ប្រធានាធិបតីបារាំងព្រមានថា កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់នឹងជួបផលវិបាកដ៏ធ្ងន់ធ្ងរដែលជៀសមិនរួច
ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានថ្លែងបរិហារការពន្លឿននៃកម្មវិធីអភិវឌ្ឍន៍នុយក្លេអ៊ែររបស់អ៊ីរ៉ង់ បន្ទាប់ពីជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ ដែលមកបំពេញទស្សនកិច្ចនៅទីក្រុងប៉ារីស ដើម្បីស្វែងរកជំហរអឺរ៉ុបកាន់តែខ្លាំង ប្រឆាំងនឹងទីក្រុងតេហេរ៉ង់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយ បន្ទាប់ពីកិច្ចប្រជុំអាហារពេលល្ងាចនៅវិមានអេលីហ្សេ លោក ម៉ាក្រុង បានព្រមានអ៊ីរ៉ង់ចំៗថា ការបន្តគម្រោងអភិវឌ្ឍន៍នុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ នឹងមានផលវិបាកដ៏ធ្ងន់ធ្ងរដែលជៀសមិនរួច។

អ៊ីស្រាអែលបានចោទអ៊ីរ៉ង់ជាយូរមកហើយ ពីការស្វែងរកអាវុធនុយក្លេអ៊ែរ ខណៈទីក្រុងតេហេរ៉ង់ទទូចថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន មានគោលបំណងផលិតថាមពលតែប៉ុណ្ណោះ។

យ៉ាងណាមិញ លោក ណឺតាន់យ៉ាហ៊ូ សង្ឃឹមថា តួនាទីរបស់អ៊ីរ៉ង់ក្នុងការផ្គត់ផ្គង់យន្តហោះដ្រូនដល់ពួកឈ្លានពានរុស្ស៊ីនៅអ៊ុយក្រែន ក៏ដូចជាការបង្រ្កាបការតវ៉ានៅក្នុងប្រទេសខ្លួន នឹងជំរុញឱ្យសម្ព័ន្ធមិត្តលោកខាងលិច បោះបង់ការស្វែងរកការសង្គ្រោះកិច្ចព្រមព្រៀងកម្មវិធីនុយក្លេអ៊ែរឆ្នាំ ២០១៥ ឡើងវិញ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា