ការអនុវត្តគម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់នៅប៉ែកខាងកើតស្ទឹងសង្កែ គ្រោងនិងបញ្ចប់នៅមុនពេលបុណ្យចូលឆ្នាំខ្មែរខាងមុខ
ខេត្តបាត់ដំបង ៖ ថ្លែងក្នុងកិច្ចប្រជុំពិភាក្សា ដើម្បីផ្តោតការតាមដាននិងវាយតម្លៃ ពីកិច្ចដំណើរការសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់នៅក្នុងក្រុងបាត់ដំបង ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានជំរុញដល់ក្រុមការងារវិស្វកម្មដែលអនុវត្តគម្រោង ត្រូវតែខិតខំពន្លឿនការសាងសង់ប្រព័ន្ធលូ ឱ្យបានកាន់តែឆាប់រហ័សតាមដែលអាចធ្វើទៅបាន ដើម្បីឲ្យអាជ្ញាធរឆាប់បានសាងសង់ផ្លូវឱ្យស្អាតឡើងវិញ ក្នុងការសម្រួលដល់ប្រជាពលរដ្ឋបានធ្វើដំណើរ និងចរាចរយានជំនិះបានស្រួលឡើងវិញ។ ព្រោះបច្ចុប្បន្ននេះដោយសារការកាយផ្លូវ ដើម្បីរៀបចំប្រព័ន្ធលូនេះ វាបានបង្កនូវផលលំបាកនិងជាឧបសគ្គ រំខានដល់ការធ្វើចរាចរចេញចូល ទៅមក របស់ ប្រជាពលរដ្ឋទូទៅ ។
តាមរយៈការបង្ហាញពីវឌ្ឍនភាពការងារ នៃផែនការសាងសង់ និងអនុវត្តគម្រោងពីក្រុមវិស្វកម្មបច្ចេកទេស បានបង្ហាញឲ្យដឹងថា៖ ការសាងសង់នៅប៉ែកខាងកើតស្ទឹងសង្កែ ក្រុមការងារគ្រោងនិងបញ្ចប់ការសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់ មុនថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខឆាប់ៗនេះ ខណៈនៅផ្នែកប៉ែកខាងលិចស្ទឹងសង្កែនឹងសាងសង់រួចរាល់នៅចុងឆ្នាំ២០២៤ ។
ឯកឧត្តម សុខ លូ ក៏បានជំរុញឲ្យក្រុមការងារអនុវត្តសាងសង់ ត្រូវបន្តយកចិត្តទុកដាក់ ដើម្បីធ្វើឱ្យដំណើរការសាងសង់បានរលូន ហើយក្នុងនោះក៏ត្រូវបន្តកិច្ចសហការជាមួយ និងអាជ្ញាធរពាក់ព័ន្ធជាមួយទីតាំងគម្រោងត្រូវធ្វើការផ្សព្វផ្សាយពន្យល់ដល់ប្រជាពលរដ្ឋនៅទីនោះ ឱ្យមានការយល់ដឹង អំពីគម្រោងមួយនេះ ។
ព្រមជាមួយគ្នាចាប់ពីដើមឆ្នាំ២០២៣ រដ្ឋបាលខេត្ត បាននិងកំពុងតែធ្វើការពន្លឿនក្នុងការកែលម្អសោភ័ណភាពនៅក្នុងទីក្រុង ដែលជាបេះដូងរបស់ខេត្ត ដោយបានធ្វើការសាងសង់នូវច្រាំងស្ទឹងសង្កែ ដើម្បីការពារមិនឱ្យបាក់ស្រុតដីនិងធានានិរន្តរភាពដល់ផ្លូវក្នុងការប្រើប្រាស់ ព្រមទាំងដើម្បីលើកកម្ពស់សោភ័ណភាព សណ្តាប់ធ្នាប់ អនាម័យបរិស្ថាននៅតាមបណ្ដោយដងស្ទឹងសង្កែ ដើម្បីបង្កើនដល់ការទាក់ទាញភ្ញៀវទេសចរ ដែលបានមកកម្សាន្តផងដែរ។
គួរបញ្ជាក់ដែរថា៖កន្លងទៅនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយភាគីពាក់ព័ន្ធនិងដៃគូអភិវឌ្ឍន៍ បាននិងកំពុងអនុវត្តនូវគម្រោងរៀបចំប្រព័ន្ធលូទឹកកខ្វក់ និង ប្រព័ន្ធលូរំដោះទឹកភ្លៀងដាច់ដោយឡែកពីគ្នា និងថែមទាំងបានបង្កើតអាងប្រព្រឹត្តកម្មទឹកកខ្វក់នៅក្នុងក្រុងបាត់ដំបង ឱ្យបានសមស្រប ដើម្បីបញ្ចៀសពីការលិចលង់ក្នុងក្រុងនារដូវវស្សាដែលតែងកើតមានកន្លងមក និងដើម្បីធ្វើប្រព្រឹត្តកម្មសម្អាតទឹកកខ្វក់ទាំងនោះ មុននឹងបង្ហូរចូលទៅក្នុងប្រភពទឹកធម្មជាតិ ឬ យកទៅប្រើប្រាស់ផ្សេងៗ ៕ អ៊ុក សំអាន







