ភាគីអាមេរិករឹបអូសទ្រព្យមហាសេដ្ឋីរុស្ស៊ី ប្រគល់ជូនទៅអ៊ុយក្រែន លើកដំបូង
អគ្គមេធាវីអាមេរិកបានឲ្យដឹងថា អ៊ុយក្រែននឹងទទួលបានថវិការឹបអូស បានចំនួន ៥,៤ លានដុល្លារ ពីមហាសេដ្ឋីរុស្ស៊ី ជាការរឹបអូសដំបូង។
អគ្គមេធាវីសហរដ្ឋអាមេរិក លោក មឺរីក ហ្គាឡេន ( Merrick Garland) បាននិយាយ កាលពីថ្ងៃសុក្រ ទី៣ ខែកុម្ភៈថា សហរដ្ឋអាមេរិកនឹងធ្វើការផ្ទេរទ្រព្យសម្បត្តិរុស្ស៊ីដែលត្រូវបានរឹបអូសជាលើកដំបូង ដើម្បីជួយកសាងឡើងវិញនូវអ៊ុយក្រែនដែលរងគ្រោះដោយសង្រ្គាម។
អគ្គមេធាវីសហរដ្ឋអាមេរិករូបនេះបានបញ្ជាក់ដូច្នេះ ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Washington, D.C. ដោយមានការចូលរួម ពីសំណាក់អគ្គរដ្ឋអាជ្ញាអ៊ុយក្រែន Andriy Kostin ផងដែរ។
លោក Kostin បាននិយាយថា ចំណាត់ការរបស់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក គឺជា “សារច្បាស់លាស់” ដែលនឹងមិនមានអភ័យឯកសិទ្ធិ ឬនិទណ្ឌភាព សម្រាប់ឧក្រិដ្ឋកម្មអន្តរជាតិ។
រដ្ឋអាជ្ញាអាមេរិកនឹងរឹបអូសប្រាក់ចំនួន ៥.៤ លានដុល្លារដែលជាកម្មសិទ្ធិរបស់អ្នកជំនួញរុស្ស៊ីដែលជាប់ទណ្ឌកម្មលោក Konstantin Malofeyev ហើយផ្ទេរពួកគេទៅក្រសួងការបរទេស។
សេចក្តីសម្រេច កាលពីថ្ងៃព្រហស្បតិ៍ ដោយចៅក្រមស្រុកអាមេរិកលោក Paul Gardephe នៅតុលាការសហព័ន្ធ Manhattan បានកត់សម្គាល់នូវដីការឹបអូសទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរុស្ស៊ីជាលើកដំបូង ចាប់តាំងពីក្រសួងយុត្តិធម៌ បានចាប់ផ្តើមក្រុមការងារ កាលពីក្នុងឆ្នាំ ២០២២ ដែលមានបំណងច្របាច់ហិរញ្ញវត្ថុរបស់សម្ព័ន្ធមិត្តរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin៕ ប្រភពពី Reuters ប្រែសម្រួលដោយ៖ សារ៉ាត