រដ្ឋមន្ត្រីក្រសួងការងារ ស្នើភាគីពាក់ព័ន្ធបង្កើនការយកចិត្តទុក ដាក់លើការអភិវឌ្ឍធនធានមនុស្ស

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម អ៊ិត សំហេង បានស្នើដល់និយោជក និងភាគីពាក់ព័ន្ធ ឱ្យបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ដោយផ្តោតលើ ការ អភិវឌ្ឍ ធនធានមនុស្ស ទីផ្សារការងារ និងការគាំពារសង្គម ដើម្បី រួមចំណែកអភិវឌ្ឍន៍ប្រទេសប្រកបដោយចីរភាព។

ការលើកឡើងបែបនេះក្នុងឱកាសឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីបើក «វេទិកាធនធានមនុស្ស ឆ្នាំ២០២៣» ដែលរៀប ចំឡើង របស់យូរ៉ូឆេម កម្ពុជា (EUROCham Cambodia) និង សហព័ន្ធ និយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) ដែលជា តំណាងនិយោជកនៅកម្ពុជាដ៏មានសក្តានុពល ក្នុងការចូលរួម អភិវឌ្ឍ វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ធ្វើឡើង នៅរាជធានីភ្នំពេញនាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០២៣។

នាឱកាសនោះឯកឧត្តម អ៊ិត សំហេង បានអះអាងថា ធនធាន មនុស្ស គឺជាមូលធនដ៏សំខាន់របស់សហគ្រាស គ្រឹះស្ថាននីមួយៗ ក្នុងការសម្រេចឱ្យបាននូវដំណើរការអាជីវកម្មប្រកបដោយផលិតភាពនិងចីរភាព ហើយការយកចិត្តទុកដាក់ក្នុងការកសាង ធនធាន មនុស្ស ជាកត្តាជោគជ័យគន្លឹះរបស់សហគ្រាស គ្រឹះស្ថាន។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានកំណត់យកការអភិវឌ្ឍធនធាន មនុស្សជាកត្តាអាទិភាពនៅក្នុងយុទ្ធសាស្រ្តចតុកោណគ្រប់ដំណាក់កាល។

ឯកឧត្តមបានបញ្ជាក់ថា៖«ការអភិវឌ្ឍធនធានមនុស្សបានក្លាយជាអាទិភាពទី១ នៅក្នុងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ និងទី៤ សំដៅលើកកម្ពស់ចំណេះដឹងជំនាញវិជ្ជាជីវៈ សមត្ថភាព សហគ្រិនភាព ការច្នៃប្រឌិត នវានុវត្តន៍ គុណធម៌ សីលធម៌ មនសិការ ស្នេហាជាតិ និងស្មារតីទទួលខុសត្រូវ សុខភាពល្អនិង កាយសម្បទារឹងមាំ តួនាទីស្ត្រី និង កិច្ចគាំពារសង្គម»។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តមបានស្នើសុំឱ្យអង្គពិធី រួមគ្នា បង្កើន ការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងគោលបំណងអភិវឌ្ឍប្រកប ដោយចីរភាព ដែលផ្តោតលើការអភិវឌ្ឍធនធានមនុស្ស ទីផ្សារ ការងារ និងការគាំពារសង្គម ខណៈលោក លើកទឹកចិត្តគ្រប់ និយោជក ចូលរួមលើកកម្ពស់លក្ខខណ្ឌការងារនៅក្នុង វិស័យ ធុរកិច្ចរបស់ខ្លួន។

លោកក៏បានលើកទឹកចិត្តឱ្យមានការចូលរួមពីវិស័យឯកជន ជាពិសេសតាមយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជនផងដែរ។
ឯកឧត្តមមានប្រសាសន៍បន្តថា៖«សម្តេចតេជោ ពិតជារីករាយ នៅពេលបានឃើញពីវឌ្ឍនភាពលើការបណ្តុះបណ្តាលធនធាន មនុស្សនៅកម្ពុជា ប៉ុន្តែ “ធនធានមនុស្សនៅកម្ពុជា មានកម្លាំង ពលកម្មច្រើន តែចំណេះជំនាញបំពេញសេចក្តីត្រូវការរបស់ ក្រុមហ៊ុន នៅមានកម្រិត”។

ឆ្លើយតបទៅចន្លោះខ្វះខាតទាំងនេះ ក្រសួងការងារបាននិង កំពុងចូលរួមយ៉ាងសកម្ម តាមរយៈការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ការអនុវត្តគោលនយោបាយតម្រង់ទិស ការងារ និងវិជ្ជាជីវៈសកម្ម ដែលជាមូលដ្ឋានគ្រឹះក្នុងការផលិត និងប្រែក្លាយនូវកម្លាំងពលកម្មជំនាញ និយោជិតប្រកប ដោយ សមត្ថភាពច្បាស់លាស់។
ថ្មីៗកន្លងទៅនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានដាក់ចេញនូវទិសដៅក្នុងការផ្តល់ឱកាសឱ្យប្រជាពលរដ្ឋ និងយុវជនក្នុងគ្រួសារក្រីក្របានរៀនជំនាញវិជ្ជាជីវៈគ្រប់មុខជំនាញ ប្រមាណ ១.៥ លាននាក់ ព្រមទាំងទទួលបាននូវការឧបត្ថម្ភជា ប្រាក់ក្នុងពេលកំពុងទទួលវគ្គបណ្តុះបណ្តាលទៀតផង ដើម្បី ធ្វើយ៉ាងណាឱ្យកម្លាំងពលកម្មមានជំនាញគ្រប់ផ្នែក និងគ្រប់ កម្រិតឆ្លើយតបទៅនិងតម្រូវការទីផ្សារការងារ និងការអភិវឌ្ឍ រីកចម្រើនយ៉ាងឆាប់រហ័សទាំងសេដ្ឋកិច្ច និងបច្ចេកវិទ្យា៕
ដោយ៖ឡាយ សាមាន

ads banner