ភ្លើងឆេះប៉ះពាល់ផ្ទៃដីជាង៧០០ហិចតា នៅតំបន់កណ្តាល ប្រទេសឈីលី
សាន់ត្យាហ្គោ៖ ភ្លើងឆេះព្រៃប៉ះពាល់ដល់ផ្ទៃដី ទំហំជាង ៧០០ ហិកតានៅតំបន់ភាគកណ្តាល ប្រទេសឈីលី។
ភ្លើងឆេះព្រៃនៅតំបន់ នូបល់ (Nuble) ភាគកណ្តាលនៃប្រទេសឈីលី បានប៉ះពាល់ដល់ផ្ទៃដីជាង ៧៤១ ហិកតា នេះបើយោងតាមមជ្ឈមណ្ឌលការពារ និងឆ្លើយតបគ្រោះមហន្តរាយរបស់ប្រទេសឈីលី (SENAPRED) ដែលបានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែកុម្ភៈ ។

សាជីវកម្មព្រៃឈើជាតិឈីលី (CONAF) បានរាយការណ៍ថា អគ្គីភ័យនៅក្នុងឃុំ ឃ្វីឡន់ (Quillon) បានបំផ្លាញផ្ទះចំនួន ៦ ខ្នង។
រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក អេស្តេបាន វ៉ាឡេនសូអេឡា (Esteban Valenzuela) បាននិយាយថា ភ្លើងឆេះព្រៃគឺបណ្តាលមកពីសីតុណ្ហភាពខ្ពស់ និងខ្យល់ស្ងួត និងក្តៅ ដែលមកពីតំបន់ ប៉ាមប៉ាស់ (Pampas) ប្រទេសអាហ្សង់ទីន។
មជ្ឈមណ្ឌលការពារ និងឆ្លើយតបគ្រោះមហន្តរាយរបស់ប្រទេសឈីលី បានធ្វើឱ្យសកម្មការជូនដំណឹងពណ៌ក្រហមនៅក្នុងតំបន់ចំនួនបី រួមមាន ឈីឡេន (Chillan) , ឈីឡេន វីយ៉េចូ (Chillan Viejo) និង ឃ្វីរីហឺ (Quirihue)៕
ប្រភពពី Reuters ប្រែសម្រួលដោយ៖ សារ៉ាត