ការងារបណ្តុះបណ្តាលមន្ត្រីនគរបាលជាតិ គឺជាការងារអាទិភាពចាំបាច់ និងត្រូវបន្តធ្វើជាប់ជាប្រចាំ ដើម្បីបម្រើការងារក្នុងវិស័យសន្តិសុខ សណ្តាប់ធ្នាប់សារធារណៈ និងសុវត្ថិភាពសង្គមប្រកបដោយប្រសិទ្ធភាពខ្ពស់
សៀមរាប៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល ថ្លែងថា បណ្ឌិត្យសភានគរបាលកម្ពុជា បានបំពេញភារកិច្ចស្នូលរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ លើការងារបណ្តុះបណ្តាលមន្ត្រីនគរបាលជាតិ ដែលជាការងារអាទិភាពចាំបាច់ និងត្រូវបន្តធ្វើជាប់ជាប្រចាំ ក្នុងគោលបំណងធ្វើឱ្យកងកម្លាំងនគរបាលជាតិ មានចំណេះដឹង ជំនាញវិជ្ជាជីវៈពិតប្រាកដ និងមានអាកប្បកិរិយាល្អ ដើម្បីបម្រើការងារក្នុងវិស័យសន្តិសុខ សណ្តាប់ធ្នាប់សារធារណៈ និងសុវត្ថិភាពសង្គមប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ បានថ្លែងបែបនេះ កាលពីនៅរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្នុងពិធីបិទ“វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៦ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យនៅសាលានគរបាលជាតិភូមិភាគ៤ ចំនួន ១៨៧នាក់ ក្នុងនោះក៏បានប្រគល់វិញ្ញាបនបត្រសិក្សាដល់សិស្សនគរបាលជ័យលាភី ចំនួន ១៥រូបផងដែរ នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប ។

សូមរំលឹកផងដែរថា កាលពីព្រឹកថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ទោ សាយ រិទ្ធីសក្តិ នាយកសាលានគរបាលជាតិភូមិភាគ៤ ក៏បានសំណេះសំណាល នឹងផ្តល់ជាគន្លឹះសំខាន់ៗដល់សិស្សនករបាលនៃវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៦ នឹងប្រគល់វិញ្ញាបនបត្រសិក្សាដល់សិស្សនគរបាល ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យនៅក្នុងសាលានគរបាលជាតិភូមិភាគ៤ ចំនួន ១៨៧នាក់ មុនកម្មវិធីបិទវគ្គផងដែរ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន បានអញ្ជើញទស្សនាទិដ្ឋភាពទូទៅនៃសាលានគរបាលជាតិភូមិភាគ៤ និងចុះពិនិត្យមើលអគារសម្រាប់សិស្សនគរបាលស្នាក់នៅ អគារសិក្សា អាហារដ្ឋាន ការស្ថាបនាផ្លូវបេតុងនិងប្រព័ន្ធលូបង្ហូទឹក ដែលជាអំណោយរបស់ឯកឧត្តមអភិបាល ខេត្តសៀមរាប ព្រមទាំង អញ្ជើញពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធនានាក្នុងបរិវេណសាលា ៕

ដោយ ស៊ាន សុផាត