យុទ្ធនាការការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញដល់សិស្សានុសិស្ស ក្នុងរាជធានីភ្នំពេញរយៈពេល២៧ថ្ងៃ បានចាប់ផ្តើម

អត្ថបទដោយ៖
CPA

ភ្នំពេញ៖យុទ្ធនាការនៃការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញដល់ សិស្សានុ សិស្សក្នុងរាជធានីភ្នំពេញ បានចាប់ផ្តើមនៅថ្ងៃទី៦ ខែកុម្ភៈ ដោយក្រុម គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) រហូតចំនួន៣២ ក្រុមដែល បានបែងចែកចាក់វ៉ាក់សាំងជូនសិស្សានុសិស្សចំនួនជាង២០ម៉ឺននាក់។

នាថ្ងៃដំបូងនៃការចាប់ផ្តើមចាក់វ៉ាក់សាំងនេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈ កម្មការ ចំពោះ កិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានចុះពិនិត្យដំណើរការណ៍ចាក់វាក់សាំងកូវីដ១៩ ដូសជំរុញដូសទី៦ នៅតាមសាលារៀន ក្នុងរាជធានីភ្នំពេញ។
ដំណើរការពិនិត្យការចាក់វ៉ាក់សាំងកូវីដ-១៩ នេះដែរប្រព្រឹត្តនៅតាម ទីតាំងពីរកន្លែង ក្នុងនោះមាន វិទ្យាល័យ ជាស៊ីមសន្ធរមុខ និងវិទ្យាល័យ ឥន្រ្ទទេវី។
លោកជំទាវ ឱ វណ្ណឌីន បានរំលឹកពីសារៈសំខាន់នៃការចាក់វ៉ាក់សាំងកូវីដ ១៩ ដូសជំរុញនេះ ដោយបានថ្លែងនាពេលនោះថា ចាក់វ៉ាក់សាំងកូវីដ១៩គឺ ដើម្បីជួយការពារអាយុជីវិតរបស់បុគ្គលនោះពីមេរោគកូវីដ១៩ ហើយការបន្ត ឱ្យមាន ការចាក់នូវដូសជំរុញនេះដែរ ក៏ដោយសារតែកងការពារនៅក្នុងខ្លួន មិននៅ បានយូរ ដែលក្នុងរយៈពេលតែ៤ទៅ៦ខែ កងការពារនឹងធ្លាក់ ចុះខ្សោយ ហើយ។

លោកជំទាវមានប្រសាសន៍ថា ៖ «ដូចនេះហើយបានជាទាំងអង្គការ សុខភាព ពិភពលោកក៏មានអនុសាសន៍ណែនាំឱ្យមានការចាក់វ៉ាក់សាំងដូសជំរុញនេះផងដែរ ដែលកម្ពុជាយើងបានអនុវត្តការចាក់វ៉ាក់សាំងដូសជំរុញនេះ ទៅ តាមគោលការណ៍បច្ចេកទេសត្រឹមត្រូវ ដោយមានការសិក្សា និងវិភាគ យ៉ាងច្បាស់ លាស់មុននឹងដាក់ឱ្យប្រើប្រាស់»។

ទន្ទឹមនេះដែរ អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ ក៏បានណែនាំក៏ដូច ជាអំពាវនាវទៅដល់ឪពុកម្តាយ អាណាព្យាបាលរបស់សិស្សនាំកូន ឬអនុញ្ញាតឱ្យកូនចៅមកទទួលយកការចាក់វ៉ាក់សាំងកូវីដ១៩ឱ្យត្រូវទៅតាមវេនត្រូវចាក់ដោយត្រូវចងចាំនៅកាលបរិច្ឆេទដែលពួកគាត់ចាក់ចុងក្រោយគេ ដោយរាប់គម្លាតរយៈពេលពី៤ទៅ៥ឬ៦ខែ ត្រូវមកចាក់ដូសជំរុញបន្តទៀត។
លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា ៖ «មកដល់ពេលនេះ ដំណើរការ ចាក់វ៉ាក់សាំងកូវីដ១៩បានមកដល់ដូសទី៦ហើយ ហើយក្រោយពីដូស ទី៦ ទៅ ដោយមានការសម្រេចដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោនាយករដ្ឋមន្រ្តីរួច ហើយដែរគឺក្រោយពីដូសទី៦ហើយយើងឈានទៅដល់ការចាក់ជាប្រចាំដូចដែលយើងចាក់វ៉ាក់សាំងការពារផ្តាសាយធម្មតាដែរ»។

