CAMSOC បើកកិច្ចប្រជុំពិនិត្យវាយតម្លៃ និងកែសម្រួលរាល់បញ្ហាសេសសល់សម្រាប់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិរៀបចំកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (CAMSOC-CAMAPGOC) តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធាន CAMSOC-CAMAPGOC នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃគណៈកម្មការជំនាញគ្រប់ផ្នែក នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីត្រួតពិនិត្យ វាយតម្លៃ និងកែសម្រួលរាល់បញ្ហាសេសសល់សម្រាប់ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ក្រោយបញ្ចប់កិច្ចប្រជុំ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានឲ្យដឹងថា នេះជាកិច្ចប្រជុំលើកទី១ ក្រោមការចង្អុបង្ហាញពីសម្តេចពិជ័យសេនា ទៀ បាញ់ ប្រធាន CAMSOC-CAMAPGOC ឲ្យគណៈអចិន្ត្រៃយ៍បើកកិច្ចប្រជុំត្រួតពិនិត្យជាប្រចាំ ដើម្បីដោះស្រាយរាល់បញ្ហាសេសសល់របស់គណៈកម្មការជំនាញគ្រប់ផ្នែក។ ធ្វើយ៉ាងណារួមគ្នាជំរុញឲ្យសម្រេចតាមផែនការសម្រាប់ការទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្រ្តដំបូងនៅកម្ពុជាឲ្យជោគជ័យ។
ឯកឧត្តម បានគូសបញ្ជាក់ថា កិច្ចប្រជុំបែបនេះគឺនឹងអនុវត្តជារៀងរាល់ថ្ងៃដោយគិតចាប់ពីថ្ងៃទី៣ ខែកុម្ភៈនេះទៅ។ យ៉ាងហោចណាស់មានរយៈពេល១ម៉ោង ឬ២ម៉ោងនាពេលព្រឹក ក្នុងន័យត្រួតពិនិត្យ វាយតម្លៃ និងកែសម្រួលបញ្ហាទាំងឡាយដែលនៅសេសសល់ទាំងអស់ក្នុងការរៀបចំរបស់គណៈកម្មការជំនាញគ្រប់ផ្នែករបស់ CAMSOC-CAMAPGOC។

សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះទៅរៀងរាល់ព្រឹកយ៉ាងហោចណាស់១ម៉ោង ឬ២ម៉ោង ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC នឹងបើកកិច្ចប្រជុំជាមួយគណៈកម្មការជំនាញគ្រប់ផ្នែកនៅក្នុងមជ្ឈមណ្ឌលទីស្នាក់ការប្រតិបត្តិការរួមរបស់ស៊ីហ្គេម នៅពហុកីឡដ្ឋានជាតិមរកតតេជោ សម្រាប់ត្រួតពិនិត្យ តាមដាន វាយតម្លៃ ពីវឌ្ឍនភាពការងារ ដើម្បីរៀបចំកីឡាស៊ីហ្គេម និងអាស៊ានប៉ាហ្គេមឲ្យដំណើរការល្អគ្រប់ជ្រុងជ្រោយ៕រូបភាព និងអត្ថបទ៖ជាវ ចន្ធូ


