ប្រមុខការទូតអាមេរិកលុបចោលដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ក្រោយទីក្រុងប៉េកាំងបង្ហោះបាឡុងចារកម្មលើសហរដ្ឋអាមេរិក
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន នៅថ្ងៃសុក្រសប្តាហ៍នេះ បានលុបចោលដំណើរទស្សនកិច្ចនៅទីក្រុងប៉េកាំងដ៏កម្រមួយ ក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹងរវាងមហាអំណាចពិភពលោកទាំងពីរ បន្ទាប់ពីមន្ទីរបញ្ចកោណបាននិយាយថា ប្រទេសចិនបានបង្ហោះបាឡុងចារកម្មពីលើសហរដ្ឋអាមេរិក។
មួយសន្ទុះមុនការសម្រេចចិត្តខាងលើនេះ ប្រទេសចិនបានចេញសេចក្តីថ្លែងការណ៍ដ៏កម្រមួយ បង្ហាញពីការសោកស្ដាយ និងបន្ទោសខ្យល់ដែលបានបក់មកលើអ្វីដែលខ្លួនហៅថា ជាយន្តហោះស៊ីវិលប្រើសម្រាប់ការស្រាវជ្រាវផ្នែកឧតុនិយម។ ប៉ុន្តែរដ្ឋបាលរបស់លោក ចូ បៃដិន បានពណ៌នាថា វាជា “បាឡុងស៊ើបការណ៍” ដែលអាចបត់បែនបាន ដោយកាលពីថ្ងៃសុក្រសប្តាហ៍នេះ បានហោះអណ្តែតនៅកណ្តាលសហរដ្ឋអាមេរិក។
នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយមន្ត្រីជាន់ខ្ពស់ចិន លោក វ៉ាង យី លោក ប្លីងគែន បាននិយាយថា គាត់បានបញ្ជាក់យ៉ាងច្បាស់ថា វត្តមានរបស់បាឡុងស៊ើបការណ៍នេះនៅក្នុងដែនអាកាសរបស់សហរដ្ឋអាមេរិក គឺជាការបំពានយ៉ាងច្បាស់លើអធិបតេយ្យភាពរបស់សហរដ្ឋអាមេរិក និងច្បាប់អន្តរជាតិ ដែលវាជាទង្វើខ្វះការទទួលខុសត្រូវ។
ទោះជាយ៉ាងណា ប្រមុខការទូតអាមេរិករូបនេះ បានសង្កត់ធ្ងន់ថា គាត់បានប្រាប់លោក វ៉ាង ថា សហរដ្ឋអាមេរិកបានប្តេជ្ញាចិត្តក្នុងការភ្ជាប់ទំនាក់ទំនងការទូតជាមួយប្រទេសចិន ហើយថា គាត់មានគម្រោងទៅទស្សនកិច្ចនៅទីក្រុងប៉េកាំង នៅពេលដែលលក្ខខណ្ឌអនុញ្ញាត៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា




