អាល្លឺម៉ង់ធ្លាក់មកចំណាត់ថ្នាក់ទី២ ជាអ្នកឧបត្ថម្ភកំពូលដល់អង្គការសុខភាពពិភពលោក ទោះបីជាទើបសន្យាផ្តល់ថវិកាថ្មីជាង ១៤០លានដុល្លារ

ប្រទេសអាល្លឺម៉ង់នឹងផ្តល់ប្រាក់ចំនួន ១៣០លានអឺរ៉ូ ឬប្រមាណ១៤១.៨៧លានដុល្លារដល់អង្គការសុខភាពពិភពលោក (WHO) នៅឆ្នាំនេះ។ រដ្ឋមន្ត្រីសុខាភិបាលអាល្លឺម៉ង់បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ បន្ទាប់ពីកិច្ចប្រជុំជាមួយប្រធានទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិ។

ទោះជាយ៉ាងណាក៏ដោយ ការប្រកាសខាងលើនេះមិនគ្រប់គ្រាន់ទេ ក្នុងការរុញច្រានអាល្លឺម៉ង់ទៅកាន់ទីតាំងម្ចាស់ជំនួយកំពូលវិញ បន្ទាប់ពីទីក្រុងប៊ែរឡាំងបានវ៉ាដាច់ម្ចាស់ជំនួយដ៏ធំនៅទីក្រុងវ៉ាស៊ីនតោនជាបណ្តោះអាសន្ន ក្នុងរយៈពេលផ្តល់មូលនិធិចុងក្រោយឆ្នាំ ២០២០-២០២១ ដោយសារតែការកាត់បន្ថយការផ្តល់មូលនិធិកាលពីជំនាន់រដ្ឋបាលលោក ដូណាល់ ត្រាំ។ នេះបើយោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក។

រដ្ឋមន្ត្រីសុខភិបាលអាល្លឺម៉ង់ លោក ខាល ឡាអ៊ូតឺបាច់ បានជួបជាមួយអគ្គនាយក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស នៅខាងក្រៅកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិរបស់ទីភ្នាក់ងារនៅសប្តាហ៍នេះ ជាទីដែលទីក្រុងប៊ែរឡាំងកំពុងស្វែងរកការពង្រឹងតួនាទីក្នុងស្ថាប័នសុខភាពពិភពលោកនេះ ប៉ុន្តែនៅតែស្វែងរកចម្លើយអំពីរបៀបផ្តល់មូលនិធិ។

លោក ថេដ្រូស បានប្រាប់អ្នកយកព័ត៌មាននៅឯទីស្នាក់ការកណ្តាលរបស់អង្គការសុខភាពពិភពលោកក្នុងទីក្រុងហ្សឺណែវថា យើងកោតសរសើរចំពោះការគាំទ្រជាយុទ្ធសាស្រ្តទៅលើការរួមចំណែកចុងក្រោយរបស់អាល្លឺម៉ង់។

ទិន្នន័យរបស់អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញថា អាល្លឺម៉ង់ដែលបានជួយលោក ថេដ្រូស មកពីប្រទេសអេត្យូពីឱ្យជាប់ឆ្នោតជាថ្មីសម្រាប់អាណត្តិទីពីររបស់គាត់នោះ រហូតមកទល់ពេលនេះបានរួមចំណែកថវិកា ៧៧៦លានដុល្លារសម្រាប់មូលនិធិបច្ចុប្បន្ន បើធៀបនឹងថវិកា ១.១២ពាន់លានដុល្លារពីសហរដ្ឋអាមេរិក។ តួលេខទាំងនោះមិនបានរួមបញ្ចូលការប្រកាសចុងក្រោយនេះទេ៕

ប្រភព៖ រ៉យទ័រ ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner