អគ្គិភ័យឆេះវិហារព្រះពុទ្ធសាសនាមួយ នៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី
អូស្រ្តាលី៖អគ្គិភ័យឆេះវិហារព្រះពុទ្ធសាសនាមួយនៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី។ព្រះវិហារព្រះពុទ្ធសាសនាមួយឈ្មោះThe Bright Moon បានឆេះទាំងស្រុងកាលពីយប់ថ្ងៃទី៥កុម្ភៈ នាំឱ្យសាសនិកវិហារនោះ បង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់កន្លែងទីសក្ការៈគោរពបូជានេះ។
អាជ្ញាធរមូលដ្ឋានប្រើប្រាស់អ្នកពន្លត់អគ្គិភ័យជាង ១៥០ នាក់ដើម្បីពន្លត់ ភ្លើងនេះ ដោយប្រតិបត្តិការប្រើអស់រយៈពេលជាច្រើនម៉ោង ខណៈដែល អណ្តាតភ្លើងនិងផ្សែងក្រាស់ឃ្មឹកហុយពេញជាយក្រុង Springvale ភាគ អាគ្នេយ៏នៃទីក្រុង Melbourne ។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៍មាន BBC News Breakfast ប្រធានផ្នែកពន្លត់អគ្គីភ័យលោក Paul Foster បានឱ្យដឹងថា៖« គេ មិនទាន់ ដឹងពីមូលហេតុដែលបង្កឱ្យ មានការឆាបឆេះនេះនៅឡើយនោះទេ ។ ក្រុមជំនាញអគ្គិភ័យបានហាមឃាត់អ្នកស៊ើបអង្កេតដោយ មិនទាន់អនុញ្ញាត ឱ្យចូលទៅក្នុងប្រាសាទភ្លាមៗនោះដែរដោយបារម្ភពីសុវត្ថិភាពព្រោះសំណង់នោះអាចបាក់រលំបន្ទាប់ពីឆេះរួច»។
ហេតុការណ៍អគ្គិភ័យនេះ បានបង្ខំឱ្យប្រជាពលរដ្ឋដែលរស់នៅក្បែរនោះជាង ៣០ គ្រួសារត្រូវជម្លៀសខ្លួនចេញដើម្បីជៀសវាងពីឆេះរាលដាល ហើយ អាជ្ញាធរ តម្រូវឱ្យផ្ទះសម្បែងដទៃទៀត បិទទ្វា បិទបង្អួចផ្ទះ បិទម៉ាស៊ីន ត្រជាក់និងម៉ាស៊ីនកម្តៅដើម្បីជៀសវាងការឆ្លងចរន្តអគ្គិសនី។
ប្រជាជនជាច្រើនបានបង្ហាញពីភាពខកចិត្តនិងសោកស្តាយជាខ្លាំងជាពិសេសសម្រាប់គ្រួសារដែលបានតម្កល់អដ្ឋិធាតុសាច់ញាតិនៅទីនោះ ។
ប្រាសាទព្រះពុទ្ធសាសនា The Bright Moon ត្រូវបានសាងសង់ឡើង នៅឆ្នាំ ១៩៩១ ក្រោមមូលនិធិសហគមន៍ រហូតមកទល់ពេលនេះ សំណង់ នៅមិនទាន់សាងសង់រួចរាល់នៅឡើយ។ ម្យ៉ាងវិញទៀតសហគមន៏ក៏មានបំណងចង់សាងសង់ប៉មប្រាសាទនាថ្ងៃអានាគតផងដែរ។
ប្រាសាទពុទ្ធសាសនាមហាយាននេះ ស្វាគមន៍ភ្ញៀវទេសចរ ចូលទស្សនា និងផ្តល់ជូនអាហារបួសដល់ភ្ញៀវដោយឥតគិតថ្លៃរៀងរាល់ថ្ងៃអាទិត្យ។
ដោយ៖ ឡេង អារីតា