្ថិតនៅទីនេះ។ ហើយក្នុងសម័យបុរាណនេះ មានការលើកឡើងថែមទៀតថា ស្ដេចកន ដែលជាក្សត្រខ្មែរមួយព្រះអង្គ សោយរាជ្យ នៅចន្លោះឆ្នាំ ១៥១២-១៥២៥ ក៏បានមកបន់ស្រន់ សុំជ័យជោគក្នុងការធ្វើសឹកសង្រ្គាម នាសម័យបុរាណនោះដែរ។ ចាប់បីពេលនោះមក វត្តព្រះធាតុបាស្រី បានក្លាយជាដែនដី ដែលពោរពេញដោយជំនឿ និងការគោរពរហូតមក។

សូមបញ្ជាក់ថា នៅក្នុងខាងមុខវត្តព្រះធាតុបាស្រីអមសងខាងផ្លូវចូលវត្តមានគ្រឹះបា្រសាទបុរាណ ចំនួន២ ដែលសាងសង់អំពីថ្មបាយក្រៀម ហើយផ្នែកខាងស្ដាំដៃ គេហៅថាវិហារគុក និងផ្នែកខាងឆ្វេងដៃហៅថា វិហារព្រះនិពាន្ដ។ ចំណែកនៅក្នុងបរិវេណវត្តព្រះធាតុបាស្រីមានប្រាសាទបុរាណមួយកសាងឡើងអំពីថ្មភក់់ក្នុងឆ្នាំ៩៨៣ នៃគ្រឹស្ដសករាជ សង់រាងជាការេដែលមានទំហំ ១៥មx១៥ម កម្ពស់៣៣ម។ វិសាលភាពប្រាសាទពីលិចទៅកើតប្រវែង ១.២៥០ម ពីត្បូងទៅជើងប្រវែង ៣០០ម ៕ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner