រញ្ជួយដីកម្រិត ៧,៨ រ៉ិចទ័រ វាយប្រហារនៅតួកគី ក្បែរស៊ីរី ដោយសម្លាប់ មនុស្ស រាប់សិបនាក់

តួកគី៖ការរញ្ជួយដីដ៏ខ្លាំងសាហាវមួយបានវាយប្រហារភាគ ខាងត្បូង នៃ ប្រទេសតួកគីនៅព្រឹកព្រលឹមថ្ងៃចន្ទនេះ ដែលធ្វើឱ្យមានរំញ័រដល់កោះស៊ីប ស៊ីរី និងលីបង់ និងបង្កឱ្យអាគារជាច្រើនខ្នងដួលរលំ ខណៈមនុស្សរាប់សិប នាក់បានស្លាប់ និងជាច្រើនផ្សេងទៀតជាប់ក្នុងគំនរអគារបាក់បែក។

ទីភ្នាក់ងារសេវាភូគព្ភសាស្ត្រអាមេរិក(USGS) បានឱ្យដឹងថា ការរញ្ជួយ ៧,៨រ៉ិចទ័រនេះ បានកើតឡើងនៅជម្រៅ ១៧,៩ គីឡូម៉ែត្រក្បែរទីក្រុង កាហ្ស៊ីអានទិប (Gaziantep) ដែលនៅប្រហែល ៩០ គីឡូម៉ែត្រពីព្រំប្រទល់ ប្រទេសស៊ីរី ខណៈអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រាអាសន្នរបស់ តួកគី (AFAD) បានដាក់កម្រិតនៃការរញ្ជួយដីនៅកម្រិត ៧,៤ រ៉ិចទ័រ។ ការរំញ័រមានរយៈពេលប្រហែល ១ នាទី។

នៅខណៈដែលក្រុមជួយសង្គ្រោះកំពុងដុតដៃដុតជើងធ្វើប្រតិបត្តិការរបស់ខ្លួន មនុស្សជាច្រើននាក់ត្រូវបានគេរាយការណ៍ថាស្លាប់ និងរាប់រយនាក់ រងរបួស នៅក្នុងតំបន់ដែលរងផលប៉ះពាល់ផ្សេងៗទាំងនៅតួកគី និងស៊ីរី។ តាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលស្រង់ទិន្នន័យ ចុង ក្រោយពីប្រភពអាជ្ញាធរក្នុងតំបន់គិតត្រឹមព្រឹកថ្ងៃចន្ទ ចំនួនអ្នកស្លាប់នៅ ភាគខាងត្បូងតួកគីបានកើនដល់យ៉ាងហោចណាស់ ៥៣ នាក់។

ចំណែកនៅឯស៊ីរីវិញកងការពារស៊ីវិលស៊ីរីរបស់បក្សប្រឆាំង បានពណ៌នា ស្ថានភាពតំបន់ដែលរងផលប៉ះពាល់ថាមានលក្ខណៈ «មហន្តរាយ» ដោយ បន្ថែមថាអគារទាំងមូលបានដួលរលំ ហើយមនុស្សត្រូវជាប់ក្រោមគំនរបាក់ បែក។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរីបានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ៤២ នាក់ត្រូវបានសម្លាប់ និងជាង ២០០ នាក់បានរងរបួស បន្ទាប់ពីអគារជា ច្រើនខ្នងបានដួលរលំនៅក្នុងទីក្រុងភាគខាងជើងរបស់ប្រទេសរួមមានទីក្រុង Aleppo ក្រុង Hama និងក្រុង Latakia។

គួរបញ្ជាក់ថា តួកគីគឺជាប្រទេសដែលស្ថិតនៅក្នុងតំបន់រញ្ជួយដីដ៏សកម្មបំផុត មួយរបស់ពិភពលោក។ ការរញ្ជួយនៅភាគពាយព្យរបស់ប្រទេសនេះក្នុងឆ្នាំ ១៩៩៩ បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ១៨ ០០០ នាក់។
ទិន្នន័យចុងក្រោយពីរញ្ជួយដីនៅព្រឹកនេះមិនទាន់អាចសរុបជាផ្លូវការ ចំនួន អ្នកស្លាប់ និងរងរបួស ត្រូវបានគេរំពឹងថានឹងកើនឡើង។ ប្រធានាធិបតីតួកគី រ៉េហ្ស៊ីប អ៊ែរដូហ្គាន់ បានសរសេរនៅលើបណ្ដាញសង្គមធ្វីតទ័រថា ក្រុមអ្នក ស្វែងរក និងជួយសង្គ្រោះត្រូវបានដាក់ពង្រាយភ្លាមៗទៅកាន់តំបន់ដែល រងគ្រោះ ហើយបន្តថា៖ «យើងសង្ឃឹមថា យើងនឹងឆ្លងកាត់គ្រោះមហន្តរាយ នេះជាមួយគ្នា ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ជាមួយនឹងការខូចខាត តិច បំផុត»៕
ដោយ៖ហួន ឌីណា

ads banner