កម្ពុជានាំចូលជីកសិកម្មក្នុងទំហំទឹកប្រាក់ជាង៤៨០លានដុល្លារក្នុងឆ្នាំ២០២២
ភ្នំពេញ៖របាយការណ៍ពីក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ការនាំចូលជី កសិកម្ម និងថ្នាំសម្លាប់សត្វល្អិតឬស្មៅ នៅក្នុងរយៈពេល១២ខែឆ្នាំ ២០២២ កន្លងទៅនេះ មានទំហំទឹកប្រាក់ជាង ៤៨០លានដុល្លារ ពោលកើនឡើង ប្រមាណ ៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។
ចំពោះកំណើននៃការនាំចូលជីកសិកម្មនេះដែរ ឯកឧត្តម យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា កំណើននៃការនាំជីកសិកម្មចូលស្រុកនេះដោយសារការផលិតជីកសិកម្មក្នុងស្រុក នៅមានតិចតួចនៅឡើយ ។ឯកឧត្តមបន្តថា ការនេះចូលជីកសិកម្មនេះ ដើម្បីបំពេញតម្រូវក្នុងស្រុកដែលបញ្ហានេះនឹងផ្តល់ប៉ះពាល់ដល់ថ្លៃដើមផលិតនិងដើមទុនរបស់កសិករ ។
ឯកឧត្តមបានបន្ថែមថា ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងកសិកម្មជំរុញ លើក ទឹក ចិត្តដល់វិស័យឯកជន ឱ្យមានការផលិតជីកសិកម្មនៅក្នុងស្រុក ដើម្បីផ្គត់ផ្គង់ដល់កសិករ និងបានណែនាំដល់កសិករឱ្យរៀនពីវិធីផលិតជី ធម្មជាតិដោយខ្លួនឯង ដើម្បីការបន្ថយការចំណាយ និងធ្វើឱ្យដំណាំ មាន សុវត្ថិភាពក្នុងការបរិភោគផងដែរ។
ឯកឧត្តមបានបញ្ជាក់ថា៖« ពេលជីកសិកម្មឡើងថ្លៃបែបនេះ អាចជាឱកាស មួយឱ្យកសិកររៀនសន្សំ តាមរយៈការចេះប្រើប្រាស់វត្ថុធាតុដើមដែលខ្លួន មាន រួមជាលាមកសត្វ ស្លឹកឈើ ដីល្បាប់ឬដីមមោកជាដើម ដើម្បីបង្កើត ជាជីធម្មជាតិទុកប្រើប្រាស់សម្រាប់ដំណាំរបស់ខ្លួន។កសិករនៅមានផ្នត់គំនិត ចង់បានលឿននិងងាយស្រួល ខណៈកង្វះអ្នកដឹកនាំអនុវត្ត ដូចជា ខាងមន្ត្រី កសិកម្មនិងអ្នកជំនាញពីអង្គការនានាជាដើម។ហេតុនេះហើយទើប ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលរៀបចំអ្នកជំនាញកសិកម្មចុះទៅតាមឃុំផ្ទាល់ ដើម្បីជួយដល់កសិករដោះស្រាយបញ្ហាទាំងអស់នេះ»។
បើតាមការឱ្យដឹងពីខាងក្រុមហ៊ុនឯកជន តម្រូវការប្រើប្រាស់ជី និងថ្នាំ កសិកម្ម របស់ប្រជាកសិករ នៅក្នុងឆ្នាំ២០២២ ហាក់មានការថយចុះ ខ្លាំងគួរឲ្យកត់សម្គាល់ ដោយសារតែកសិផលដែលទទួលបាន មិនសូវមាន ទីផ្សារល្អប្រសើរ ដែធ្វើឲ្យពួកគាត់ត្រូវកាត់បន្ថយ ការ ចំណាយច្រើន លើថ្លៃដើម ផលិត ពិសេសការប្រើប្រាស់ជី សម្រាប់បំប៉នដើម។
លោក ហួរ ធីនាង ប្រធានគ្រប់គ្រងទូទៅផ្នែកជីថ្នាំកសិកម្មនៃក្រុមហ៊ុន អង្គរហ្គ្រីន និងជាអ្នកជំនាញផ្នែកជីកសិកម្ម បានប្រាប់ឱ្យដឹងដែរថា តម្រូវការប្រើប្រាស់ជី និងថ្នាំកសិកម្ម របស់ប្រជាកសិករ នៅក្នុងឆ្នាំ២០២២ ហាក់មានការថយចុះខ្លាំងគួរឱ្យកត់សម្គាល់ ដោយសារតែកសិផលរបស់ កសិករ ដែលទទួលបាន មិនសូវមានទីផ្សារល្អប្រសើរ ធ្វើឱ្យពួកគាត់ត្រូវ កាត់បន្ថយការចំណាយច្រើនលើថ្លៃដើមផលិត ពិសេសការប្រើប្រាស់ជី នេះតែម្ដង។
