លោក ប៊ុយ សុភ័ណ្ឌ៖ បានចាត់ទុក ការទទួលស្គាល់មន្ត្រីអាជ្ញាកណ្តាល-ចៅក្រមប្រដាល់សកលកម្ពុជាពីស្ថាប័ន IBA គឺជាកំណត់ត្រាប្រវត្តិសាស្ដ្រថ្មីមួយ សម្រាប់កម្ពុជា
ភ្នំពេញ៖ មន្ត្រីអាជ្ញាកណ្តាល-ចៅក្រមប្រដាល់សកលកម្ពុជា ០៨រូប ប្រឡងជាប់កម្រិតអន្តរជាតិផ្កាយ១ ជាប្រវត្តិសាស្រ្តថ្មីមួយសម្រាប់កម្ពុជា ត្រៀមចូលរួមវិនិច្ឆ័យកាត់សេចក្តីសម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
កាលពីនារសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលហ្វឹកហាត់ជម្រើសជាតិប្រដាល់សកល សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានរៀបចំពិធីចែកវិញ្ញាបនបត្រដល់មន្ត្រីអាជ្ញាកណ្តាល-ចៅក្រមប្រដាល់សកលចំនួន០៨រូប ដែលបានប្រឡងជាប់ជាអាជ្ញាកណ្តាល-ចៅក្រមកម្រិតអន្តរជាតិផ្កាយ១ ដែលទទួលបានស្គាល់ដោយសមាគមកីឡាប្រដាល់សកលអន្តរជាតិ (IBA) ។

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់ថា បានចាត់ទុកថា ទទួលស្គាល់ មន្ដ្រីអាជ្ញាកណ្ដាល-ចៅក្រមអន្ដរជាតិសហព័ន្ធកីឡាប្រដាល់សកលពីស្ថាប័ន IBA គឺជាកំណត់ត្រាប្រវត្តិសាស្ដ្រថ្មីមួយ និងជាការត្រៀមយ៉ាងល្អលើធនធានមនុស្ស ដើម្បីចូលរួមកាត់សេចក្ដី ក្នុងព្រត្តឹការណ៍កីឡាស៊ីហ្គេម លើកទី៣២ ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជានាពេលខាងមុខនេះ។ អគ្គលេខាធិការរូបនេះ បន្តថា « ពីមុនសហព័ន្ធ មានតែអាជ្ញាកណ្ដាល-ចៅក្រមថ្នាក់ជាតិប៉ុណ្ណោះ តែពេលនេះកម្ពុជាមានមន្រ្តីអាជ្ញាកណ្តាល-ចៅក្រមកម្រិតអន្តរជាតិកម្រិតផ្កាយ១ ទទួលស្គាល់ដោយ IBA គឺជាប្រវត្តិសាស្ដ្រថ្មី បញ្ជាក់ថាយើងបានត្រៀមខ្លួនរួចរាល់។ លោក បន្ថែមថា នេះជាលើកទី១ សម្រាប់សហព័ន្ធ ក្នុងការសម្រេចផែនការអភិវឌ្ឍន៍របស់សហព័ន្ធ ឆ្ពោះទៅការរៀបចំស៊ីហ្គេម ឆ្នាំ២០២៣ ដោយយើងមានធនធានប្រកបដោយសក្តានុពល ជាមន្ដ្រីអាជ្ញាកណ្ដាល-ចៅក្រមមានលក្ខណៈសម្បត្តិពេញលេញ សម្រាប់ចូលរួមបម្រើការងារកាត់សេចក្ដី»។ លោក ប៊ុយ សុភ័ណ្ឌ បញ្ជាក់ថា «ក្នុងចំណោមមន្ត្រីអាជ្ញាកណ្តាល-ចៅក្រមទាំង៨រូបនេះ នឹងមាន ២រូបចូលរួមកាត់សេចក្តីសម្រាប់ប្រភេទកីឡាប្រដាល់សកល ក្នុងស៊ីហ្គេម នៅកម្ពុជា ដែលនឹងប្រកួតចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។ រីឯមន្ត្រីអាជ្ញាកណ្តាល-ចៅក្រម ៦រូបទៀត ក៏នឹងចូលរួមជាមន្ត្រីបច្ចេកទេសសម្រាប់រៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នេះផងដែរ»។

គួរបញ្ជាក់ថា មន្ត្រីអាជ្ញាកណ្តាល-ចៅក្រមប្រដាល់សកលកម្ពុជា ០៨រូបនេះ បានចូលរួមវគ្គបណ្តុះបណ្តាលអាជា្ញកណ្តាល-ចៅក្រមអន្តរជាតិផ្កាយ១ កាលពីថ្ងៃទី២៣ ដល់ ២៩ ខែធ្នូ ឆ្នាំ២០២២ ដោយសហការជាមួយសមាគមកីឡាប្រដាល់សកលអន្តរជាតិ (IBA) ដែលបង្រៀនដោយ លោក Waith John Henry គ្រូឧទ្ទេសអន្តរជាតិរបស់ IBA ។ សម្រាប់មន្ត្រីអាជ្ញាកណ្តាល-ចៅក្រមទាំង ០៨រូប នឹងមាន២រូបចូលរួមកាត់សេចក្តីសម្រាប់ប្រភេទកីឡាបរដាល់សកល ក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦ ដល់ ១៤ ខែឧសភា ឆ្នាំ២០២៣៕

ចាន់ វិចិត្រ