រដ្ឋបាលខេត្តកំពង់ស្ពឺ ផ្តល់អំណោយដល់គ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១៧១គ្រួសារ
កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺបានផ្តល់អំណោយដល់គ្រួសាររងគ្រោះដោយទឹកជំនន់ចំនួន ១៧១គ្រួសារ មកពីឃុំទាំង៧ នៃស្រុកភ្នំស្រួច ដែលការផ្តល់ជូននេះធ្វើឡើងនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ។
លោក ហន ពិសិដ្ឋ អភិបាលស្រុកភ្នំស្រួច បានឱ្យដឹងថា ស្រុកភ្នំស្រួចគឺជាស្រុកមួយក្នុងចំណោមស្រុកទាំង៥នៃខេត្តកំពង់ស្ពឺ ដែលបានរងគ្រោះដោយជំនន់ទឹកភ្លៀងកាលពីខែមករាកន្លងទៅ ។ ជំនន់ទឹកភ្លៀងនេះបានប៉ះពាល់ដល់ឃុំចំនួន៧គឺ៖ ឃុំយាយម៉ៅពេជ្រនិល ,ឃុំតាំងសំរោង, ឃុំក្រាំងដីវ៉ាយ, ឃុំអូរ ,ឃុំត្រែងត្រយឹង ឃុំមហាសាំង,និងឃុំតាំងស្យា ដែលជំនន់នេះបានបង្កផលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋចំនួន១៧១ គ្រួសារ។ក្រៅពីនោះ ជំនន់ទឹកភ្លៀងក៏បានបង្កផលប៉ះពាល់ដល់សាលារៀនចំនួន០៣កន្លែង នៅឃុំតាំងសំរោង១កន្លែង និងឃុំយាយពេជ្រនិលចំនួន០២កន្លែង ស្រែប្រាំង២ហិកតា ដំណាំផ្សេងៗ៣២ហិកតា និងហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់ប្រមាណជា៣៧៥២ម៉ែត្រផងដែរ។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ការបម្រែបម្រួលនៃអាកាសធាតុបានធ្វើឱ្យមានភ្លៀងធ្លាក់ជាប់គ្នា៤ថ្ងៃគឺចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៤ខែមករា ដែលជាខែស្ថិតក្នុងរដូវប្រាំង។ ភ្លៀងក្នុងខែនេះវាពិតជាមិនដែលមានទេពីដើមមក ហើយក៏មិនដែលមានជំនន់ក្នុងខែនេះដែរ។ នេះគឺបណ្តាលមកពីកត្តាមនុស្ស មនុស្សបានបំផ្លាញធម្មជាតិ កាប់អស់ព្រៃឈើ ទើបធ្វើឱ្យធម្មជាតិមានការប្រែប្រួលដូច្នេះ ហើយដោយសារតែការប្រែប្រួលនេះទើបធ្វើបងប្អូនប្រជាពលរដ្ឋត្រូវទទួលរងគ្រោះនិងបាត់បង់ទ្រព្យសម្បត្តិ។ តែដើម្បីឆ្លើយតបទៅនិងផលប៉ះពាល់ដែលបងប្អូនជួបប្រទះ រដ្ឋបាលខេត្តក្រោមការឧបត្ថម្ភគាំទ្រពីអង្គការជីវិតថ្លៃថ្នូរបានផ្តល់នូវអំណោយសង្គ្រោះបឋមដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។
ឯកឧត្តម វ៉ី សំណាង បានជំរុញឱ្យបងប្អូនត្រូវគិតគូរដល់សុខភាព រស់នៅត្រូវមានអនាម័យ ហូបស្អាតផឹកស្អាត ដើម្បីជៀសផុតពីជំងឺផ្សេងៗ មួយវិញទៀតត្រូវនាំសមាជិកគ្រួសារដែលគ្រប់អាយុទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ដុសដើម្បីបង្ការជំងឺកូវីដ-១៩៕ដោយ៖ម៉ុន សំអាត