លោកជំទាវបានពន្យល់បន្ថែមថា ៖ «មានន័យថា ដល់វេលាពី៦ខែ ឡើង ទៅបន្ទាប់ចាក់ដូសទី៦ហើយ គឺបុគ្គលនោះអាចស្វែងរកការចាក់វ៉ាក់ សាំង នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈជាធម្មតា ឬជាប្រចាំដោយសារ យើងមិនមានធ្វើយុទ្ធនាការទៀតនោះទេ»។

ជាមួយគ្នានោះដែរ លោកជំទាវ ក៏បានអំពាវនាវដ៏ទទូចទៅដល់អ្នកដែល មានជំងឺប្រចាំកាយ អ្នកដែលមានវ័យចាស់ឬចំណាស់ គឺត្រូវតែមាន តម្រូវ ការមកទទួលយកការចាក់វ៉ាក់សាំងកូវីដ១៩ ដោយសារមនុស្សវ័យចាស់ៗ នៅតាមបណ្តាខេត្តមួយចំនួនមានការបារម្ភថាពួកគាត់មិនអាចទទួលយកវ៉ាក់សាំងនេះបានដោយសារមានជំងឺប្រចាំកាយ។

អ្នកដែលមានជំងឺប្រចាំកាយគឺរឹតតែមានតម្រូវការនៃការចាក់វ៉ាក់សាំងកូវីដ១៩ពីព្រោះវានឹងជួយដល់ពួកគាត់ នៅពេលដែលពួកគាត់មានជំងឺប្រចាំកាយ សរីរាង្គគាត់ ឬរាងកាយគាត់ខ្សោយជាងមនុស្សធម្មតា។

ការចាក់វ៉ាក់សាំងដូសជំរុញនេះ ត្រូវបានធ្វើឡើងយោងតាមអនុសាសន៍ ដ៏ ខ្ពស់ខ្ពស់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីបន្តរក្សានូវនិរន្តរភាព នៃដំណើរការប្រទេសជាតិប្រក្រតី និងការរស់នៅជាធម្មតាតាមប្រក្រតីភាព ថ្មីរួមទាំងសកម្មភាពសេដ្ឋកិច្ច និងសង្គមជាតិ។

សូមបញ្ជាក់ផងដែរថា តាមរយៈការចាក់វ៉ាក់ស៊ាំងដូសជំរុញទី៦លើកនេះ នឹងមានសិស្សានុសិស្សរហូត ចំនួន ២៣៩ ៨៦៣ នាក់ដែលនឹង ទទួល បានការចាក់ដូសជំរុញ ដែលនឹងចាប់ផ្តើមថ្ងៃទី០៦ ខែកុម្ភៈ ដល់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ។
លោក ស៊ឹម សុខចាន់ អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេច តេជោ បានលើកឡើងតាមរយៈតារាងផែនការចាក់វ៉ាក់សាំងនេះថា ក្រុម គ្រូពេទ្យត្រូវបែងចែកជា៣២ក្រុម ដែលក្នុង១ក្រុមមានគ្រូពេទ្យចំនួន៥នាក់ ស្មើនឹងគ្រូពេទ្យសរុបចំនួន ១៦០ នាក់។
លោកបានបន្តថា ក្រុមគ្រូពេទ្យមួយក្រុម នឹងត្រូវចាក់វ៉ាក់សាំងកូវីដ១៩ ដល់កុមារ និងយុវវ័យ គោលដៅប្រមាណជា ២៧៨ នាក់ ក្នុងរយៈពេលមួយ ថ្ងៃ។
លោក ស៊ឹម សុខចាន់ថា ៖ «យើងមានក្រុមគ្រូពេទ្យចំនួន៣២ ក្រុម អាច ចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់កុមារ និងយុវវ័យ គោលដៅប្រមានជា ៨ ៨៩៦ នាក់ ក្នុងរយៈពេល១ថ្ងៃ ដូចនេះដើម្បីសម្រេចផែនការនេះបាន យើង ត្រូវប្រើរយៈពេល២៧ថ្ងៃ ក្នុងការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញដល់ សិស្សា នុ សិស្សចំនួន ២៣៩ ៨៦៣ នាក់ តាមកាលបរិច្ឆេទបានកំណត់»។

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹម ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ លទ្ធផលចាក់វ៉ាក់សាំងកូវីដ១៩ធៀបនឹងចំនួន ប្រជាជនសរុប១៦ លាននាក់ មានចំនួន ៩៥,៤០ភាគរយ៕
ដោយ៖នាង សុគន្ធា

ads banner