អគ្គនាយកដ្ឋានពន្ធដារ រំលឹកអ្នកប្រកបអាជីវកម្មល្បែងពាណិជ្ជកម្ម ទៅបង់ពន្ធចំពោះអាជីវកម្មក្រៅពីល្បែង

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារបានក្រើនរំលឹកដល់នាយក សហគ្រាសប្រកបអាជីវកម្មល្បែងពាណិជ្ជកម្មទាំងអស់ឱ្យទៅបំពេញ កាតព្វកិច្ចប្រកាសនិងបង់ប្រាក់ពន្ធ-អាករនានា ដោយស្ម័គ្រចិត្ត ចំពោះសកម្មភាពអាជីវកម្មក្រៅពីល្បែងពាណិជ្ជកម្ម បើពុំនោះទេ ត្រូវទទួលរងទោសទណ្ឌដូចមានចែងក្នុងច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន។

សេចក្តីជូនដំណឹងរបស់ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារឯកឧត្តម គង់ វិបុល ចុះថ្ងៃទី ២ ខែ កុម្ភៈ ដែលជម្រាបជូនលោក-លោកស្រី នាយកសហគ្រាស ប្រកប អាជីវកម្មល្បែងពាណិជ្ជកម្មទាំងអស់បានឱ្យដឹងថា សហគ្រាស ត្រូវបំពេញកាតព្វកិច្ចសារពើពន្ធចំពោះ សកម្មភាពអាជីវកម្មល្បែង ពាណិជ្ជកម្ម ដោយអនុលោមតាមប្រកាសលេខ ១០៨០ សហវ.ប្រក ស្ដីពីវិធាន និងនីតិវិធី សម្រាប់អនុវត្តកាតព្វកិច្ចសារពើ ពន្ធចំពោះសហគ្រាសប្រកបអាជីវកម្មល្បែងពាណិជ្ជកម្ម គិត ចាប់ពី ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ តទៅ។
ដោយឡែកចំពោះសកម្មភាពអាជីវកម្មផ្សេងទៀតក្រៅពីល្បែងពាណិជ្ជកម្មសហគ្រាសត្រូវមានកាតព្វកិច្ចប្រកាស និងបង់ប្រាក់ពន្ធ-អាករនានា គិតចាប់ពីកាលបរិច្ឆេទនៃដំណើរការអាជីវកម្ម ស្រប តាមច្បាប់និង បទប្បញ្ញត្តិស្តីពីពន្ធដារ។

ប្រភពដដែលបន្តថា កន្លងមក អគ្គនាយកដ្ឋានពន្ធដារ បានកត់ សម្គាល់ ឃើញថា សហគ្រាសប្រកបអាជីវកម្មល្បែងពាណិជ្ជ កម្ម មួយចំនួនបានបំពេញកាតព្វកិច្ចប្រកាស និងបង់ប្រាក់ពន្ធ-អាករ នានា ចំពោះសកម្មភាពអាជីវកម្មក្រៅពីល្បែងពាណិជ្ជកម្ម ជូន រដ្ឋបាលសារពើពន្ធ ដោយឡែកសហគ្រាសមួយចំនួនទៀតពុំទាន់ បានបំពេញកាតព្វកិច្ចប្រកាស និងបង់ប្រាក់ពន្ធ-អាករ នានានៅ ឡើយ។

តាមរយៈសេចក្តីជូនដំណឹងសង្កត់ធ្ងន់ថា៖«ក្នុងន័យនេះ អគ្គនាយក ដ្ឋានពន្ធដារ សូមក្រើនរំលឹកដល់លោក-លោក ស្រី នាយកសហគ្រាសថា ការមិនបានបំពេញកាតព្វកិច្ចសារពើពន្ធ ឱ្យបានត្រឹមត្រូវ ត្រូវទទួលរងទោសទណ្ឌដូចមានចែងក្នុង ច្បាប់និងបទប្បញ្ញត្តិ ស្តីពីពន្ធដារ ជាធរមាន»។

ប្រភពដដែលនេះ បញ្ជាក់ថា ដោយផ្អែកតាមចំណាររបស់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានឯកភាពផ្ដល់ ការលើកទឹកចិត្ត និងផ្តល់ការអនុគ្រោះ លើកលែងទោសទណ្ឌនានា រួមមានពន្ធបន្ថែម និងការប្រាក់យឺត យ៉ាវដល់សហគ្រាស ដែលចូលខ្លួនមកប្រកាស និងបង់ប្រាក់ពន្ធ-អាករនានាដោយស្ម័គ្រចិត្ត ចំពោះសកម្មភាពអាជីវកម្មក្រៅពី ល្បែង ពាណិជ្ជកម្ម ដែលមានការភ្លាំងភ្លាត់ ឬខកខានកន្លងមក គិតចាប់ពី ថ្ងៃជូនដំណឹងនេះតទៅរហូតដល់ដំណាច់ខែមីនា ឆ្នាំ២០២៣។
ក្នុងករណីសហគ្រាសលោក-លោកស្រីនៅតែមិនមកបំពេញ កាតព្វកិច្ចប្រកាស និងបង់ប្រាក់ពន្ធ-អាករនានាជូនរដ្ឋបាល សារពើពន្ធ តាមកាលកំណត់ខាងលើនេះទេ ត្រូវចាត់ទុកថា បាន ប្រព្រឹត្តអំពើរាំងស្ទះការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារ និងត្រូវទទួល រងទោសទណ្ឌ ដូចមានចែងក្នុងច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារ ជាធរមាន។

ពាក់ព័ន្ធការប្រមូលពន្ធនេះដែរសម្ដេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីកម្ពុជាកាលពីពេលថ្មីៗនេះ បានកោតសរសើរដល់អគ្គ នាយកដ្ឋានពន្ធដារ ដែលបានប្រមូលចំណូលពន្ធដារផ្ទៃក្នុង ជូនរដ្ឋបានគ្រប់ និងលើសផែនការរហូតទៅដល់១២២,៥៤ ភាគរយនៃផែនការដែលកំណត់ដោយច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២។ សម្ដេចតេជោថ្លែងថា៖«ខ្ញុំពិតជាមានសេចក្ដីត្រេកអរ និងសាទរជា ខ្លាំងចំពោះលទ្ធផលនៃការប្រមូលចំណូលពន្ធដារផ្ទៃក្នុងនេះ ដែល បាននាំឱ្យកម្ពុជាបញ្ចប់ឆ្នាំ ២០២២ ដោយជោគជ័យ និងប្រកប ដោយមោទនភាពខ្ពស់សម្រាប់ប្រទេសជាតិយើង។ ពិតណាស់ នេះគឺជាលទ្ធផលគួរឱ្យស្ញប់ស្ញែង ដែលអគ្គនាយកដា្ឋនពន្ធដារ បានប្រមូលចំណូលលើសផែនការរហូតដល់ ២២,៥៤ ភាគរយ ស្មើនឹង ២ ៥៧៤,០៧ ពាន់លានរៀល ប្រមាណជា ៦៣៥,៥៧ លានដុល្លារ»៕
ដោយ៖ឡាយ សាមាន

ads banner