រដ្ឋបាលខេត្តបាត់ដំបងបើកវេទិកាពិគ្រោះយោបល់ក្នុងភាពជាដៃគូ រវាងរដ្ឋបាលខេត្ត ជាមួយនិងអង្គការសង្គមស៊ីវិល
ខេត្តបាត់ដំបង ៖ វេទិកាពិគ្រោះយោបល់ភាពជាដៃគូរវាងរដ្ឋបាលខេត្តបាត់ដំបង ជាមួយនិងអង្គការសង្គមស៊ីវិល ដែលបាននិងកំពុងតែធ្វើប្រតិបត្តិការនៅក្នុងទឹកដីខេត្តបាត់ដំបង(លើកទី៦) ត្រូវបានធ្វើឡើងកាលពីពេលថ្មីៗកន្លងទៅ ក្រោមអធិបតីភាព ឯកឧត្តម សុខលូ អភិបាលខេត្តបាត់ដំបង។
គោលបំណងនៃវេទិកា ភាពជាដៃគូរវាងរដ្ឋបាលខេត្ត និងអង្គការសង្គមស៊ីវិល(NGO)សរុបចំនួន១២៧ដែលបាននិងកំពុងធ្វើប្រតិបត្តិការនៅក្នុងខេត្តបាត់ដំបង និងដើម្បីផ្តោតនូវការរឹតចំណងសាមគ្គីភាព រវាង រដ្ឋបាលខេត្តបាត់ដំបង ជាមួយដៃគូធ្វើសកម្មភាពផ្ទាល់ របស់អង្គការសង្គមស៊ីវិលនានា ដែលមានប្រតិបត្តិការ ក្នុងខេត្តនិងស្វែងរកដំណោះស្រាយរួមមួយក្នុងការលើកកម្ពស់សកម្មភាព និងដើម្បីធ្វើជាដៃគូល្អក្នុងជួយសម្របសម្រួលដល់សហគមន៍មូលដ្ឋាននានា ។

តាមរយៈនៃវេទិកានេះ ក៏ជាឱកាសឲ្យបណ្តាអង្គការដៃគូអភិវឌ្ឍន៍ទាំងអស់បានលើកជាសំណួរផ្តោតជាមតិសំណូមពរដាក់ជូនរដ្ឋបាលខេត្ត ដើម្បីពិនិត្យពិចារណានិងធ្វើការដោះស្រាយ សម្របសម្រួលបញ្ហាប្រឈម ដែលអង្គការសង្គមស៊ីវិលបានជួបប្រទះកន្លងមក។ហើយអ្វីដែលលើសពីសមត្ថភាពថ្នាក់ខេត្ត និង ទទួលយកទៅពិនិត្យពិចារណាឆ្លើយតបពេលក្រោយ។
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានចាត់ទុកវេទិកាថ្ងៃនេះ សង្ឃឹមថា៖ កិច្ចសហប្រតិបត្តិការភាពជាដៃគូ រវាងរដ្ឋបាលខេត្តនិងអង្គការសង្គមស៊ីវិលដែលបាននឹងកំពុងប្រតិបត្តិការនៅក្នុងខេត្តបាត់ដំបង នឹងត្រូវបានពង្រឹងព្រមទាំងកាន់តែលើកកម្ពស់បន្ថែមទៀត តាមរយៈ នៃការសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមក និងការឆ្លើយតបអំពីបញ្ហាប្រឈម ក្តីកង្វល់ និងតម្រូវការនានា ។

ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តោតនូវការរំពឹងនិងសង្ឃឹមថា៖ សមាគម សហគមន៍និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ នៅក្នុងខេត្តបាត់ដំបង នៅតែបន្តរក្សាបាននូវកិច្ចទំនាក់ទំនងល្អ ជាមួយនិងអាជ្ញាធរមូលដ្ឋាន មន្ទីរ និង អង្គភាពពាក់ព័ន្ធនានាដែលជាដៃគូ ក្នុងការបន្តអនុវត្តនូវសកម្មភាពរបស់ខ្លួន ស្របតាមគោលការណ៍ច្បាប់ ប្រកបដោយវិជ្ជាជីវៈ និង ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍមូលដ្ឋាន និង ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ បានកាន់តែប្រសើរឡើងថែមទៀត ៕

( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )