សម្ដេចក្រឡាហោម ស ខេង ថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលតែងយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រដល់ដំណើរការអភិវឌ្ឍរបស់កម្ពុជា
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលតែងយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រដល់ដំណើរការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសទៅលើវិស័យសេដ្ឋកិច្ច និងសង្គមចាប់ពីក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស រហូតមកដល់បច្ចុប្បន្ន ។

សម្ដេចក្រឡាហោម ស ខេង ថ្លែងបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi ) ឯកអគ្គរាជទូតជប៉ុនថ្មី ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃចន្ទ ១រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ។

សម្តេចក៏បានជម្រាបជូនថា សមិទ្ធផលជាតិ ក៏ដូចជាជោគជ័យសំខាន់ៗលើការអភិវឌ្ឍសង្គមដែលកម្ពុជាសម្រេចបានរហូតមកដល់ពេលនេះ ពិតជាមិនអាចកាត់ផ្តាច់ពីការចូលរួមចំណែកដ៏មានសារៈសំខាន់ ពីសំណាក់រដ្ឋាភិបាល និងប្រជាជនជប៉ុននោះឡើយ។ សម្ដេចបានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមក ជាពិសេសមកដល់ពេលនេះ ប្រទេសទាំងពីរបានលើកកម្ពស់កម្រិតទំនាក់ទំនង ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

សម្ដេចក្រឡាហោម បានចាត់ទុកទំនាក់ទំនងនេះ ថាជាផែនទីមួយដ៏មានសារៈសំខាន់ក្នុងការបន្តជំរុញដល់ការពង្រឹង និងពង្រីកកាន់តែខ្លាំងក្លាថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ចំពោះក្រសួងមហាផ្ទៃ សម្ដេចបានជម្រាបជូនឯកឧត្តមឯកអគ្គរាជទូតថា សម្ដេចផ្ទាល់ ជាមួយក្រុមឯកអគ្គរាជទូតជប៉ុនមុនៗ តែងតែមានកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងល្អប្រសើរ ជាពិសេសទៅលើវិស័យ ដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ ទាំងវិស័យរដ្ឋបាលស៊ីវិល និងវិស័យសន្តិសុខ។

ឯកឧត្ដម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi ) ឯកអគ្គរាជទូតជប៉ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រសាសន៍លើកឡើងរបស់សម្តេចក្រឡាហោម ដែលបានវាយតម្លៃចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ និងយូរលង់រវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន។ ឯកឧត្ដមក៏មានសេចក្ដីសោមនស្សរីករាយដោយទទួលព័ត៌មានពីសម្ដេច អំពីកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងមហាផ្ទៃ ជាមួយនឹងបណ្ដាអគ្គរាជទូតជប៉ុនមុនៗ ទៅលើវិស័យរដ្ឋបាល ស៊ីវិល និងសន្តិសុខ។

ឯកឧត្តមបានជម្រាបជូនសម្ដេចក្រឡាហោមថា ឯកឧត្តមផ្ទាល់ ពិតជាមានសេចក្ដីសោមនស្សដែលត្រូវបានតែងតាំងមកបំពេញបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទេសមួយមានអរិយធម៌ដ៏ល្អ និងក៏ជាប្រទេសដែលមានកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដ៏ល្អរវាងគ្នា។ ឯកឧត្តមបានបង្ហាញការចូលរួមជាមួយសម្ដេចក្រឡាហោម ក៏ដូចជាឯកភាពចំពោះការលើកឡើងរបស់សម្ដេចទៅលើការលើកកម្រិតនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ហើយថាផ្ទាល់ក៏មានសេចក្ដីរីករាយដែលបានចូលរួមចំណែកក្នុងដំណើរការកសាងសន្តិភាព និងក៏ដូចជាដំណើរការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។
ក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គរាជទូតក៏បានថ្លែងនូវការអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើជាប្រធានអាស៊ានឆ្នាំ២០២២កន្លងទៅ ប្រកបដោយជោគជ័យ ដោយចាត់ទុកថា ជោគជ័យនៃតួនាទីដ៏មានសារៈសំខាន់នេះ មួយផ្នែកក៏ដោយសារតែការចូលរួមដ៏មានសារៈសំខាន់របស់សម្ដេចក្រឡាហោម ក្នុងការថែរក្សាសន្តិសុខ និងសុវត្ថិភាពបានយ៉ាងល្អប្រសើរដែលជាកត្តារួមចំណែកធ្វើឱ្យកិច្ចប្រជុំទទួលបានជោគជ័យ។
ឯកឧត្តមក៏បានជូនពរដល់កម្ពុជា សូមបន្តទទួលជោគជ័យត្រចះត្រចង់ថែមទៀតនៅក្នុងការរៀបចំការប្រកួតនៅព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនាពេលឆាប់ឆាប់ខាងមុខនេះ។ ឯកឧត្តមឯកអគ្គរាជទូត ក៏បានជម្រាបជូនសម្ដេចក្រឡាហោមអំពីដំណើរការនៃគម្រោងមួយចំនួនដែលជប៉ុនបានជួយគាំទ្រដល់កម្ពុជា ក្នុងនោះមានជាអាទិ៍ការជួយគាំទ្រដល់គម្រោងអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ ការជួយគាំទ្រដល់ការងារពាក់ព័ន្ធទៅនឹងការបោះឆ្នោតដែលជួយគាំទ្រតាមរយៈអង្គការ ចៃកា ការជួយគាំទ្រដល់ការពង្រឹងភាពជាដៃគូ រវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលដែលគម្រោងនេះនឹងជួយគាំទ្រតាមរយៈអង្គការ UNDP និងគម្រោងពង្រឹងអភិបាលកិច្ចក៏ដូចជាតម្លាភាពនៃរដ្ឋបាលថ្នាក់ក្រោមជាតិ។
សម្ដេចក្រឡាហោម បានថ្លែងអំណរគុណចំពោះការជួយគាំទ្ររបស់ជប៉ុនទៅលើគម្រោងនានា ដូចដែលបានលើកឡើង ក្នុងនោះសម្តេចក្រឡាហោមបានកត់សម្គាល់ទៅលើការគាំទ្រសំខាន់ៗដែលមានជាអាទិ៍ ការជួយរៀបចំនូវបញ្ជីឈ្មោះបោះឆ្នោតថ្មី ដែលសម្ដេចចាត់ទុកថា នេះគឺជាកិច្ចការមួយដ៏មានសារៈសំខាន់ ហើយជាការជួយគាំទ្រមួយដ៏មានសារៈសំខាន់ដល់ដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជា ៕ ដោយ-រ៉ាវុធ