លោកបានបញ្ជាក់ថា៖«ការនាំចូលជីកសិកម្មនៅតែមានកំណើន ដោយ សារការផលិតនៅក្នុងស្រុកនៅមានកម្រិតនៅឡើយ។ថ្មីៗនេះ ខាង ក្រសួង មានការលើកចិត្ត ឱ្យមានការផលិតជីនៅស្រុក វាជាសញ្ញាល្អ និងជាឱកាស ល្អសម្រាប់ប្រជាកសិករ ព្រោះថា បើយើងមានវត្ថុធាតុសម្រាប់ផលិតបាន គួបផ្សំនឹងការគាំទ្ររបស់ក្រសួងទៀត នោះការផលិតក្នុងពិតជាអាចជួយ កាត់បន្ថយថ្លៃដើមផលិតរបស់កសិករបាន»។
អ្នកជំនាញផ្នែកជីកសិកម្មរូបនេះ យល់ឃើញថា ដើម្បីឱ្យការដាំដុះរបស់ប្រជា កសិករមាននិរន្តភាពទាំងទីផ្សារ និងមានគុណភាព កសិករក៏ត្រូវបង្កើនការ យល់ ដឹងឱ្យបានច្បាស់ពីការប្រើប្រាស់ជីគីមី រួមផ្សំនឹងជីធម្មជាតិ ជៀស វាងការធ្វើឱ្យដីខូចគុណភាព និងគុណភាពដំណាំមិនប្រកួតប្រជែង លើទី ផ្សារបាន។
លោក គីង រតនា អគ្គនាយកក្រុមហ៊ុន វង្ស សារ៉ុម អេហ្គ្រត្រឌីង បាន និយាយថា តាំងពីមានវិបត្តិកូវីដ១៩មក តម្លៃជី-ថ្នាំកសិកម្មបាន កើនឡើងខ្ពស់ជាបន្ដបន្ទាប់ ហើយកើនឡើងកាន់តែខ្ពស់ទៅទៀត ក្រោយផ្ទុះសង្គ្រាមនៅអ៊ុយក្រែន ដែលបង្កផលប៉ះពាល់ដល់ ថ្លៃដើម ផលិតនៃវិស័យកសិកម្មនៅកម្ពុជា។
លោកបានបន្ថែមថា នៅក្នុងឆ្នាំ២០២២កន្លងទៅ ក្រុមហ៊ុនរបស់លោក បាននាំចូលជី និងថ្នាំកសិកម្ម កើនឡើង ទាំងបរិមាណ និង ដោយ សារ តែវិបត្តិសកលលោក ។លោកថា ក្រុមហ៊ុនរបស់កំពុងស្នើសុំ ដល់ ដៃ គូរបស់ លោកក្រៅប្រទេសរួមមាន តួកគី អ៊ីស្រាអែល ឥណ្ឌា ជាដើម ក្នុងការផ្តល់ បច្ចេកទេសក្នុងការផលិតជីកសិកម្ម ។លោកបានបញ្ជាក់ដូច្នេះ ថា៖ «យើងបានស្នើសុំភាគីក្រៅប្រទេសបានហើយ ទាក់ទងនឹងបច្ចេកទេស នៅឡើយតែការរៀបចំច្រវាក់ផលិតកម្មដោយសារម៉ាស៊ីនសម្រាប់ផលិតជីនេះ មានតម្លៃថ្លៃពេក ដូចនេះយើងកំពុងពិចារណា។យើងក៏បានស្នើជួបរដ្ឋមន្រ្តីកសិកម្មដែរ ដើម្បីស្នើសុំការគាំទ្របន្ថែម លើគម្រោងរបស់យើងនេះ ដើម្បីជួយកាត់បន្ថយការនាំចូលជីពីក្រៅ ប្រទេសបាន»។
បើតាមអ្នកជំនាញក្នុងវិស័យកសិកម្ម នៃក្រុមហ៊ុនទាំងពីរនេះ នៅក្នុងឆ្នាំ ២០២៣នេះ សន្ទុះនៃតម្រូវការជី-ថ្នាំកសិកម្ម នឹងមានចំនួនច្រើនជាងឆ្នាំមុន ដោយសារតែតម្លៃកសិផលរបស់ប្រជាកសិករឆ្នាំនេះមានភាពប្រសើរជាងមុន។ ក្រសួងកសិកម្ម បានឱ្យដឹងដែរថា ក្នុងអំឡុងកូវីដ-១៩ ការនាំចូល ជី និងថ្នាំកសិកម្ម មានតម្លៃថ្លៃ ដោយការកើនឡើងតម្លៃនេះ ដោយសារ ប្រទេសផលិតមិនមានលទ្ធភាពផ្គត់ផ្គង់គ្រប់គ្រាន់, កង្វះវត្ថុធាតុដើមផលិត, ការកាត់បន្ថយកម្លាំងពលកម្មផលិត, ការចំណាយពេលច្រើនក្នុងការ ដឹក ជញ្ជូន និង កម្ពុជាមិនទាន់មានលទ្ធភាពផលិតជាដើម៕
ដោយ៖វណ្ណ សុជាតា