ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន ស្នើឲ្យសាមាជិក បង្កើតក្រុមការងារជួយត្រួតពិនិត្យលិខិត និងរបាយការណ៍ ជាជាងចាំតែអង្គុយលើកដៃអនុម័តក្នុងអង្គប្រជុំ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ថ្លែងក្នុងកិច្ចប្រជុំសាមញ្ញលើកទី០៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌចំការមន កាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ដែលមានកាចូលរួមពីលោក ថេង សុថុលអភិបាលខណ្ឌចំការមន ព្រម ទាំងសមាជិកក្រុមប្រឹក្សាខណ្ឌ និងអាជ្ញាធរពាក់ព័ន្ធ លោក ព្រំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន បានស្នើឲ្យសមាជិកបង្កើតក្រុមការងារចំនួន៤ ឬ៥ក្រុម ដើម្បីជួយត្រួតពិនិត្យគ្នា មុននឹងមានការចុះ ហត្ថលេខាលិខិតចេញ-ចូល ឬមុនអនុម័តលិខិតរដ្ឋបាល និងរបាយការណ៍ផ្សេងៗ ។

លោក ព្រំ សំខាន់ បន្ថែមឲ្យដឹងថា រាល់របាយការណ៍ ដើម្បីឱ្យបានល្អ ក្នុងនាមជាសមាជិក ក្រុមប្រឹក្សា ត្រូវនាំគ្នាជួយបំពេញបន្ថែមចំនុចខ្វះខាត ដើម្បីឲ្យរបាយការណ៍ទាំងនោះ ពេលបញ្ជូន ទៅថ្នាក់លើ មិនមានកំហុសឆ្គង។លោកប្រធានក្រុមប្រឹក្សាខណ្ឌ បានសំណូមពរឲ្យបង្កើតជាក្រុមការងារចំនួន៤ក្រុម ដើម្បី ជួយត្រួត ពិនិត្យចំនុចខ្វះខាត។ លោក ព្រំ សំខាន់ បានបន្ថែមទៀតថា ក្នុងនាមជាសមាជិកទាំង១៩រូប នៃក្រុមប្រឹក្សាខណ្ឌចំការមន ដែលត្រូវបានរាជរដ្ឋាភិបាល, ប្រជាពលរដ្ឋ ធ្វើការបោះឆ្នោតឱ្យត្រូវជួយ ពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ ជាជាងចាំតែអង្គុយលើកដៃអនុម័តក្នុងអង្គប្រជុំ។

លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានគាំទ្រ និងឯកភាពក្នុងការបង្កើតឲ្យមាន ក្រុម ការងារ ដើម្បីជួយត្រួតពិនិត្យចំនុចខ្វះខាត ពាក់ព័ន្ធ និងរបាយការណ៍របស់រដ្ឋបាលខណ្ឌចំការមន ផងដែរ ។ លោកអភិបាលខណ្ឌ បានឲ្យដឹងថា ត្រូវតែបន្តអនុវត្តតាមបទបញ្ជារបស់ក្រុមប្រឹក្សា ដែលបានអនុម័តរួចរាល់កន្លងមក។ លោក បន្តថា មុនពេលប្រជុំលើកក្រោយ លោក នឹងរៀបចំបែងចែកក្រុមលេខាធិការ ក៏ដូចជា មន្រ្តី ជំនាញពាក់ព័ន្ធទាំងអស់ ដើម្បីឆ្លងរបាយការណ៍ជាមុនសិន មុននឹងដាក់ចូលមកក្នុងក្រុមប្រឹក្សា នេះ ។

គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌចំការមន បានលើកយករបៀបវារៈចំនួន៥ មកធ្វើការអនុម័ត ដែលក្នុងក្នុងនោះរួមមាន៖

១- ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី០២ របស់ក្រុមប្រឹក្សាខណ្ឌ ចំការមន អាណត្តិទី៣ នៅថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៩។ ២- ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍ប្រចាំខែសីហា និងទិសដៅការងារខែកញ្ញា ឆ្នាំ២០១៩ របស់ រដ្ឋបាលខណ្ឌចំការមន។ ៣- ពិនិត្យ និងអនុម័តសេចក្ដីព្រាងកម្មវិធីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌចំការ មន។ ៤- ពិនិត្យ និងអនុម័តសេចក្ដីព្រាងផែនការថវិកាឆ្នាំ ២០២០ របស់រដ្ឋបាលខណ្ឌចំការមន ។ និងទី៥-បញ្ហាផ្សេងៗ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner