លោក ចេប៊ី នាយកគ្រប់គ្រង Decathlon Cambodia គាំទ្រស៊ីហ្គេម ឆ្នាំ២០២៣ ដោយចូលរួមឧបត្ថម្ភសម្ភារដល់អ្នកស្ម័គ្រចិត្ត ក្នុងឱកាសពិសេសរបស់ខ្លួន

(ភ្នំពេញ)៖ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា នៅសល់តែ ៩១ថ្ងៃទៀតប៉ុណ្ណោះនឹងមកដល់ ។ ទន្ទឹមជាមួយគ្នា ក្រុមហ៊ុន Decathlon ក៏បានប្រកាសគាំទ្រព្រឹត្តិការណ៍ជាប្រវត្ដិសាស្ដ្រលើកដំបូងនៅកម្ពុជានេះផងដែរ តាមរយៈការចូលរួមឧបត្ថម្ភសម្ភារជាច្រើនដល់អ្នកស្ម័គ្រចិត្ត ដែលនឹងចូលរួមបម្រើការងារកំឡុងពេលប្រកួតដ៏អស្ចារ្យនេះ ។

នេះបើតាមការបញ្ជាក់របស់លោក ចេប៊ី នាយកគ្រប់គ្រង Decathlon Cambodia បន្ទាប់ពីក្រុមហ៊ុនបានបើកសាខាថ្មីរបស់ខ្លួន នៅផ្សារទំនើបអ៊ីអន-មានជ័យ ។ លោកថា ស៊ីហ្គេមនៅកម្ពុជា នឹងក្លាយជាការបំផុសគំនិតប្រជាពលរដ្ឋ ក្នុងការលេងកីឡាកាន់តែច្រើន ។ ហេតុនេះ លោកក៏រីករាយក្នុងការចូលរួមគាំទ្រ ហើយលោកនឹងឧបត្ថម្ភសម្ភារជាកាតាបដល់អ្នកស្ម័គ្រចិត្តប្រមាណ ៧ពាន់នាក់ ក្នុងតម្លៃជាង ៨មុឺនដុល្លារ ដែលគណៈកម្មាធិការជាតិ CAMSOC បានប្រកាសជ្រើសរើស ដើម្បីចូលរួមបម្រើការងារក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ ។

នាយកគ្រប់គ្រង Decathlon Cambodia បានពោលថា “យើងមានមហិច្ឆតាក្នុងការជួយប្រជាជនកម្ពុជាគ្រប់ៗគ្នាឲ្យរស់នៅក្រកបដោយសុខភាពល្អតាមរយៈ ការចូលរួមលេងកីឡាដែលពូកគេចូលចិត្ត”។

លោក ចេប៊ី បានថ្លែងទៀតថា “យើងជឿជាក់ថា ការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមនៅឆ្នាំ2023 នឹងក្លាយជាការបំផុសគំនិតប្រជាជនកម្ពូជា ក្នុងការ សាកល្បងលេងកីឡាថ្មីដែលយើងមិនធ្លាប់បានស្គាល់ពីមុន។ ពួកយើង បេជ្ញាចិត្តក្នុង ចូលរួមជួយដល់ព្រឹត្តិការណ៍កីឡា សមាគមកីឡា សហព័ន្ធកីឡា អង្គការក្រៅរដ្ឋាភិបាលនានា ហើយពួកយើងនឹងក៏ នៅតែបន្តសកម្មភាពទាំងនាពេលអនាគត ខាងមុខបន្តទៀត”។

បន្ថែមលើនេះ លោក Arjun Deswal តំណាង Decathlon AEON III បានចាត់ទុកឆ្នាំ 2023 គឺជាឆ្នាំពិសេសសម្រាប់ប្រទេសកម្ពុជា ក្នុងនាមជាប្រទេសម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ។ លោកបានសម្ដែងសេក្ដីរីករាយជាមួយតួនាទី ក្នុងការធ្វើឲ្យផលិតផលកីឡារបស់ខ្លួន អាចចូលរួមប្រើប្រាស់សម្រាប់ប្រទេសពលរដ្ឋកម្ពុជា នៅក្នុងការប្រកួតកីឡាប្រចាំតំបន់ដ៏ធំលើកដំបូងនៅកម្ពុជានេះ ។ ដើម្បីអបអរសាទរការបើកសាខាថ្មី ក៏ដូចជាអបអរសាទរដំណើរឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា Decathlon នឹងផ្តល់ជូនគូប៉ុង 5ដុល្លារដល់ 1000ដុល្លារដល់អតិថិជន 500នាក់ដំបូង នៅថ្ងៃទី 4 ខែកុម្ភៈ ឆ្នាំ2023 | ម៉ោង 9:00 ព្រឹក នៅ Decathlon មានជ័យ (Decathlon AEON III ) ។

សូមបញ្ជាក់បន្ថែមផងដែរថា ដើម្បីអបអរសាទរការបើកសាខាថ្មី ក៏ដូចជាអបអរសាទរដំណើរឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា Decathlon ក៏បានរៀបចំនូវការសម្ដែងទស្សនីយភាពជាច្រើនផងដែរ ពិសេសការបង្ហាញក្បាច់គុនល្បុក្កតោដោយក្រុមរបស់កីឡាករ សំ ថារ័ត្ន ដ្បិតគុនល្បុក្កតោ គឺជាវិញ្ញាសាប្រពៃណីមួយ ដែលកម្ពុជាបានដាក់បញ្ចូលក្នុងកម្មវិធីប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលនឹងបើកការប្រកួតនាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះផងដែរ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner