ក្រុមយុវជនវត្តវារិន្ទព្រែកលៀប ឈរលើកំពូលតារាងនៅក្នុងសប្តាហ៍ទី៦ នៃពានរង្វាន់ ទីលានបាល់ទាត់ដំរីសឆ្នាំ២០១៩ បន្ទាប់ពីយកឈ្នះក្រុម RFL ៥ទល់នឹង១
ភ្នំពេញ៖ ក្រុមយុវជនវត្តវារិន្ទព្រែកលៀប បានឡើងឈរលើកំពូលតារាងនៅក្នុងសប្តាហ៍ទី៦ នៃពានរង្វាន់ទីលានបាល់ទាត់ដំរីសឆ្នាំ២០១៩ បន្ទាប់ពីយកឈ្នះក្រុម RFL ៥ទល់នឹង១ កាលពីចុងសប្តាហ៍ ដោយឡែក៥ប្រកួតផ្សេងទៀត គឺក្រុមTurtle ឈ្នះក្រុម Sakura ៦ទល់នឹង៣ ក្រុម Khmer United B ឈ្នះក្រុម Rita ៣ទល់នឹង០ ក្រុមBlue Dragon ឈ្នះក្រុមKhmer United A ២ទល់នឹង១ ក្រុម Fun sport ស្មើរជាមួយនឹងក្រុម Bassac ២ទល់នឹង២ និងក្រុម Sniper ឈ្នះក្រុម Kw Khmer real estate ៦ទល់នឹង១។
លោក ឯក សុវណ្ណដា អ្នករៀបចំការប្រកួតបានឱ្យដឹងថា ទីលានបាលទាត់ដំរីស បានរៀបចំការប្រកួតនេះឡើងរយៈពេលជិត១០ឆ្នាំមកហើយ ក៏ទទួលបានការគាំទ្រពីសំណាក់យុវជនដែលស្នេហាវិស័យកីឡាបាល់ទាត់នេះចូលរួមយ៉ាងកុះករផងដែរ។ មិនតែប៉ុណ្ណោះព្រឹត្តិការណ៍នេះ គឺបានធ្វើឱ្យមហាជន យុវជន ដែលមកពីកន្លែងផ្សេងគ្នា បានរាប់អានគ្នា និងរឹតចំណឹងមិត្តភាព សាមគ្គីភាពរវាងគ្នានឹងគ្នា ជៀសវាងការទំនេរពីការសិក្សា ឬការងារ ទៅប្រព្រឹត្តអំពើអបាយមុខផ្សេងៗ ដែលសង្គមស្អប់ខ្ពើម ជាពិសេសលេងកីឡានាំមកនូវសុខភាពរឹងមាំ។
សូមបញ្ជាក់ថា បច្ចុប្បន្នកីឡាបាល់ទាត់គឺមានការគាំទ្រ និងពេញនិយមយ៉ាងខ្លាំងពីសំណាក់យុវជន មហាជន ជាមួយគ្នានោះវិស័យឯកជនក៏បានសហការក្នុងការបំផុសវិស័យកីឡា ដោយបង្កើតនូវព្រឹត្តិការណ៍កីឡា និងកៀរគរឱ្យមានការចូលរួមមហាជន៕ធ.ដ