ប្រមុខការពារជាតិអង់គ្លេសអះអាងថា អង់គ្លេសនឹងមិនច្រានចោលការបញ្ជូនយន្តហោះចម្បាំងទៅឱ្យអ៊ុយក្រែនឡើយ

ឡុងដ៍៖ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក បេន វ៉លឡេស បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា លោកនឹងមិនច្រានចោលលទ្ធភាពនៃការផ្គត់ផ្គង់យន្តហោះចម្បាំងអង់គ្លេសទៅឱ្យកងកម្លាំងអ៊ុយក្រែននោះទេ ប៉ុន្តែយន្តហោះទាំងនោះ មិនមែនជាអ្វីដែលអ៊ុយក្រែនត្រូវការនៅពេលនេះទេ។

លោក វ៉លឡេស បានប្រាប់អ្នកយកព័ត៌មាននៅឯទីក្រុង Portsmouth ភាគខាងត្បូងប្រទេសអង់គ្លេស ដែលជាមូលដ្ឋានកងទ័ពជើងទឹកថា រឿងមួយដែលខ្ញុំបានរៀនសូត្រកាលពីឆ្នាំមុន គឺការមិនគ្រប់គ្រងអ្វីមួយ ឬការគ្រប់គ្រងអ្វីដែលមិនត្រឹមត្រូវ។

លោក វ៉លឡេស បាននិយាយបែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយ រួមជាមួយរបស់រដ្ឋមន្ត្រីការបរទេស និងការពារជាតិអង់គ្លេស និងអូស្ត្រាលី បន្ទាប់ពីកិច្ចប្រជុំស្តីពីពាណិជ្ជកម្ម និងសន្តិសុខ។

កិច្ចពិភាក្សារវាងប្រមុខការទូត និងការពារជាតិរបស់អង់គ្លេស និងអូស្ត្រាលីកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានគ្របដណ្តប់លើបញ្ហាសន្តិសុខតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក, ការបន្តការគាំទ្រដល់អ៊ុយក្រែន និង AUKUS ដែលជាកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី ក្នុងការផ្តល់ឱ្យអូស្ត្រាលីនូវបច្ចេកវិទ្យាសម្រាប់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរប្រដាប់ដោយអាវុធធម្មតា។

ស្របពេលជាមួយគ្នានោះដែរ ក្រុមរដ្ឋមន្ត្រីក៏បានទៅសួរសុខទុក្ខកងទ័ពអង់គ្លេស និងអូស្ត្រាលី ដែលកំពុងធ្វើការបណ្តុះបណ្តាលដល់កងទ័ពអ៊ុយក្រែនផងដែរ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner