លោក សែន គឹមស៊ុន៖ ផលិតផលធ្វើពីសូត្រ អំបោះរុក្ខជាតិ និងរោមសត្វទាំងអស់ មិនមែនតាំងសម្រាប់តែមួយឆ្នាំ ឬពីរឆ្នាំ
ភ្នំពេញ៖មន្រ្តីអាជ្ញាធរជាតិអប្សរា បានលើកឡើងថា ផលិតផលធ្វើពីសូត្រ អំបោះរុក្ខជាតិ និងរោមសត្វទាំងអស់ ដែលមានតាំងបង្ហាញនៅក្នុងសារមន្ទីរ វាយនភណ្ឌប្រពៃណីអាស៊ី មិនមែនតាំងសម្រាប់តែមួយឆ្នាំ ឬពីរឆ្នាំ ហើយ ត្រូវបោះចោលនៅពេលដែរវាខូចនោះទេ។ ប៉ុន្តែក្រុមអ្នកជំនាញ មាន បច្ចេកទេស ត្រឹមត្រូវ ក្នុងការថែរក្សារបស់ទាំងនោះឱ្យស្ថិតនៅបានយូរ អង្វែង តទៅទៀតតាមដែលអាចធ្វើបាន។

នេះជាការលើកឡើងពីសំណាក់លោក សែន គឹមស៊ុន នាយកស្តីទីនៃ សារមន្ទីរ វាយនភណ្ឌប្រពៃណីអាស៊ីស្ថិតក្នុងខេត្តសៀមរាប ។សារមន្ទីរ នេះអាចជាសារមន្ទីរដំបូងគេនៃព្រះរាជាណាចក្រកម្ពុជា ដែលមានដាក់ តាំងបង្ហាញរបស់ប្រើប្រាស់ផលិតចេញពីសរសៃសូត្រ សរសៃកប្បាស សរសៃអំបោះ សរសៃគ សំបកឈើ រោមសត្វ តាមបែបប្រពៃណីផ្សេងៗគ្នា។
យោងតាមអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ផលិតផលធ្វើអំពីសូត្រ អំបោះរុក្ខជាតិ និងរោមសត្វ ដែលគេយកមកតាំងបង្ហាញទាំងនោះ មាន ដូចជាសម្លៀកបំពាក់ មួក ស្រោមដៃ-ជើង កន្សែង ឆ្នួត និងវត្ថុធាតុដើម ជាច្រើនទៀត រួមទាំងឧបករណ៍តម្បាញផង។

លោក សែន គឹមស៊ុន បានឱ្យដឹងថា ក្រុមអ្នកជំនាញរបស់សារមន្ទីរ បានយកចិត្តទុកដាក់ប្រើប្រាស់បច្ចេកទេសយ៉ាងត្រឹមត្រូវ ដើម្បីថែទាំ និងការពារអភិរក្សសមុច្ច័យទាំងនោះ មិនឱ្យខូចខាតទៅតាមអាយុកាល និងពេលវេលាឡើយ បើទោះបីជាសមុច្ច័យទាំងនោះ មានអាយុកាល ច្រើនឆ្នាំមកហើយក៏ដោយ។

លោកមានប្រសាសន៍ថា ៖ «ផលិតផលធ្វើពីសូត្រ អំបោះរុក្ខជាតិ និងរោមសត្វទាំងអស់ ដែលមានតាំងបង្ហាញនៅក្នុងសារមន្ទីរមិន មែន តាំងសម្រាប់តែ១ឆ្នាំ ឬ២ឆ្នាំ ហើយពេលវាខូចត្រូវបោះចោលនោះទេ គឺក្រុមអ្នកជំនាញមានបច្ចេកទេសត្រឹមត្រូវ ក្នុងការថែរក្សារបស់ទាំង នោះឱ្យស្ថិតនៅបានយូរអង្វែងតទៅទៀតតាមដែលអាចធ្វើបាន»។ លោកបន្តទៀតថា ៖ «សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីមាន គោល ការណ៍ពីរក្នុងការអភិរក្ស ផលិតផលសូត្រទាំងនោះដើម្បី រក្សាទុកឱ្យ បានយូរអង្វែង ដោយត្រូវការអភិរក្សយ៉ាងយកចិត្តទុកដាក់នៅមុន ពេលខូចខាត ដោយគិតពីបច្ចេកទេស តាំងតែពីការរៀបចំដាក់តាំងដើម្បី កុំឱ្យប៉ះពាល់ដល់សមុច្ច័យ ដូចជាការព្យួរ និងដាក់ក្នុងទូជៀសវាងសមុច្ច័យ ទាំងនោះកុំឱ្យទៅប៉ះផ្ទាល់ជាមួយដែក ឬឈើដែលអាចនាំឱ្យមេឬសត្វល្អិត ស៊ីនិងធ្វើឱ្យកកិតជាដើម»។
រៀងរាល់ព្រឹកត្រូវបើកបង្អូចនិងទ្វារក្នុងរយៈពេលខ្លី កុំឱ្យមានក្លិនផ្អួរនៅ ក្នុងសាលពិព័រណ៍នីមួយៗ សម្អាតកម្រាល និងជើងទម្រជាប្រចាំ ផ្លាស់ប្តូរទីតាំងជើងទម្រ ដើម្បីសម្អាតជៀសវាងមានធូលីកុំឱ្យមានសត្វល្អិត ឬធូលីតោងជាប់វត្ថុទាំងនោះអាចនាំឱ្យមានបញ្ហាដល់សមុច្ច័យបាន។ ដាក់ថ្នាំសម្លាប់សត្វល្អិតនៅតាមជ្រុង និងទ្វារនៃសាលពិព័រណ៍និងដាក់ របាំងការពារសត្វកណ្តុរ។ នេះជាការរៀបរាប់ពីលោក សែន គឹមស៊ុន។
លោកបានបន្តទៀតថា ចំណុចយកចិត្តទុកដាក់មួយទៀត គឺនៅពេលដែល សមុច្ច័យខូចខាត គឺត្រូវជួសជុលភ្លាមៗទៅតាមបច្ចេកទេស ដែលសារមន្ទីរ វាយ នភណ្ឌប្រពៃណីអាស៊ី ធ្លាប់ទទួលបានការបង្ហាត់បង្រៀនពីអ្នកជំនាញ ឱ្យចេះពីវិធីជួសជុល និងសង្រ្គោះផលិតផលទាំងនោះឱ្យរួចផុតពីហានិភ័យ។
ទាក់ទងនឹងសាលសម្រាប់ដាក់តាំងពិព័រណ៍ទៀតសោត អ្នកជំនាញរូបនេះ បានបញ្ជាក់ថា សាលសម្រាប់ដាក់តាំងរបស់ទាំងនេះ ត្រូវគ្រប់គ្រងពន្លឺអំពូល ភ្លើងឱ្យបានសមស្រប ជៀសវាងការហើរពណ៌របស់ផលិតផល។
ម្យ៉ាងវិញទៀត ការកំណត់សីតុណ្ហភាពរឹតតែសំខាន់ ដោយនៅគ្រប់សាល ពិព័រណ៍ គឺទាមទារឱ្យមានឧបករណ៍សម្រាប់វាស់សីតុណ្ហភាពជាប្រចាំ សម្រាប់ពិនិត្យតាមដាន កំណត់កម្តៅត្រឹម៣០អង្សា និងសំណើម ៦៥ ភាគរយ។
លោក សែន គឹមស៊ុន បានបញ្ជាក់ថា ៖ «ដើម្បីសុវត្ថិភាពក្នុងការថែរក្សា ផលិតផលទាំងនោះឱ្យបានយូរអង្វែង សារមន្ទីរក៏មានដាក់បម្រាមសម្រាប់ ភ្ញៀវ ដែលចូលមកទស្សនាទាំងឡាយ ហាមយកចំណីអាហារ និងភេសជ្ជៈ ចូល ហាមប៉ះ ឬស្ទាបជាដើម ដែលអាចនឹងនាំមកនូវហានិភ័យផ្សេងៗអាច ដល់សមុច្ច័យ»។
សូមរំឮកផងដែរថា សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី គ្រោងនឹងដាក់តាំង ពិព័រណ៍ ផលិតផលសូត្រខ្មែរចំនួន១១មុខ នៅពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ ២០២៣ នេះ ដែលផលិតផលទាំង១១មុខនេះរួមមាន កន្សែងសូត្រចំនួនបួន និងសំពត់ហូលចំនួនបួននៅក្នុងនោះក៏មានហូលពិតានចំនួនពីរ ជា អំណោយ ផ្តល់មកពីវិទ្យាស្ថានវាយនភណ្ឌប្រពៃណីខ្មែរ។
ការដាក់តាំងពិព័រណ៍វត្ថុដ៏មានតម្លៃទាំងនេះ ក្នុងបំណងអភិរក្ស ថែរក្សា សិល្បៈ តម្បាញហូលពិតានខ្មែរ ស្របពេលដែលចំនួនអ្នកប្រើប្រាស់ ហូលពិតានក្នុងសង្គមខ្មែរសម័យថ្មី កំពុងថយចុះគួរឱ្យព្រួយបារម្ភ។ ម្យ៉ាងវិញទៀត ក៏ដើម្បីបង្ហាញដល់សាធារណជន សិស្ស និស្សិត ភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ បានស្វែងយល់ពីកេរ្តិ៍ដំណែល និងស្នាដៃរបស់ បុព្វបុរសខ្មែរដែលបានបន្សល់ទុកមក។
សូមបញ្ជាក់ថា សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ស្ថិតនៅភូមិបឹងដូនប៉ា តាមបណ្តោយផ្លូវសម្តេចវិបុលបញ្ញាសុខ អាន (ផ្លូវ៦០ម៉ែត្រ)សង្កាត់ស្លក្រាម ក្រុងសៀមរាប។
សារមន្ទីរនេះ បានបើកដំណើរការតាំងតែពីអំឡុងខែមេសា ឆ្នាំ២០១៤ ក្រោមកិច្ចសហប្រតិបត្តិការពីបណ្ដាប្រទេសតាមដងទន្លេមេគង្គ-ទន្លេគង្គារ ដោយមានប្រទេសចំនួន៦ចូលរួមដូចជា ប្រទេសកម្ពុជា ឥណ្ឌា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ក្នុងគោលបំណងថែរក្សាប្រពៃណីនៃការផលិត វាយនភណ្ឌក៏ដូចជាការបង្ហាញពីទំនាក់ទំនងរវាងអរិយធម៌ វប្បធម៌ និង ពាណិជ្ជកម្មរបស់ប្រទេសជាសមាជិក ដែលមានរយៈពេលជាច្រើនសតវត្ស មកហើយ៕
ដោយ៖នាង សុគន្ធា