ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានាពាក់កណ្តាលខែនេះ
ភ្នំពេញ៖ ឯកឧត្តម ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ ( H.E.Mr.Frank-Walter Steinmeier)ប្រធានាធិបតីនៃសាធារណរដ្ឋ សហព័ន្ធ អាល្លឺម៉ង់ និងលោកជំទាវ អែលឃើ បឿឌិនបិនឌ័រ ( Mrs. Elke Büdenbender )នឹងអញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់មក បំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។នេះបើយោងតាម ស្មារតី នៃកិច្ចប្រជុំរបស់ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បើកកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំពិធីបដិសណ្ឋារកិច្ចទទួលនិងជូនដំណើរគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។

កិច្ចប្រជុំខាងលើដឹកនាំដោយ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សា រាជរដ្ឋាភិបាលអនុប្រធានអចិន្ត្រៃយ៍និងជាអគ្គលេខាធិការ
នៃ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ។ក្នុងកិច្ចប្រជុំឯកឧត្តម ឈិន កេតនា មានប្រសាសន៍ថា តាម កាលបរិច្ឆេទដែលបានគ្រោងទុកគណៈប្រតិភូជាន់ខ្ពស់ដឹកនាំដោយឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និង លោកជំទាវនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរយៈពេលបីថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ។ប្រតិភូនឹងអញ្ជើញមកដល់កម្ពុជានៅម៉ោង ៩:៣០ ព្រឹក។

ក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជាគណៈប្រតិភូជាន់ខ្ពស់នឹងជំនួបសម្ដែងការគួរសមជាមួយ សម្ដេចវិបុលសេនាភក្តី សាយ ឈុំប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា។អញ្ជើញដាក់ កម្រង ផ្កាគោរពព្រះវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យនិងដាក់ កម្រងផ្កាគោរព វិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុ។អញ្ជើញចូលរួមប្រជុំជាមួយសម្ដេចអគ្គមហា សេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ និងអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ដែលរៀបចំដោយ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្ដីទីនៃព្រះ រាជាណា ចក្រកម្ពុជា ។

គណៈប្រតិភូក៏នឹងអញ្ជើញទស្សនាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងនិងទស្សនាស្ថានទូតអាល្លឺម៉ង់និងទស្សនកិច្ច ខេត្ត សៀមរាបទស្សនាប្រាសាទអង្គរវត្តព្រមទាំងតំបន់ប្រវត្តិសាស្ត្រ និងទីតាំងសំខាន់ៗផ្សេងៗទៀតផងដែរ ៕

ដោយ៖ ង៉ាន់ ទិត្យ